ភ្នំពេញៈ ប្រធានសភា​ពាណិជ្ជកម្ម​កម្ពុជា​ (CCC) លោក គិត ម៉េង បាន​ស្នើឱ្យ​ប្រទេស​អូស្ត្រាលី​ជួយផ្តល់​បច្ចេកទេស​ក្នុង​វិស័យ​កសិកម្ម និង​ជំរុញ​ការវិនិយោគ​នៅ​កម្ពុជា​បន្ថែមទៀត​ ដើម្បី​ពង្រឹង​ទំនាក់ទំនង​ធុរកិច្ច ការវិនិយោគ និង​សេដ្ឋកិច្ច​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់តែ​រឹងមាំ​។

ចំណុច​ទាំងនេះ​ត្រូវ​បានលើកឡើង​ក្នុងជំនួប​ពិភាក្សា​រវាង​លោក គិត ម៉េង ជាមួយ​លោក Pablo Kang អគ្គ​រដ្ឋទូត​ប្រទេស​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា និង​លោកស្រី Rebecca Ball ស្នងការ​ពាណិជ្ជកម្ម​អូស្ត្រាលី​ប្រចាំ​កម្ពុជា និង​ប្រទេស​វៀតណាម កាលពី​ថ្ងៃទី​ ១ ខែមេសា​។

លោក គិត ម៉េង បាន​លើកឡើង​ថា កម្ពុជា និង​អូស្ត្រាលី គឺជា​ប្រទេស​មាន​ទំនាក់ទំនង​ការទូត​ផ្លូវការ​ជាមួយនឹង​គ្នា​រយៈពេល ៧០ ​ឆ្នាំ​មកហើយ ខណៈ​បច្ចុប្បន្ន​អូស្ត្រាលី​កំពុង​ដើរតួនាទី​សំខាន់​ក្នុង​ការជួយ​ជំរុញ​កំណើន​សេដ្ឋកិច្ច​កម្ពុជា តាមរយៈ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម និង​ការបណ្តាក់ទុន​លើ​វិស័យ​មួយចំនួន ពិសេស​វិស័យ​ធនធាន​រ៉ែ និង​ថាមពល​។ លោក​បន្តថា ទោះបី​ការវិនិយោគ​របស់​អូស្ត្រាលី​នៅ​កម្ពុ​ជាមាន​ខ្លះ​ហើយក៏​ដោយ ក៏​កម្ពុជា​នៅតែ​ត្រូវការ​ការបណ្តាក់ទុន​ពី​វិនិយោគិន​អូស្ត្រាលី​បន្ថែមទៀត​។

លោក​បាន​ថ្លែងថា​៖ «​ខ្ញុំ​សូម​ស្នើឱ្យ​អូស្ត្រាលី​ជួយ​ជំរុញ​វិស័យ​កសិកម្ម​នៅ​កម្ពុជា​ទាំង​បច្ចេកទេស​ដាំដុះ ប្រមូល​ផល កែច្នៃ និង​ទីផ្សារ ព្រោះ​អូស្ត្រាលី​ជា​ប្រទេស​ដែលមាន​បច្ចេកវិទ្យា និង​ជំនាញ​ខាង​វិស័យ​កសិកម្ម​។ ក្រៅពីនេះ​ខ្ញុំ​ក៏​ស្វាគមន៍​ចំពោះ​ការវិនិយោគ​របស់​អូស្ត្រាលី​ក្នុង​វិស័យ​រ៉ែ ថាមពល និង​កម្មន្តសាល​ផងដែរ​»​។

តាមរយៈ​ជំនួប​នោះ​លោក គិត ម៉េង ក៏បាន​ស្នើឱ្យ​រៀបចំ​ព្រឹត្តិការណ៍​ជំរុញ​ធុរកិច្ច និង​វិនិយោគ​រវាង​ប្រទេស​ទាំង​ ២ ​ផងដែរ​។

