ព្រះសីហនុៈ ការរៀបចំ​ផែនការមេ​ដើម្បី​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​នឹង​ឈាន​ចូលដល់​ដំណាក់កាល​ទី​ ២ ក្នុងពេល​ឆាប់ៗ ក្រោយពេល​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ពិនិត្យ និង​បញ្ចប់សេចក្តី​ព្រាង​របាយការណ៍​លទ្ធផល​ក្នុងដំណាក់កាល​ទី​ ១​។

កិច្ចប្រជុំ​ដើម្បី​ពិនិត្យ ពិភាក្សា និង​សម្រេច​ទៅលើ​ខ្លឹមសារ​ «​សេចក្តីព្រាង​របាយការណ៍​លទ្ធផល​សម្រាប់​ដំណាក់កាល​ទី​ ១ នៃ​ការរៀបចំ​ផែនការមេ​ដើម្បី​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង​» ត្រូវបាន​រៀបចំឡើង​កាលពី​ចុងខែ​មីនា​កន្លងមក ដែល​ដឹកនាំ​ដោយ​លោក​ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​សម្របសម្រួល​អន្តរក្រសួង​រៀបចំ​ផែនការមេ​ដើម្បី​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូពហុ​បំណង​ (​គ.ស.៨) តាមរយៈ​ប្រព័ន្ធ​អនឡាញ​។

UPDIS គឺជា​វិទ្យាស្ថាន​ដែល​បានរៀបចំ​សេចក្តីព្រាង​របាយការណ៍​លទ្ធផល​សម្រាប់​ដំណាក់កាល​ទី ​១ នេះ ដោយ​ផ្តោតលើ​ផ្នែក​សំខាន់ៗ​ចំនួន ២ រួមមាន ១.​ការវិភាគ​តំបន់ និង​ស្ថានភាព និង​ ២.​ ទស្សនាទាន​បឋម​ដែល​បង្ហាញ​ពី​រូបភាព​អនាគត​នៃ​ការរៀបចំ​ផែនការមេ​។ ជារួម​សេចក្តីព្រាង​របាយការណ៍​នេះ​គឺជា​ទស្សនាទាន​បឋម​នៃ​ផែនការមេ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ក្នុង​កម្រិត​ម៉ាក ដែលមាន​ចរិត​ជា​យុទ្ធសាស្ត្រ និង​គោលនយោបាយ​។

អភិបាលរង​ខេត្ត​ព្រះសីហនុ លោក ឡុង ឌីម៉ង់ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៤ ខែមេសា​ថា ការប្រជុំ​កាលពី​ពេល​ថ្មីៗ គឺជា​ការ​ស្តាប់​របាយការណ៍ និង​ជាការ​វាយតម្លៃ​បឋម​នៃ​ផែនការមេ ដើម្បី​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ឱ្យទៅជា​តំបន់​សេដ្ឋកិច្ច​គំរូ​ពហុបំណង ដែល​ធ្វើឡើង​ដោយ​វិទ្យាស្ថាន UPDIS និង​ក្រុមការងារ​នៃ​ក្រសួង​សេដ្ឋកិច្ច​។

លោក​បន្ថែមថា ការវាយតម្លៃ​បឋម​នេះ គឺជា​ការវាយតម្លៃ​ជាក់ស្តែង ដើម្បីឱ្យ​ក្រុមការងារ​ទាំងអស់​បាន​ស្វែងយល់ និង​វិភាគ​ពី​លក្ខខណ្ឌ និង​ស្ថានភាព​ជាក់ស្តែង​របស់​ខេត្ត​ព្រះសីហនុ ដូចជា ការវាយតម្លៃ​មូលដ្ឋាន​ឧស្សាហកម្ម ការវាយតម្លៃ​ធនធាន​ធម្មជាតិ ហេដ្ឋារចនាសម្ព័ន្ធ បរិស្ថាន ការ​គ្រប់គ្រង​កម្លាំង​ពលកម្ម និង​បរិយាកាស​អាជីវកម្ម ជាដើម​។

