The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - កម្ពុជា​មាន​ផែនការ​ធ្វើ​ទំនើបកម្ម​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នៅលើ​គន្លង​ផ្លូវ​ដែលមាន​ស្រាប់

កម្ពុជា​មាន​ផែនការ​ធ្វើ​ទំនើបកម្ម​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នៅលើ​គន្លង​ផ្លូវ​ដែលមាន​ស្រាប់

Content image - Phnom Penh Post
ទិដ្ឋភាពស្ថានីយរថភ្លើង កាលពីឆ្នាំមុន។ ហេង ជីវ័ន

កម្ពុជា​មាន​ផែនការ​ធ្វើ​ទំនើបកម្ម​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នៅលើ​គន្លង​ផ្លូវ​ដែលមាន​ស្រាប់

ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឱ្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ពិចារណា​ស្វែងរក​ក្រុមហ៊ុន​ដៃគូ​អភិឌ្ឍន៍​ធ្វើ​ទំនើបកម្ម​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នៅលើ​ផ្លូវ​រថភ្លើង​ចាស់​ដើម្បី​បង្កើនល្បឿន​ការដឹកជញ្ជូន ខណៈ​បច្ចុប្បន្ន​ការដឹកជញ្ជូន​តាមផ្លូវ​ដែក​នេះ​មាន​ភាពយឺតយ៉ាវ​មិនអាច​ឆ្លើយតប​នឹង​ការវិវឌ្ឍ​សេដ្ឋកិច្ចសង្គម​កម្ពុជា​បាន​នោះទេ​។

ក្នុង​ពិធី​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ផ្លូវ​ចំនួន ៣៨​ ​ខ្សែ ព្រមទាំង​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​មួយចំនួនទៀត​ក្នុង​ក្រុង​សៀមរាប កាលពី​ថ្ងៃទី ​៤ ខែមេសា ឆ្នាំ​ ២០២២ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​លើកឡើងថា រាជរដ្ឋាភិបាល​បាននិង​កំពុង​ពិចារណា និង​គិតគូរ​ទៅលើ​ការអភិវឌ្ឍ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក​ដែលមាន​ស្រាប់ និង​ហួស​សម័យ ដោយ​ជំនួស​មកវិញ​នូវ​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​។

លោក​បន្ថែមថា ការធ្វើដំណើរ​តាម​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក​ទាំង​​ ២​ ទិស គឺ​ពី​ភ្នំពេញ-​ប៉ោយប៉ែត និង​ភ្នំពេញ-​ព្រះសីហនុ នាពេលនេះ​បាន​ត្រឹម ២០-៣០ ​គីឡូម៉ែត្រ​ក្នុង ១ ​ម៉ោង​ដែល​មិនអាច​ឆ្លើយតប​នឹង​សភាពការណ៍​ការដឹកជញ្ជូន​ក្នុងប្រទេស និង​ការតភ្ជាប់​ទៅកាន់​ប្រទេស​ជិតខាង​របស់​កម្ពុជា​។

លោក​ថ្លែងថា​៖ «​យើង​កំពុង​ពិចារណា​អំពី​បញ្ហា​នេះ ហើយ​រក​ដៃគូ​ធ្វើជា​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​លើផ្លូវ​រថភ្លើង​ចាស់​ដដែល​ហ្នឹង​។ អ៊ីចឹង​បានដាក់​ឱ្យ ស៊ុន ចាន់ថុល ធ្វើការ​ពិចារណា និង​លើក​គម្រោង​រក​ដៃគូ​ដើម្បី​ពិភាក្សា​លើ​បញ្ហា​នេះ ព្រោះ​បើ​ទុកឱ្យ​ដំណើរការ​របៀបនេះ វា​ទៅ​អត់​រួច​តាម​មិនទាន់​សភាពការណ៍​»​។

បើតាម​លោកនាយក​រដ្ឋមន្ត្រី ក្រៅពី​ការគិតគូរ​ទៅលើ​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ផ្លូវដែក រដ្ឋាភិបាល​ក៏បាន​គិតគូរ​ទៅលើ​ការ​អភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​មួយចំនួនទៀត​ដើម្បី​ឆ្លើយតប​តម្រូវការ​របស់​ប្រជាពលរដ្ឋ ដូចជា​គម្រោង​ផ្លូវ​តភ្ជាប់​រវាង​ខេត្ត​សៀមរាប និង​ខេត្តបាត់ដំបង ប្រវែង​ជាង​ ៧០ ​គីឡូម៉ែត្រ ដែល​ខណៈ​បច្ចុប្បន្ននេះ​កំពុងធ្វើការ​សិក្សា និង​ស្វែងរក​ថវិកា ដើម្បី​យកមក​ធ្វើការ​សាងសង់​។

