ទីក្រុង ហ្វ្រេងហ្វឺតៈ ទីភ្នាក់ងារ​ស្ថិតិ​ផ្លូវការ​បានឱ្យដឹង​កាលពី​ថ្ងៃ​ចន្ទ​ថា ការនាំចេញ​របស់​ប្រទេស​អាល្លឺម៉ង់​បាន​កើនឡើង​ខ្ពស់​កាលពី​ខែកុម្ភៈ ដោយ​ព្រមាន​ថា ជម្លោះ​ប្រទេស​អ៊ុយក្រែន និង​ការដាក់ទណ្ឌកម្ម​ប្រឆាំងនឹង​ប្រទេស​រុស្ស៊ី​ទំនងជា​នឹងធ្វើ​ឱ្យមាន​បញ្ហា​ក្នុង​រយៈពេល​ជាច្រើន​ខែ​ខាងមុខ​។

ទីភ្នាក់ងារ​ស្ថិតិ Destatis បានឱ្យដឹងថា ការនាំចេញ​បាន​កើនឡើង​ខ្ពស់ជាង​ការរំពឹងទុក​ចំនួន ៦,៤ ​ភាគរយ​កាលពី​ខែ​មុន ដែល​កើនឡើង​ដល់​តម្លៃ ១២៤,៧ ​ពាន់​លាន​អឺរ៉ូ (១៣៧,៥ ​ពាន់​លាន​ដុល្លារ​) ដែល​បាន​ជំរុញ​ដោយ​តម្រូវការ​ខ្លាំង​ពី​បណ្តា​ប្រទេស​សហភាព​អឺរ៉ុប​។

ក្រុមអ្នកវិភាគ​ដែល​ត្រូវបាន​ស្ទង់​មតិ​ដោយ​ក្រុមហ៊ុន​ FactSet​ បាន​ព្យាករ​កំណើន​ ២ ​ភាគរយ​។

ការនាំ​ចូល​បាន​កើនឡើង ៤,៥ ​ភាគរយ ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ខែ​មុន ដែលមាន​ទឹកប្រាក់​សរុប​ចំនួន ​១១៣,១ ​ពាន់​លាន​អឺរ៉ូ​។

ប៉ុន្តែ​ពាណិជ្ជកម្ម​ជាមួយ​ប្រទេស​រុស្ស៊ី​បាន​ធ្លាក់ចុះ​គួរឱ្យ​កត់សម្គាល់ ដោយ​ការនាំចេញ​បាន​ធ្លាក់ចុះ ៦,៣ ភាគរយ និង​ការ​នាំចូល ៧,៣ ភាគរយ ដែល​បង្ហាញ​ពី​ផលប៉ះពាល់​លើកដំបូង ដោយសារ​តែ​ទណ្ឌកម្ម​របស់​ប្រទេស​លោកខាងលិច​ដែល​បានដាក់​លើ​ប្រទេស​រុស្ស៊ី​ បន្ទាប់ពី​ការឈ្លានពាន​អ៊ុយក្រែន​កាលពី​ថ្ងៃទី​ ២៤ ខែកុម្ភៈ​។

ទីភ្នាក់ងារ​ស្ថិតិ Destatis បានឱ្យដឹងថា​៖ «​គេ​រំពឹងថា​គិត​ត្រឹម​ខែមីនា តួលេខ​ពាណិជ្ជកម្ម​បរទេស​នឹង​បង្ហាញ​លម្អិត​អំពី​ទំហំ​នៃ​ការដាក់ទណ្ឌកម្ម វិធានការ​បន្ថែម​ក្នុងការ​រឹតបន្តឹង​ការនាំចេញ និង​ឥរិយាបថ​ដែល​មិន​ដាក់ទណ្ឌកម្ម​របស់​អ្នកចូលរួម​ទីផ្សារ​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​ពាណិជ្ជកម្ម​របស់​ប្រទេស​អាល្លឺម៉ង់​ជាមួយ​សហព័ន្ធរុស្ស៊ី​បន្ថែមទៀត​»​។

សេដ្ឋកិច្ច​អាល្លឺម៉ង់​កំពុង​ប្រឈមមុខ​នឹង​ការធ្លាក់ចុះ ដោយសារ​សង្គ្រាម​ប្រទេស​អ៊ុយក្រែន ដែល​បាន​បន្ថែម​ភាព​តានតឹង​មួយកម្រិត​ទៀត​ដល់​ខ្សែចង្វាក់​ផ្គត់ផ្គង់​ពិភពលោក និង​បាន​បង្ក​ឱ្យ​តម្លៃ​ថាមពល​កើនឡើង​ខ្ពស់​។

ក្រុមហ៊ុន​ផលិត​រថយន្ត​ឈានមុខ​គេ​របស់​ប្រទេស​អាល្លឺម៉ង់​ដូចជា ក្រុមហ៊ុន​ Volkswagen ក្រុមហ៊ុន BMW និង​ក្រុមហ៊ុន Mercedes-Benz ត្រូវបាន​បង្ខំចិត្ត​កាត់​បន្ថយ​ការផលិត​នៅតាម​រោងចក្រ​មួយចំនួន​រួចហើយ ដើម្បី​រង់ចាំ​គ្រឿងបន្លាស់​រថយន្ត​សំខាន់ៗ​ពី​រោងចក្រ​ប្រទេស​អ៊ុយក្រែន​។

ក្រុមហ៊ុន​អាល្លឺម៉ង់​ធំៗ​បាន​ផ្អាក​អាជីវកម្ម​នៅ​រុស្ស៊ី ឬ​បញ្ឈប់​ការនាំ​ចេញ​ទៅកាន់​ប្រទេស​នេះ​ផងដែរ​៕ LA