ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​បំផុស និង​លើកទឹកចិត្ត​ប្រជាពលរដ្ឋ​ឱ្យ​គាំទ្រ និង​យកចិត្តទុកដាក់​ក្នុងការ​លើកកម្ពស់​ផលិតផល​ក្នុងស្រុក​ ដើម្បី​រួមចំណែក​ដល់​ការអភិវឌ្ឍ និង​ការរីកចម្រើន​នៃ​សង្គមជាតិ ជាពិសេស​ក្នុង​បរិបទ​បច្ចុប្បន្ន​ដែល​កម្ពុជា ក៏​ដូចជា​ពិភពលោក​ទាំងមូល​កំពុង​តែ​ប្រយុទ្ធ​ប្រឆាំងនឹង​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩​។

ក្នុង​សារលិខិត​អបអរសាទរ​ទិវា​ជាតិ​លើកកម្ពស់​ការប្រើប្រាស់​ផលិតផល​ខ្មែរ ៩ មេសា លើក​ទី​ ៥ ឆ្នាំ​ ២០២២ ក្រោម​ប្រធានបទ ​«​គាំទ្រ​ផលិតផល​ខ្មែរ គឺ​ថែរក្សា​សេដ្ឋកិច្ចជាតិ​» ​ដែល​ត្រូវបាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃទី​ ៤ ខែមេសា លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធានកិត្តិយស​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ​បាន​ណែនាំ​ឱ្យ​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​មួយ​ផលិតផល​មួយ ក្រសួង​ពាណិជ្ជកម្ម និង​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​បន្ត​កិច្ចសហការ និង​សម្របសម្រួល​ជាមួយគ្នា​ឱ្យបាន​រលូន​ដើម្បី​លើកកម្ពស់​ការប្រើប្រាស់​ផលិតផល​ខ្មែរ បន្ត​ផ្សព្វផ្សាយ​ឱ្យបាន​ទូលំទូលាយ​ពី​ផលិតផល​ខ្មែរ និង​បន្ត​ផ្តល់​ជំនាញ​នានា​ដល់​ផលិតករ​លើ​ដំណើរការ​ខ្សែចង្វាក់​ផលិតកម្ម ការពង្រឹង​គុណភាព សុវត្ថិភាព​ផលិតផល ការកែច្នៃ និង​ការវេចខ្ចប់​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​ទីផ្សារ​។

លោកនាយក​រដ្ឋមន្ត្រី​បន្តថា គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​ ១​ ផលិតផល​ ១ រាជធានី ខេត្ត​ទាំងអស់ និង​ក្រសួង​ពាណិជ្ជកម្ម​ត្រូវ​សហការ​ជាមួយនឹង​វិស័យ​ឯកជន រៀបចំ​ទីផ្សារ​អនឡាញ​ជួយ​ផលិតផល​ខ្មែរ​ក្នុង​ការទិញ​-​លក់ និង​ដាក់​បង្ហាញ​ក្នុង​ព្រឹត្តិការណ៍​ពិព័រណ៍​ផលិតផល​ទាំង​ក្នុង និង​ក្រៅប្រទេស និង​តាម​ស្ថាន​តំណាង​កម្ពុជា​ប្រចាំ​នៅ​បរទេស​។

ជាមួយ​គ្នានេះ លោក​ក៏បាន​ជំ​រុញឱ្យ​គណៈកម្មាធិការ​នេះ និង​ក្រសួង​ពាណិជ្ជកម្ម​សហការ​ជាមួយ​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ​ដើម្បីឱ្យ​ស្ថាន​តំណាង​កម្ពុជា​ប្រចាំ​នៅ​បរទេស​ផ្សព្វផ្សាយ​ផលិតផល​ខ្មែរ​នៅក្នុង​ព្រឹត្តិការណ៍​ផ្សេងៗ ជាពិសេស​ផ្សារភ្ជាប់​ការងារ​ជំរុញ​ចលនា​ភូមិ​ ១​ ផលិតផល​ ១​ នៅ​កម្ពុជា​ទៅក្នុង​ក្របខ័ណ្ឌ​កិច្ចសហប្រតិបត្តិការ​ក្នុង​តំបន់​ក្រោម​ការសម្របសម្រួល​របស់​អគ្គលេខាធិការដ្ឋាន​អាស៊ាន​។

