ភ្នំពេញៈ ក្រសួង​ទេសចរណ៍​កម្ពុជា និង​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា​បាន​ចុះ​អនុស្សរណៈ​យោគយល់​គ្នា (MoU) ចំនួន​ ២ ​ក្នុង​ការលើកកម្ពស់​លើ​វិស័យ​ទេសចរណ៍ និង​កិច្ចសហប្រតិបត្តិការ​ឌីជីថល​ក្នុង​វិស័យនេះ​រវាង​ប្រទេស​ទាំង ​២​។

អនុស្សរណៈ​សម្រាប់​គម្រោង​ផលប៉ះពាល់​រហ័ស (QIP) ស្តីពី «​ការអភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ​ដើម្បី​លើកកម្ពស់​សហគមន៍​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​» និង «​ការលើកកម្ពស់​សកម្មភាព​អេកូទេសចរណ៍​នៅក្នុង​សហគមន៍​អេកូទេសចរណ៍​ផាត់​សណ្តាយ ខេត្ត​កំពង់ធំ ត្រូវបាន​ចុះហត្ថលេខា​នៅ​ថ្ងៃទី​ ១ ខែមេសា រវាង​លោកស្រី ​Devyani Khobragade ឯកអគ្គរដ្ឋទូត​ប្រទេស​ឥណ្ឌា​ប្រចាំ​នៅ​កម្ពុជា និង​លោក ថោង រដ្ឋ​សកិ្ដអគ្គនាយក​នៃ​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ និង​អភិវឌ្ឍន៍​ទេសចរណ៍​ក្រសួងទេសចរណ៍​។

យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​បាន​ពី​ស្ថានទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា គម្រោង​ស្តីពី​អេកូទេសចរណ៍​ផាត់​សណ្ដាយ នឹង​ពង្រឹង​ការរស់រាន​របស់​សហគមន៍​អេកូទេសចរណ៍​ផាត់​សណ្ដាយ​។ ការណ៍​នេះ​ក៏​នឹង​លើកទឹកចិត្ត​សហគមន៍​មូលដ្ឋាន​កុំឱ្យ​ជាប់​ពាក់ព័ន្ធ​នឹង​សកម្មភាព​ខុសច្បាប់ ដូចជា​ការនេសាទ​នៅ​តំបន់​ហាមឃាត់ និង​ការកាប់បំផ្លាញ​ព្រៃឈើ​។ គម្រោង​នេះ​ក៏​នឹង​បង្កើន​ការចូលរួម​របស់​ស្ត្រី​ក្នុង​កម្លាំង​ការងារ​ផងដែរ ហើយ​គម្រោង​ស្ដីពី​អភិវឌ្ឍន៍​កម្មវិធី​ទូរស័ព្ទ​មាន​គោលបំណង​អភិវឌ្ឍ​កម្មវិធី​ទូរស័ព្ទ​ចល័ត​ជា​កម្លាំង​ជំរុញ​មួយ ដែល​នឹង​ក្លាយជា​វេទិកា​រួមមួយ​ក្នុង​ការលើកកម្ពស់​ទេសចរណ៍ និង​សហគមន៍​អេកូទេសចរណ៍​ទូទាំង​ប្រទេស​។

លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​បានឱ្យ​ដឹងថា គម្រោង​នេះ គឺជា​ជំហាន​វិជ្ជមាន​មួយ​ឆ្ពោះទៅរក​ការជួយ​សម្រួល​ការមកដល់​នៃ​ភ្ញៀវទេសចរ​នៅ​កម្ពុជា​។ លោក​បាន​ជំរុញឱ្យមាន​ភ្ញៀវទេសចរ​ឥណ្ឌា​មក​កម្ពុជា​កាន់តែ​ច្រើន​។

លោក​ត្រូវបាន​ដកស្រង់​សម្ដី​ដោយ​លើកឡើង​ថា​៖ «​សម្រាប់​ការចាប់ផ្តើម​ប្រតិបត្តិការ​ជើង​ហោះហើរ​លក្ខណៈ​ជួល​ (Charter Flight) រវាង​ប្រទេស​ទាំង​ ២ ក្រសួង​ទេសចរណ៍​នឹង​គាំទ្រ​ជា​ចាំបាច់​»​។

លោក​រដ្ឋមន្ត្រី​ក៏បាន​ស្វែងរក​ជំនួយ​ពី​រដ្ឋាភិបាល​ឥណ្ឌា ក្នុង​ការរៀបចំ​ឱ្យមាន​ដំណើរការ​នៃ​អរិយធម៌​ឡើងវិញ ដោយ​បញ្ជាក់ថា គម្រោង​ទាំងនេះ​នឹង​នាំឱ្យមាន​ការកើនឡើង​ចំនួន​ភ្ញៀវទេសចរ ហើយ​វា​នឹង​ផ្តល់​អត្ថប្រយោជន៍​យ៉ាងច្រើន​ដល់​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​។

