ទីក្រុងរីហ្គា ប្រទេស​ឡេតូនីៈ ប្រធាន​ប្រតិបត្តិករ​សន្និធិ​ឧស្ម័ន​ធម្មជាតិ​របស់​ប្រទេស​ឡេតូនី ដែល​ស្ថិតក្នុង​តំបន់​បាល់ទិក​បានឱ្យដឹង​កាលពី​ថ្ងៃ​សៅរ៍​ថា បណ្ដា​រដ្ឋបាល់​ទិក​លែង​នាំចូល​ឧស្ម័ន​ធម្មជាតិ​ពី​ប្រទេស​រុស្ស៊ី​ដែល​លើកទ័ព​លុកលុយ​ចូល​ប្រទេស​អ៊ុយក្រែន​ទៀតហើយ​។

លោក UldisBariss អគ្គនាយក​ក្រុមហ៊ុន Conexus Baltic Grid បាន​ថ្លែងថា​៖ «​ប្រសិនបើ​នៅតែមាន​ការសង្ស័យ​អំពី​ថា​តើ​អាចមាន​ការជឿទុកចិត្ត​ណាមួយ​លើ​ការដឹកជញ្ជូន​ពី​ប្រទេស​រុស្ស៊ី​ឬ​យ៉ាងណា​នោះ ព្រឹត្តិការណ៍​បច្ចុប្បន្ន​បង្ហាញ​ពួកយើង​យ៉ាងច្បាស់​ថា​មិនមាន​ការជឿទុកចិត្ត​ទៀត​ទេ​»​។

លោក​បាន​ប្រាប់​វិទ្យុ​ប្រទេស​ឡេតូនី​ថា​៖ «​ចាប់តាំងពី​ថ្ងៃទី​ ១​ ខែមេសា ឧស្ម័ន​ធម្មជាតិ​របស់​ប្រទេស​រុស្ស៊ី​លែង​ហូរ​ទៅ​ប្រទេស​ឡេតូនី អេស្តូនី និង​លីទុយអានី ទៀតហើយ​»​។

លោក​បាន​បន្ថែមថា ទីផ្សារ​ឧស្ម័ន​តំបន់​បាល់ទិក​បច្ចុប្បន្នកំពុង​ត្រូវបាន​បម្រើ​ដោយ​ឧស្ម័ន​បម្រុង​ទុក​នៅក្រោម​ដី​ក្នុងប្រទេស​ឡេតូនី​។

វិធានការ​នេះ​ធ្វើឡើង​នៅពេលដែល​ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ាឌីមៀរ ពូទីន បាន​ព្យាយាម​ប្រើប្រាស់​ឋានៈ​របស់​ប្រទេស​រុស្ស៊ី​ជា​មហាអំណាច​ថាមពល​។

ជាមួយ​នឹង​សេដ្ឋកិច្ច​របស់លោក​បាន​ជាប់គាំង​ដោយសារ​ទណ្ឌកម្ម​អន្តរជាតិ​ដែល​មិន​ធ្លាប់មាន លោក ពូទីន បាន​ព្រមាន​បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​ថា ពួកគេ​ចាំបាច់​ត្រូវបង្កើត​គណនី​ប្រាក់​រូប្លិ៍ ដើម្បី​ទូទាត់​ថ្លៃ​ឧស្ម័ន​ដែល​នាំចូល​ពី​ប្រទេស​រុស្ស៊ី​។

លោក ពូទីន បានឱ្យដឹង​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា កិច្ចសន្យា​ដែលមាន​ស្រាប់​នឹងត្រូវ​បញ្ឈប់​ប្រសិនបើ​ការទូទាត់​មិនត្រូវ​បានធ្វើ​ឡើងជា​ប្រាក់​រូប្លិ៍​នោះ​។

ខណៈពេល​ដែល​អាមេរិក​បាន​ហាមឃាត់​ការនាំ​ចូល​ប្រេង និង​ឧស្ម័ន​ពី​ប្រទេស​រុស្ស៊ី សហភាព​អឺរ៉ុប​ដែល​បានទទួល​ប្រហែល ៤០ ​ភាគរយ​នៃ​ការផ្គត់ផ្គង់​ឧស្ម័ន​របស់ខ្លួន​ពី​ប្រទេស​រុស្ស៊ី​កាលពី​ឆ្នាំ​ ២០២១ បាន​រក្សាទុក​ការដឹកជញ្ជូន​ពី​ទីក្រុង​ម៉ូស្គូ​។

លោក Gitanas Nauseda ប្រធានាធិបតី​លីទុយអានី បាន​អំពាវនាវ​ឱ្យ​បណ្ដា​ប្រទេស​ផ្សេងទៀត នៅ​សហភាព​អឺរ៉ុប​ធ្វើតាម​គំរូ​បណ្ដា​ប្រទេស​បាល់ទិក​។

លោក​បាន​ថ្លែង​នៅលើ Twitter ថា​៖ «​ចាប់ពី​ខែ​នេះ​តទៅ មិនមាន​ឧស្ម័ន​ប្រទេស​រុស្ស៊ី​ទៀត​ទេ​នៅក្នុង​ប្រទេស​លីទុយអានី​»​។

លោក​បាន​បន្ថែមថា​៖ «​ឆ្នាំមុន ប្រទេស​របស់ខ្ញុំ​បានធ្វើការ​សម្រេចចិត្តថា ថ្ងៃនេះ​អនុញ្ញាតឱ្យ​យើង​មិន​រង​ផលប៉ះពាល់​ដោយសារ​ការផ្ដាច់​ទំនាក់ទំនង​ថាមពល​ជាមួយ​ប្រទេស​ឈ្លានពាន​»​។

លោក​បញ្ជាក់ថា​៖ «​បើ​យើង​អាចធ្វើ​បាន បណ្ដា​ប្រទេស​ផ្សេងទៀត​នៅ អឺរ៉ុប​ក៏​អាចធ្វើ​បាន​ផងដែរ​»៕ LA