លោក​បញ្ជាក់ថា​៖ «​យើង​សង្ឃឹមថា ផែនការ​មេនេះ គឺជា​ផែនការ​បែប​យុទ្ធសាស្ត្រ ដែលមាន​ចក្ខុវិស័យ​វែងឆ្ងាយ របស់​រដ្ឋាភិបាល ហើយ​មាន​លក្ខណៈ​ច្បាស់លាស់ និង​អាចអនុវត្ត​បាន​ដែលមាន​លក្ខណៈ​សង្គតិភាព​ជាមួយ​នឹង​យុទ្ធសាស្ត្រ​ថ្នាក់ជាតិ និង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​គន្លឹះ​ផ្សេងៗ​ទៀត​សំដៅ​ប្រែក្លាយ​ខេត្ត​ព្រះសីហនុ​ឱ្យទៅជា​ទីក្រុង​ដ៏​ល្បី​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​ផង​, ជា​តំបន់​ប្រើ​បច្ចេកវិទ្យា​វ័យឆ្លាត ដែលមាន​តិចណូឡូជី​បំពាក់​ទៅលើ​សេវា​សាធារណៈ និង​បរិក្ខារ​សម្រាប់​រស់នៅ​លំដាប់​ពិភពលោក​, ជា​តំបន់​ប្រកប​ដោយ​បរិស្ថាន​បៃតង និង​ជា​តំបន់ឧស្សាហកម្ម​មានតម្លៃ​បន្ថែម​ខ្ពស់ និង​ជា​ប៉ូល​សេដ្ឋកិច្ច​សំខាន់​មួយ​ក្នុងការ​ផ្តល់​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​»​។

លោក លឹម ហេង អនុប្រធាន​សភា​ពាណិជ្ជកម្ម​កម្ពុជា​បាន​និយាយថា ផែនការមេ​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុបំណង គឺជា​ការកំណត់​គោលដៅ​ដ៏ល្អ​មួយ​របស់​រាជរដ្ឋាភិបាល ដែល​នឹង​ផ្តល់ឱកាស​ឱ្យ​វិស័យ​ឯកជន​ចូលរួម​ក្នុងការ​វិនិយោគ និង​អភិវឌ្ឍន៍​។

លោក​អះអាងថា​៖ «​ខ្ញុំ​ជឿថា​ការ​សិក្សា​នេះ​ប្រាកដជា​មានការ​បែងចែក​តំបន់ឧស្សាហកម្ម និង​តំបន់​ទេសចរណ៍​បាន​ហ្មត់ចត់ តាមរយៈ​ការសិក្សា​យ៉ាង​លម្អិត​ពី​អ្នកជំនាញ ដើម្បី​ឱ្យមាន​និរន្តរភាព​លើ​វិស័យ​ទាំង​ ២​ នេះ ដែល​នឹង​បន្ត​ទាក់ទាញ​អ្នកវិនិយោគ​ខាងក្នុង​ និង​ក្រៅប្រទេស​ទៅ​តំបន់​ប៉ូល​សេដ្ឋកិច្ច​មួយ​នេះ បន្ទាប់ពី​ផែនការ​មេនេះ​បញ្ចប់ និង​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​»​។

គណៈកម្មាធិការ​សម្របសម្រួល​អន្តរក្រសួង​រៀបចំ​ផែនការមេ ដើម្បី​អភិវឌ្ឍន៍​ខេត្ត​ព្រះសីហនុ​ទៅជា​តំបន់​សេដ្ឋកិច្ច​ពិសេស​គំរូ​ពហុ​បំណង ក៏បាន​គិតគូរ​យ៉ាង​ល្អិតល្អន់​ដោយ​រៀបចំ​ឱ្យមាន​ហេដ្ឋារចនាសម្ព័ន្ធ​ទំនើប ប្រកប​ដោយ​នវានុវត្តន៍​ខ្ពស់ ដែល​អាច​ចាត់ទុកជា​ប្រភេទ​ទីក្រុង​វៃឆ្លាត ទាំង​ការរៀបចំ​សំណង់​អគារ​, តំបន់​លំនៅឋាន​, ការកំណត់​តំបន់ឧស្សាហកម្ម​, តំបន់​ការពារ​បរិស្ថាន ព្រមទាំង​ប្រកបដោយ​ការច្នៃប្រឌិត សោភណភាព និង​ផាសុកភាព​ដែល​គួរឱ្យ​ចង់​រស់នៅ​៕ LA