លោកស្រី Devyani Khobragade ឯកអគ្គរដ្ឋទូត​ឥណ្ឌា​បាន​បញ្ជាក់ថា គម្រោង​ទាំងនេះ​គឺជា​ផ្នែក​មួយ​នៃ​គំនិត​ផ្តួចផ្តើម​អភិវឌ្ឍន៍​របស់​រដ្ឋាភិបាល​ឥណ្ឌា និង​ផ្តល់​សិទ្ធិ​អំណាច​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​កម្ពុជា​។ គម្រោង​ទាំងនេះ​នឹងត្រូវ​បញ្ចប់​ក្នុង​រយៈពេល​ ១ ​ឆ្នាំ​។

លោកស្រី​ថ្លែងថា​៖ «​គម្រោង​ទាំងនេះ​នឹង​នាំទៅដល់​ការពង្រឹង​ទំនាក់ទំនង​ទ្វេភាគី​ជារួម និង​សុឆន្ទៈ​រវាង​ប្រជាជន​ឥណ្ឌា និង​កម្ពុជា​។ ប្រទេស​ទាំង​ ២ ចាំបាច់​ត្រូវតែ​ធ្វើការ​ឆ្ពោះទៅរក​ការសម្រេចបាន​នូវ​ការតភ្ជាប់​ជើងហោះហើរ​ត្រង់​ឱ្យបាន​»​។

លោកស្រី​បាន​បញ្ជាក់ថា ភាគី​ទាំងសងខាង​គួរតែ​ខិតខំ ដើម្បី​ចាប់ផ្តើម​ជើងហោះហើរ​លក្ខណៈ​ជួល ដែល​អាច​គ្របដណ្តប់​តំបន់​ទេសចរណ៍​ព្រះពុទ្ធសាសនា​នៅ​ឥណ្ឌា និង​ខេត្តសៀមរាប​នៅ​កម្ពុជា​។ ទាក់ទិន​នឹង​ដំណើរ​នៃ​អរិយធម៌​នេះ លោកស្រី​បានស្នើ​ដល់​លោក​រដ្ឋមន្ត្រី​ជួយ​ចែករំលែក​បន្ថែមទៀត​មុននឹង​ទទួលយក​សំណើ​នេះ​។

គំនិត​ផ្តួចផ្តើម​នេះ​គឺជា​ផ្នែក​មួយ​នៃ​គម្រោង​ផលប៉ះពាល់​រហ័ស ​(QIP) របស់​រដ្ឋាភិបាល​ឥណ្ឌា ស្ថិតក្រោម​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​មេគង្គ​ Ganga​។

ស្ថិតក្រោម​គម្រោង QIP រដ្ឋាភិបាល​ឥណ្ឌា​អនុវត្ត​គម្រោង​ចំនួន​ ១០ ​ជា​រៀងរាល់ឆ្នាំ​ក្នុងប្រទេស​កម្ពុជា ដោយ​ផ្តល់​មូលនិធិ​រហូតដល់ ៥០ ០០០ ​ដុល្លារ​អាមេរិក​ក្នុង​ ១ ​គម្រោង​។

យោងតាម​ក្រសួង​ទេសចរណ៍ ចាប់តាំងពី​ឆ្នាំ​ ២០១៥ ដល់​ឆ្នាំ​ ២០១៦ រដ្ឋាភិបាល​ប្រទេស​ឥណ្ឌា​បានអនុម័ត​គម្រោង​ចំនួន ៤៦ ​លើ​វិស័យ​ព័ត៌មានវិទ្យា ក្នុង​វិស័យ​កសិកម្ម សុខាភិបាល អនាម័យ ការផ្តល់​សិទ្ធិអំណាច​ដល់​ស្ត្រី សុខុមាលភាព​កុមារ ការអភិវឌ្ឍ​ជនបទ ហេដ្ឋារចនាសម្ព័ន្ធ​សង្គម (​រួមទាំង​ការកសាង​សមត្ថភាព​) បរិស្ថាន​។​ល​។ ក្នុងចំណោម​គម្រោង​ចំនួន​ ៤៦​ នោះ គម្រោង​ចំនួន​ ២១​ ត្រូវបាន​អនុវត្ត​បញ្ចប់​រួចរាល់​ហើយ ដោយឡែក​ ២៥​ គម្រោង​ដែល​នៅ​សេសសល់ គឺ​ស្ថិតក្នុង​ដំណាក់កាល​ផ្សេងៗ​នៃ​ការអនុវត្ត​បន្ត​៕LA