ទីក្រុងហាណូយៈ ក្រសួង​ដឹកជញ្ជូន​បាន​ស្វែងរក​ការចុះហត្ថលេខា​ពី​នាយករដ្ឋមន្ត្រី ​ដើម្បី​ចេញ​អាជ្ញាប័ណ្ណ​សម្រាប់​ក្រុមហ៊ុន​អាកាសចរណ៍​ដឹកទំនិញ​ដំបូង​គេ​នៅ​ប្រទេស​វៀតណាម គឺ​ក្រុមហ៊ុន IPP Air Cargo ដោយសារ​តែ​តម្រូវការ​ដឹកជញ្ជូន​ទំនិញ​តាមផ្លូវ​អាកាស​មានការ​កើនឡើង​យ៉ាង​ឆាប់រហ័ស​។

ក្រសួង​បាន​និយាយថា ឯកសារ​ស្នើសុំ​របស់ IIP Air Cargo បាន​បំពេញ​គ្រប់​លក្ខខណ្ឌ​តម្រូវ​ទាំងអស់​សម្រាប់​អាជ្ញាប័ណ្ណ​។

ក្រសួង​បាន​និយាយថា ក្រុមហ៊ុន​អាកាសចរណ៍​ដឹកទំនិញ​ដំបូង​របស់​វៀតណាម​គឺ​សមស្រប​នឹង​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​សេវាកម្ម​ដឹកជញ្ជូន​របស់​ប្រទេស​សម្រាប់​ឆ្នាំ ២០៣០ ដែល​កំណត់​គោលដៅ​អភិវឌ្ឍន៍​យន្តហោះ​ដឹកទំនិញ​ពី​ ៨​ ទៅ​ ១០ ដែល​នឹង​រួមចំណែក​ដល់​ការលើកកម្ពស់​ឧស្សាហកម្ម​ដឹកជញ្ជូន​តាម​​ផ្លូវអាកាស​។

ក្រសួង​បាន​និយាយ​នៅក្នុង​ឯកសារ​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា​៖ «​ក្រុមហ៊ុន​អាកាសចរណ៍​ដឹកទំនិញ​នឹង​រួមចំណែក​ដល់​កំណើន​នៃ​ការដឹកជញ្ជូន​ទំនិញ​របស់​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ប្រហែល​ពី ១០-១៥​ ភាគរយ​ក្នុង​ ១​ ឆ្នាំ​»​។

បរិមាណ​ទំនិញ​ដែល​ដឹក​ដោយ IPP Air Cargo ត្រូវបាន​គេ​រំពឹងថា​នឹង​កើនឡើង ១៨-២០ ភាគរយ​ក្នុង ​១ ​ឆ្នាំ​។

ក្រសួង​ក៏បាន​និយាយថា ការចូលរួម​របស់​វៀតណាម​នៅក្នុង​ទីផ្សារ​អាកាសចរណ៍​តែមួយ​អាស៊ាន ដែលជា​កិច្ចព្រមព្រៀង​ស្តីពី​សេរីភាវូបនីយកម្ម​នៃ​ការ​ដឹកជញ្ជូន​តាមផ្លូវ​អាកាស​ក្នុង​ឆ្នាំ​ ២០១៥​ កំពុង​បង្កើត​ឱកាស​សម្រាប់ IPP Air Cargo ដើម្បី​ពង្រីក​ទីផ្សារ និង​បង្កើន​ការប្រកួតប្រជែង​របស់ខ្លួន​។

ប្រតិបត្តិការ​ដឹកទំនិញ​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ដឹកទំនិញ​ក៏នឹង​ជួយ​បង្កើត​រូបិយប័ណ្ណ​បរទេស សម្រួល​ដល់​លំហូរ​ទំនិញ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​ក្នុងស្រុក​។

ចាប់ពី​ឆ្នាំ​ ១៩៩១ ទីផ្សារ​ទំនិញ​តាមផ្លូវ​អាកាស​របស់​វៀតណាម​ទទួលបាន​ជាង ១៨ ៣៨០ ​តោន​។ បន្ទាប់ពី​រយៈពេល​ជាង ៣០ ​ឆ្នាំ បរិមាណ​នៃ​ទំនិញ​ដែល​បាន​ដឹកជញ្ជូន​តាមផ្លូវ​អាកាស នៅ​ឆ្នាំ​ ២០២១ ​បាន​កើនឡើង​ដល់ ​១,៣ ​លាន​តោន ហើយ​ត្រូវបាន​គេ​រំពឹងថា​នឹង​កើន​ឡើងដល់ ១,៥២ ​លាន​តោន​នៅ​ឆ្នាំ​ ២០២២​។ អត្រាកំណើន​ជា​មធ្យម គឺ ១៥,៣ ភាគរយ​ពី​ឆ្នាំ​ ១៩៩១ ដល់​ឆ្នាំ​ ២០២១​។

ទំនិញ​តាមផ្លូវ​អាកាស​របស់​វៀតណាម​បច្ចុប្បន្ន​ត្រូវបាន​ដឹកជញ្ជូន ដោយ​ក្រុមហ៊ុន​អាកាសចរណ៍​ដែលមាន​ស្រាប់​ចំនួន​ ៥ ដែល​ផ្តល់​ការដឹកជញ្ជូន​អ្នកដំណើរ​។

ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​ដែលមាន​ស្រាប់​បាន​កាន់កាប់​ចំណែក ១១ ​ភាគរយ​នៃ​ការដឹកជញ្ជូន​ទំនិញ​អន្តរជាតិ​ក្នុង​ឆ្នាំ ២០២០-២០២១ និង​ ១៨ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០១៩ ​មុនពេល​ការរីក​រាលដាល​កូវីដ​កើតឡើង​។

បច្ចុប្បន្ន ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ចំនួន ២៩​ បាន​ដំណើរការ​យន្តហោះ​ដឹកទំនិញ​ពី​ ១៦ ​ប្រទេស និង​ដែនដី​ចូលទៅ​កាន់​ប្រទេស​វៀតណាម​។

ដោយសារ​ជំងឺ​រាតត្បាត​នេះ​ចំនួន​ជើងហោះហើរ​ដែល​ដឹក​អ្នកដំណើរ និង​ទំនិញ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង ខណៈ​ដែល​តម្រូវការ​សម្រាប់​ការដឹកជញ្ជូន​ទំនិញ​កើនឡើង​យ៉ាងខ្លាំង ដែល​ជំរុញ​ឱ្យ​តម្លៃ​ទំនិញ​កើនឡើង ៣-៤​ ដង​ធៀប​តម្លៃ​មុន​កូវីដ​។

ក្រុមហ៊ុន IPP Air Cargo ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី ១០ ​ខែមីនា ឆ្នាំ ២០២១ ​ជាមួយ​ការវិនិយោគ​ដំបូង​ចំនួន ៣០០ ​ពាន់​លាន​ដុង (១៣ ​លាន​ដុល្លារ​អាមេរិក​)​។ ក្រុមហ៊ុន​នេះ​គ្រោង​ដំណើរការ​យន្តហោះ​ដំបូង​ចំនួន ​៥ រួមទាំង​យន្តហោះ Boeing 737, Boeing 777, យន្តហោះ Airbus 330៕ VNS-ANN/RR