ទីក្រុងកូឡុំបូៈ ប្រធានាធិបតី​ប្រទេស​ស្រីលង្កា​នឹង​តែងតាំង​គណៈរដ្ឋមន្ត្រី​ថ្មី​នៅ​ថ្ងៃ​ចន្ទ ខណៈ​ដែល​កងកម្លាំង​សន្តិសុខ​បាន​ទប់ទល់​នឹង​អំពើហិង្សា​ដែល អាច​កើតមាន​ជាមួយនឹង​ក្រុម​អ្នកតវ៉ា​ប្រឆាំង​ជាច្រើន រំពឹងទុក​ថា ប្រឆាំង​នឹង​ការខ្វះ​ស្បៀងអាហារ​ប្រេងឥន្ធនៈ និង​ថ្នាំពេទ្យ​ដែល​កាន់តែ​អាក្រក់​ខ្លាំង​ឡើង​។

រដ្ឋមន្ត្រី​ចំនួន​ ២៦​ រូប​នៅ​ក្នុង​គណៈរដ្ឋមន្ត្រី​សមាជិក​ទាំងអស់ លើកលែង​តែ​លោក​ប្រធានាធិបតី​ Gotabaya Rajapaksa និង​លោកនាយក​រដ្ឋមន្ត្រី ​Mahinda Rajapaksa ដែលជា​បងប្រុស​របស់លោក​បាន​ដាក់​លិខិត​លាលែង​ពី​តំណែង នៅក្នុង​កិច្ចប្រជុំ​កាលពី​យប់​ថ្ងៃអាទិត្យ​។

វិធានការ​ផ្លាស់ប្ដូរ​នេះ​បាន​ជម្រះ​ផ្លូវ​សម្រាប់​លោក​ប្រធានាធិបតី​ក្នុងការ​តែងតាំង​គណៈរដ្ឋមន្ត្រី​ថ្មី​នៅ​ថ្ងៃ​ចន្ទ ប្រហែល​ជារួមបញ្ចូល​ទាំង​មនុស្ស​មួយចំនួន​ដែល​បាន​លាលែង​ពី​តំណែង​ ខណៈដែល​ក្រុម​នយោបាយ​ដែល​កំពុង​កាន់អំណាច​ស្វែងរក​ការពង្រឹង​តំណែង​របស់ខ្លួន​ក្នុង​គ្រា​ដែលមាន​វិបត្តិ​សេដ្ឋកិច្ច​នេះ​។

ប្រទេស​នេះ​កំពុង​ជួបប្រទះ​កង្វះ​ស្បៀងអាហារ ឥន្ធនៈ និង​សម្ភារ​សំខាន់ៗ​ផ្សេងទៀត ដែល​មិន​ធ្លាប់មាន រួមជាមួយ​នឹង​អតិផរណា​កម្រិត​ខ្ពស់បំផុត​មិន​ធ្លាប់មាន និង​ការដាច់​ចរន្តអគ្គិសនី​ដែល​មិនមាន​សញ្ញា​នៃ​ការបញ្ចប់​វិបត្តិ​សេដ្ឋកិច្ច​នេះ​បានទេ​។

ស្ថានភាព​នេះ​ត្រូវបាន​រដ្ឋាភិបាល​ទទួលស្គាល់ថា ជា​វិបត្តិ​សេដ្ឋកិច្ច​ដ៏អាក្រក់​បំផុត​ចាប់តាំងពី​ការទទួល​បាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​កាលពី​ឆ្នាំ​ ១៩៤៨ ​ហើយ​ប្រទេស​នេះ​បាន​ប្រកាសថា ខ្លួន​នឹង​ស្វែងរក​ជំនួយ​សង្គ្រោះ​ពី​រូបិយវត្ថុ​អន្តរជាតិ​ (IMF)​។

មន្ត្រី​សន្តិសុខ​ជាន់ខ្ពស់​ ១ ​រូប​បាន​និយាយថា កងកម្លាំង​យោធា និង​នគរបាល ត្រូវបាន​ដាក់ឱ្យ​ស្ថិតក្នុង​ស្ថានភាព​ប្រុងប្រយ័ត្ន​ខ្ពស់ ខណៈដែល​បម្រាម​គោចរ​រយៈពេល​ ៣៦​ ម៉ោង​បានបញ្ចប់​កាលពី​ព្រឹក​ព្រលឹម​ថ្ងៃ​ចន្ទ​ បើទោះបី​ជាមាន​របាយការណ៍​ស៊ើបការណ៍​ព្រមាន​អំពី​ភាពចលាចល​បន្ថែមទៀត​ក្ដី​។

