ភ្នំពេញៈ កម្ពុជា​នាំចេញ​ស្រូវ និង​អង្ករ ក្នុង​បរិមាណ​ចំនួន ១ ៥៦០ ៧២០ ​តោន និង​ស្មើនឹង​ទឹកប្រាក់​ជាង ៣៩៤,៦ ​លាន​ដុល្លារ​នៅក្នុង​រយៈពេល ៣ ​ខែ ដើមឆ្នាំ​ ២០២២​។ នេះ​បើតាម​ទិន្នន័យ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បង្ហាញថា ចាប់ពី​ខែមករា ដល់​ខែមីនា ឆ្នាំ ​២០២២ ការនាំចេញ​ស្រូវ​ទៅ​ក្រៅប្រទេស​មាន​បរិមាណ ១ ៣៩០ ១៨១ ​តោន ស្មើនឹង​ទឹកប្រាក់ ២៤៨ ៨៤២ ៣៩៩ ​ដុល្លារ​កើនឡើង ១៣,៨០​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ​។ ចំណែក​ការនាំចេញ​អង្ករ សម្រេច​បាន​ចំនួន ១៧០ ៥៣៩ ​តោន​មានតម្លៃ ១៤៥ ៨១០ ៨៤៥ ​ដុល្លារ កើនឡើង​ ១០,៩៦ ​ភាគរយ​។

លោក លន់ យ៉េ​ង អគ្គលេខាធិការ​នៃ​លេខាធិការដ្ឋាន​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃទី ៤ ខែមេសា​ថា ការនាំចេញ​អង្ករ​នៅ​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ នេះ​មាន​កំណើនថេរ​ល្អ​គឺ​ក្នុង​រង្វង់​ជិត ៣ ​ម៉ឺន​តោន​បើ​ធៀប​នឹង​ដើមឆ្នាំ​ ២០២១ ដោយសារតែ​ស្ថានភាព​ទីផ្សារ​ចាប់ផ្តើម​ល្អប្រសើរ​ឡើងវិញ​។

ចំពោះ​បរិមាណ​នាំចេញ​អង្ករ ដែលមាន​ការ​ថមថយ​ជាង​ ១២ ​ភាគរយ​នៅក្នុង​ខែមីនា​វិញ ត្រូវបាន​អគ្គលេខាធិការ​សហព័ន្ធ​ស្រូវ​អង្ករ​កម្ពុជា​រូបនេះ​បញ្ជាក់ថា កាលពី​ឆ្នាំ​ ២០២១ ស្ថានភាព​មិន​សូវ​ល្អ​បាន​នាំឱ្យ​ការនាំចេញ​អង្ករ​ចាប់ពី​ខែមករា ដល់​ខែកុម្ភៈ មាន​បរិមាណ​តិច ប៉ុន្តែ​ការនាំចេញ​មាន​កំណើន​ច្រើន​វិញ​ក្នុង​ខែមីនា​។ ដោយឡែក​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ នេះ អង្ករ​ដែល​នាំចេញ​មាន​កំណើនថេរ​ល្អ ដូច្នេះ​បើ​ធៀប​នឹង​ខែមីនា​ដូចគ្នា​ឃើញថា​ថយចុះ តែបើ​ធៀប​ទៅនឹង​ត្រីមាស មាន​ការកើនឡើង​។

លោក​បញ្ជាក់ថា​៖ «​សម្រាប់​ការនាំចេញ​អង្ករ​នៅ​ដើមឆ្នាំ​នេះ ប្រទេស​ចិន​នៅតែ​ឈរ​លំដាប់​ទី ​១ ដែល​កម្ពុជា​នាំ​អង្ករ​ទៅ​ប្រមាណ ៥២ ​ភាគរយ​នៃ​បរិមាណ​នាំចេញ​អង្ករ​សរុប​។ ចំណែក​តំបន់​អឺរ៉ុប​នៅ​លំដាប់​ទី​ ២ មាន​ប្រមាណ ២៨ ​ភាគរយ តាម​ពីក្រោយ​ដោយ​តំបន់​អាស៊ាន និង​បណ្តា​ប្រទេស​ផ្សេងៗ​ទៀត​។ ប្រសិន​យើង​មើល​ជា​ភាគរយ​កំណើន​ឃើញថា តំបន់​អាស៊ាន​មាន​កំណើន​ប្រែប្រួល​ច្រើនជាងគេ​»​។