អគ្គរដ្ឋទូត​អូស្ត្រាលី​ប្រចាំ​នៅ​កម្ពុជា លោក Pablo Kang បាន​និយាយថា រដ្ឋាភិបាល​អូស្ត្រាលី​តែងតែ​ជួយ​គាំទ្រ​ដល់​វិស័យ​កសិកម្ម​កម្ពុជា និង​បាន​អភិវឌ្ឍ​កម្មវិធី​ថ្មីៗ ដើម្បី​ជួយ​គាំទ្រ​ដល់​ខ្សែចង្វាក់​ផ្គត់ផ្គង់​ក្នុង​វិស័យ​កសិកម្ម​នៅ​កម្ពុជា ពិសេស​ការបង្កើត​សួន​កសិឧស្សាហកម្ម ការជំរុញ​ស្តង់ដា​ផលិតផល ភូតគាម​អនាម័យ ការធ្វើ​ពិពិធកម្ម​កសិកម្ម និង​ប្រព័ន្ធ​ស្រោចស្រព ជាដើម​។

លោក​បានលើកឡើង​ទៀតថា​៖ «​សក្តានុពល​នៃ​ការវិនិយោគ​ទៅលើ​ថាមពល​កកើត​ឡើងវិញ និង​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​របស់​ក្រុមហ៊ុន​អូស្ត្រាលី​នៅ​ខេត្តមណ្ឌលគិរី គឺជា​គំរូ​មួយ​នៃ​ការវិនិយោគ​របស់​អូស្ត្រាលី​នៅ​កម្ពុជា​»​។

លោកស្រី Rebecca Ball ស្នងការ​ពាណិជ្ជកម្ម​អូស្ត្រាលី​ប្រចាំ​កម្ពុជា និង​ប្រទេស​វៀតណាម ក៏បាន​បង្ហាញ​ពី​បំណង​បង្កើន​កិច្ចសហការ​ជាមួយនឹង​សភាពាណិជ្ជកម្ម​កម្ពុជា និង​ធ្វើការ​ស្វែងយល់​ពី​ក្រុមហ៊ុន​ដែលជា​សមាជិក​សភាពាណិជ្ជកម្ម​កម្ពុជា ដើម្បី​ពិនិត្យ​លទ្ធភាព​សហការ​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​មកពី​ប្រទេស​អូស្ត្រាលី​។

អគ្គនាយក​សភាពាណិជ្ជកម្ម​កម្ពុជា លោក ងួន ម៉េងតិច បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ៤ ខែមេសា ថា អូស្ត្រាលី​ជា​ប្រទេស​អភិវឌ្ឍន៍​ដែលមាន​ជំនាញ និង​បទពិសោធ​ច្រើន​លើ​ផ្នែក​កសិកម្ម និង​ធនធាន​រ៉ែ ដូច្នេះ​បើ​វិនិយោគិន​ប្រទេស​អូស្ត្រាលី​ចូលមក​វិនិយោគ​នឹង​អាចជួយ​ឱ្យ​កម្ពុជា​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​។

លោក​បាន​ថ្លែងថា​៖ «​អូស្ត្រាលី​ជា​ប្រទេស​ដែលមាន​ជំនាញ​លើ​វិស័យ​កសិកម្ម និង​រ៉ែ ហេតុនេះ​កម្ពុជា​ពិតជា​ត្រូវការ​ការចូលរួម​របស់​អូស្ត្រាលី​ទាំង​ផ្នែក​បច្ចេកទេស និង​ការវិនិយោគ​»​។

បើ​យោងតាម​លោក ម៉េងតិច សភាពាណិជ្ជកម្ម​កម្ពុជា កំពុង​មាន​ផែនការ​ជាច្រើន​ដើម្បី​ណែនាំ​ដល់​វិនិយោគិន​អូស្រា្តលី​ចូលមក​សិក្សា និង​វិនិយោគ​លើ​ផ្នែក​កសិកម្ម និង​រ៉ែ នៅ​កម្ពុជា​។

ទិន្នន័យ​ក្រសួង​ពាណិជ្ជកម្ម បង្ហាញថា ទោះបី​វិបត្តិ​ជំងឺ​កូវីដ​ ១៩ នៅ​បន្ត​រីករាលដាល​ក៏​ទំនាក់ទំនង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ នៅតែ​រក្សាបាន​ភាព​វិជ្ជមាន ដោយ​នៅក្នុង​ឆ្នាំ ​២០២១ ការផ្លាស់ប្តូរ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ មាន​ទឹកប្រាក់​ចំនួន ៣២៤ ​លាន​ដុលា្លរ​កើនទ្បើង ៥២ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០៕ LA