លោក​បាន​ថ្លែងថា​៖ «​ការចង្អុលបង្ហាញ គឺថា​យើង​អាច​រំពឹងថា​នឹងមាន​បាតុកម្ម​បន្ថែមទៀត​»​។ លោក​បានបញ្ជាក់​ជាថ្មី​ថា យោធា​ត្រូវ​បានផ្តល់​សិទ្ធិអំណាច​ក្នុងការ​ឃុំខ្លួន​ជនសង្ស័យ ស្ថិតនៅក្រោម​ស្ថានភាព​អាសន្ន​ដែល​បានប្រកាស​កាលពី​ថ្ងៃ​សុក្រ​។

លោក​ប្រធានាធិបតី ​Gotabaya Rajapaksa បានដាក់​ប្រទេស​ស្ថិតក្នុង​ភាពអាសន្ន​រយៈពេល​ ១​ ថ្ងៃ​ បន្ទាប់ពី​ហ្វូង​មនុស្ស​ព្យាយាម​សម្រុកចូល​ផ្ទះ​របស់លោក​នៅ​ទីក្រុង​កូឡុំបូ​។

ពេញ ១​ ល្ងាច​ថ្ងៃអាទិត្យ​មនុស្ស​រាប់រយ​នាក់​បាន​បញ្ចេញ​សំឡេង​រំខាន​ ប៉ុន្តែ​ដោយ​សន្តិវិធី​នៅក្នុង​ទីក្រុង​នានា​ទូទាំងប្រទេស​ដី​កោះ​មួយ​នេះ ដែលមាន​មនុស្ស​ ២២ ​លាន​នាក់​បាន​បរិហារ​ការដោះស្រាយ​វិបត្តិ​របស់​លោក​ Rajapaksa​។

ក្រុមអ្នកតវ៉ា​ប្រឆាំង បាន​ស្រែក​នៅ​ជាយ​ទីក្រុង​ Rajagiriya ថា​៖ «Gota​ត្រឡប់​ទៅផ្ទះ​វិញ​» ​នៅក្បែរ​សភាជាតិ​ ខណៈ​ដែល​នៅ​ទីក្រុង​ Negombo ​នៅក្បែរ​ព្រលានយន្តហោះ​អន្តរជាតិ​ដ៏សំខាន់​ប្រជាជន​បាន​ស្រែកថា «Gota បរាជ័យ​! បរាជ័យ​!​បរាជ័យ​!»​។

បម្រាម​គោចរ​ពេញ ១ ​ថ្ងៃ​កាលពី​ថ្ងៃអាទិត្យ​បាន​រារាំង​ក្រុមអ្នកតវ៉ា​ប្រឆាំង​ទ្រង់ទ្រាយ​ធំ​ដែល​ត្រូវ​បានរៀបចំ​តាមរយៈ​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​ដូចជា​ Facebook Twitter និង​ WhatsApp ដែល​បណ្ដាញ​ទាំងនេះ ត្រូវបាន​រារាំង​ដោយ​រដ្ឋាភិបាល​។

វេទិកា​ទាំងនោះ​ត្រូវបាន​ដោះ​សោ​ហើយ​ការត្រួតពិនិត្យ​ផ្នែក​ខ្លះ​នៃ​អ៊ីនធឺណិត​បានបញ្ចប់​បន្ទាប់ពី​ ១៥​ ម៉ោង ខណៈ​ដែល​គណៈកម្មាធិការ​សិទ្ធិមនុស្ស​ប្រទេស​ស្រីលង្កា​បាន​សម្រេច​ថា ការហាម​នេះ​គឺ​ខុសច្បាប់​។

ក្រុម​សកម្មជន​បានឱ្យដឹងថា​ពួកគេ​នឹងធ្វើ​បាតុកម្ម​កាន់តែ​ធំ​ជាង​នេះ​នៅក្នុង​ទីក្រុង​សំខាន់ៗ​មួយចំនួន​នៅ​ថ្ងៃ​ចន្ទ​ ដើម្បី​បង្ខំ​ឱ្យ​លោក​ប្រធានាធិបតី​ Rajapaksa និង​ក្រុមគ្រួសារ​របស់គាត់​ចុះ​ចេញពី​តំណែង​។

សមាជិក​ក្រុម​ដែលមាន​អំណាច​តិចតួច បាន​ប្រកាសថា ខ្លួន​នឹង​ចាកចេញ​ពី​រដ្ឋបាល​នេះ នៅ​សប្តាហ៍​នេះ​ដែលជា​វិធានការ​មួយ​ដែល​នឹងធ្វើ​ឱ្យ​សំឡេង​ភាគច្រើន​របស់​លោក ​Rajapaksa ចុះខ្សោយ​នៅក្នុង​សភា​។

ក្រុម​សេដ្ឋវិទូ​ឱ្យដឹងថា វិបត្តិ​របស់​ប្រទេស​ស្រីលង្កា​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយសារ​ការ​គ្រប់គ្រង​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល ការខ្ចីប្រាក់​កើនឡើង​រយៈពេល​ជាច្រើន​ឆ្នាំ និង​ការកាត់បន្ថយ​ពន្ធ​ដែល​មិន​សម​ហេតុផល​៕ LA