លោក​បាន​បន្ថែមថា បច្ចុប្បន្ន​តម្លៃ​ដឹកជញ្ជូន​នៅតែ​ឡើងថ្លៃ​ដដែល ប៉ុន្តែ​មាន​ភាពល្អប្រសើរ​បន្តិច​មកវិញ​ដោយសារ​តែមាន​កុងតឺន័រ​ដឹកជញ្ជូន​ច្រើនជាង​មុន ព្រោះតែ​លំហូរ​ពាណិជ្ជកម្ម​ទៅកាន់​តំបន់​អឺរ៉ុប ស្រប​ពេលដែល​អង្ករ​កម្ពុជា​លែង​បង់ពន្ធ​នាំចេញ​អឺរ៉ុប ចាប់ពី​ថ្ងៃទី​ ២២ ខែមករា ឆ្នាំ​ ២០២២ មក ដែល​បាន​ជំរុញ​ការនាំចេញ​អង្ករ​ទៅ​អឺរ៉ុប មាន​ស្ថានភាព​ល្អប្រសើរ​ជាង​ឆ្នាំមុន​។

លោក​លើកឡើង​ថា​៖ «​យើង​បានកំណត់​សូចនាករ​ថា​នឹង​នាំចេញ​អង្ករ​ឱ្យបាន​ ៧៥​ ម៉ឺន​តោន នៅ​ឆ្នាំ​ ២០២២ នេះ​។ បើតាម​ល្បឿន​ការនាំចេញ​របស់​យើង​បច្ចុប្បន្ន គួបផ្សំ​ភាព​ធូរស្រាល​នៃ​ស្ថានភាព​ជំងឺ​កូវីដ​ ១៩ ផង​នោះ យើង​រំពឹងថា ការនាំចេញ​អង្ករ​អាច​នឹង​សម្រេចបាន​តាម​គោលដៅ​ដែល​បាន​គ្រោងទុក ឬ​លើស​នេះ ដោយ​អាច​ឈានដល់ ៨០ ​ម៉ឺន​តោន ព្រោះ​ល្បឿន​នាំ​ចេញទៅ​ប្រទេស​ចិន​នៅតែ​ខ្ពស់ ដោយ​កូតា​ប្រមាណ ៤០ ​ម៉ឺន​ដែល​នាំ​ចិន គឺ​សម្រេចបាន​ជាង ១០ ម៉ឺន​តោន​ទៅហើយ​នាពេលនេះ​។ ដូច្នេះ​បើសិន​ពេលខាងមុខ​មានការ​ចុះ MOU ថ្មី​ទៀត​ជាមួយ​ចិន ខ្ញុំ​គិតថា ការនាំចេញ​អង្ករ​របស់​យើង​អាច​លើស​គោលដៅ​កំណត់​»​។

បើតាម​របាយការណ៍​ដដែល ការនាំចេញ​អង្ករ​ក្រអូប​គ្រប់​ប្រភេទ​ក្នុង​ត្រីមាស​ទី ​១ មាន​ចំនួន ១២០ ៤២២ ​តោន ស្មើនឹង ៧០,៦១ ​ភាគរយ អង្ករស​គ្រប់​ប្រភេទ ៤៨ ៨២៧ ​តោន ស្មើនឹង ២៨,៦៣ ​ភាគរយ និង​អង្ករ​ចំហុយ​គ្រប់​ប្រភេទ​ចំនួន ១ ២៩០ ​តោន ស្មើនឹង ០,៧៦​ ភាគរយ​។ អង្ករ​បាន​នាំចេញ​ទៅកាន់​ទិសដៅ​សហភាព​អឺរ៉ុប​ (២១ ​ប្រទេស​) មាន​បរិមាណ​សរុប​ចំនួន ៤៧ ៦៧៤ ​តោន​កើនឡើង ៣៤,៥១ ​ភាគរយ​, ទិសដៅ​ប្រទេស​ចិន​មាន​ចំនួន ៨៨ ៦៤៦ ​តោន កើនឡើង ៣, ៨៤ ​ភាគរយ ទិសដៅ​អាស៊ាន ​(៤ ប្រទេស​) មាន​ចំនួន ១៧ ៣១០ ​តោន កើនឡើង ៤៨,៤៨​ ភាគរយ និង​ទិសដៅ​ដទៃទៀត ​(២១​ ប្រទេស​) មាន​ចំនួន​ ១៦ ៩០៩ ​តោន ថយចុះ ២០,៣១ ​ភាគរយ​។ ដោយឡែក​ក្រុមហ៊ុន​ដែល​បាន​នាំចេញ​អង្ករ​មាន​ចំនួន ៤៦ ​ក្រុមហ៊ុន​៕ LA