លោក វ៉ាស៊ីម សូរិយា អ្នក​នាំពាក្យ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ៤ ខែមីនា​ថា ពាក់ព័ន្ធ​នឹង​ការធ្វើ​ទំនើបកម្ម​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក​នេះ​ក្រសួង​បានគិត​គូរ និង​យកចិត្ត​ទុកដាក់​បំផុត ប៉ុន្តែ​មកទល់ពេលនេះ​ក្រសួង​នៅ​មិនទាន់​រកបាន​ក្រុមហ៊ុន​ដៃគូ​អភិវឌ្ឍន៍​នៅឡើយ​ទេ និង​មួយទៀត គឺ​មិនទាន់មាន​ការឯកភាព​ឱ្យបាន​មុតស្រួច​ជា​ធ្នុង​មួយ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​មួយចំនួន​។

លោក​បន្ថែមថា ការវិនិយោគ​លើ​ប្រព័ន្ធ​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវ​ដែក​នៅ​កម្ពុជា​អាចមាន​តម្លៃ​ប្រហាក់ប្រហែល​នឹង​គម្រោង​វិនិយោគ​អាកាសយានដ្ឋាន ប៉ុន្តែ​រដ្ឋាភិបាល​សម្រេច​កសាង​អាកាសយានដ្ឋាន​មុន ដែល​ធ្វើឱ្យ​គម្រោង​ផ្លូវដែក​ទៅជា​គម្រោង​អាទិភាព​នៅពេល​ក្រោយ​។

លោក​ថ្លែងថា​៖ «​និយាយ​ឱ្យ​ត្រង់​ទៅ​យើង​មិនទាន់​មាន​ការឯកភាព​មុត​ស្រួច សម្តេច​លោក​មានប្រសាសន៍​ច្រើនដង​ហើយ ផ្លូវដែក​ហ្នឹង ប៉ុន្តែ​អ្វីដែល​សំខាន់ គឺ​យើង​រក​ដៃគូ​វិនិយោគ​មិនទាន់បាន​។ ជា​ផែនការ​យើង​ចង់បាន​ក្រុមហ៊ុន​ចិន​ឱ្យមក​វិនិយោគ​ ប៉ុន្តែ​ទន្ទឹម​យើង​ចង់បាន យើង​ក៏ត្រូវ​ដោះស្រាយ​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ឯកជន​សិន​»​។

បើតាម លោក សូរិយា ដើម្បី​ធ្វើ​ទំនើបកម្ម​ហេដ្ឋារចនាសម្ព័ន្ធ​ផ្លូវដែក​នៅ​កម្ពុជា ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាននិងកំពុង​រៀបចំ​ជា​គោលនយោបាយ និង​អនុសាសន៍​មួយចំនួន​ដាក់ជូន​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដើម្បី​ពិនិត្យ និង​សម្រេច មុននឹង​ចាប់ផ្តើម​ការងារ​សិក្សា ឬ​សាងសង់​។

យោងតាម​ការចុះផ្សាយ​របស់​ក្រសួង​សាធារណការ ផ្លូវដែក​កម្ពុជា ចាប់ផ្តើម​សាងសង់​ក្នុង​ទសវត្សរ៍​ឆ្នាំ​ ១៩៣០-១៩៤០ ដែលមាន ២ ​ខ្សែ គឺ​ខ្សែ​ភាគ​ខាងជើង និង​ខ្សែ​ភាគខាងត្បូង មាន​ប្រវែង​សរុប​ ៦៥០ ​គីឡូម៉ែត្រ​។

ផ្លូវដែក​ភាគ​ខាងជើង​មាន​ប្រវែង ៣៨៦​ គីឡូម៉ែត្រ ពី​ភ្នំពេញ ទៅ​ប៉ោយប៉ែត (​ព្រំដែន​កម្ពុជា​-​ថៃ​) ត្រូវបាន​កសាងឡើង​ចាប់ពី​ឆ្នាំ ​១៩២៩ ដល់​ឆ្នាំ​ ១៩៤២ និង​ផ្លូវដែក​ភាគខាងត្បូង​ (​ភ្នំពេញ​-​ខេត្ត​ព្រះសីហនុ​) ​បាន​កសាងឡើង​ចន្លោះ​ឆ្នាំ​ ១៩៦០ ដល់​ឆ្នាំ​ ១៩៦៩ ដែលមាន​ប្រវែង ២៦៤ ​គីឡូម៉ែត្រ​។

ផ្លូវដែក​ទាំង ​២​ ខ្សែ​បានទទួល​រង​ការ​ខ្ទេចខ្ទាំ​ស្ទើរ​ទាំងស្រុង​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ និង​បាន​ជួសជុល​ឡើងវិញ​ក្រោម​ការសហការ​រវាង​ក្រសួង​សាធារណការ និង​ក្រុមហ៊ុន​រ៉ូយ៉ាល់ រេលវេ កម្ពុជា​ (RRC)៕ LA

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