លោក​ថ្លែងថា​៖ «​គណៈកម្មាធិការ​ជំរុញ​ចលនា​ភូមិ​ ១​ ផលិតផល​ ១​ រាជធានី ខេត្ត​ទាំងអស់​ត្រូវ​បន្ត​សហការ​ជាមួយនឹង​គណៈកម្មាធិការ​ជាតិ​ជំរុញ​ចលនា​ភូមិ​ ១ ​ផលិតផល​ ១ ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ​រៀបចំ​ចងក្រង​ផលិតផល​ក្នុងស្រុក​ដែលមាន​សក្តានុពល​នៅ​មូលដ្ឋាន​របស់ខ្លួន ដោយ​បញ្ចូល​ជា​ផលិតផល​ភូមិ​ ១ ​ផលិតផល​ ១​ ដើម្បី​តាមដាន និង​វាយតម្លៃ​វឌ្ឍនភាព​នៃ​ការងារ​ជួយ​ដល់​ផលិតផល​ក្នុងស្រុក​ពី​បណ្តា​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ និង​កៀរគរ​ការវិនិយោគ​នានា​លើ​ផលិតផល​ក្នុងស្រុក ស្របតាម​គោលនយោបាយ​ជាតិ​ស្តីពី​ការជំរុញ​ចលនា​ភូមិ​ ១ ​ផលិតផល​ ១ ២០១៦-២០២៦»​។

លោក ម៉ៅ អៀង ម្ចាស់​ផ្សារ​ភូមិ​ ១ ​ផលិតផល​ ១ នៅក្នុង​ស្រុក​កញ្ជ្រៀច ខេត្តព្រៃវែង បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍ ​នៅ​ថ្ងៃទី ​៥ ខែមេសា ថា ការជំរុញឱ្យ​មានការ​ផ្សព្វផ្សាយ និង​លើកកម្ពស់​ចលនា​ភូមិ​ ១​ ផលិតផល​ ១ ​របស់​លោក​នាយករដ្ឋមន្ត្រី​គឺជា​ការល្អ​មួយ​សម្រាប់​ប្រទេស​កម្ពុជា និង​ឱ្យ​ប្រជាពលរដ្ឋ​នៅក្នុង​ស្រុក​ចេះ​ប្រើប្រាស់​ផលិតផល​ក្នុងស្រុក ពិសេស​វា​នឹង​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ចជាតិ​។

លោក​និយាយថា​៖ «​នៅពេល​មានការ​ប្រើប្រាស់​ផលិតផល​នៅក្នុង​ស្រុក​កាន់តែច្រើន វា​នឹងចូលរួម​បង្កើត​ការងារ​ឱ្យ​ប្រជាពលរដ្ឋ និង​ជំរុញ​កំណើន​សេដ្ឋកិច្ច​គ្រួសារ និង​សង្គមជាតិ​ឱ្យ​រីកចម្រើន​។ មួយទៀត​នៅពេល​មាន​ការគាំទ្រ និង​ផ្សព្វផ្សាយ​ពី​រដ្ឋាភិបាល​វា​នឹង​ធ្វើឱ្យ​សហគ្រាស ព្រមទាំង​ពាណិជ្ជករ​នាំគ្នា​ងាក​មក​ផលិត ឬ​កែច្នៃ​ផលិតផល​នៅក្នុង​ស្រុក​កាន់តែច្រើន​»​។

លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម បាន​ប្រាប់ថា ពាក់ព័ន្ធ​នឹង​ចលនា​ភូមិ​ ១​ ផលិតផល​ ១​ នេះ ក្រសួង​ពាណិជ្ជកម្ម​ក៏មាន​ភារកិច្ច​ធ្វើការ​ផ្សព្វផ្សាយ​ផងដែរ ដោយ​ក្រសួង​តែង​ធ្វើជា​រៀងរាល់ឆ្នាំ ប៉ុន្តែ​វា​ត្រូវបាន​អាក់ខាន​ក្នុងអំឡុងពេល​កូវីដ​ ១៩​។

លោក​និយាយថា​៖ «​យើង​សង្ឃឹមថា ចលនា​នេះ​នឹងចូលរួម​លើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ​ដែលមាន​ជំនាញ​ក្នុង​ការផលិត​ទំនិញ​លក្ខណៈ​សម្គាល់​ភូមិសាស្ត្រ និង​តំបន់​នីមួយៗ​ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ មិន​ត្រឹមតែ​ប៉ុណ្ណោះ​វា​ក៏​នឹង​លើក​មុខមាត់​ប្រទេស​កម្ពុជា​លើ​ឆាក​អន្តរជាតិ ទាក់ទាញ​ភ្ញៀវទេសចរ​ឱ្យមក​ទិញ​ផលិតផល​ទាំងនោះ​យក​ត្រឡប់​ទៅវិញ​ផងដែរ​»​។

លោក​ក៏​អំពាវនាវ​ឱ្យ​ប្រជាពលរដ្ឋ​គ្រប់រូប​ចូលរួម​ចលនា​ទិញ​ផលិតផល​ ១​ ភូមិ​ ១ និង​ចលនា​ទិញ​ផលិតផល​ខ្មែរ​បន្ថែមទៀត ដើម្បី​ធ្វើឱ្យ​ចលនា​នេះ រីក​កាន់តែ​ធំ​ឡើង​។ ជាមួយ​គ្នានេះ​ក្រសួង​ពាណិជ្ជកម្ម​ក៏​ទើប​សម្ពោធ​ដាក់ឱ្យ​ដំណើរការ​នូវ​ផ្សារ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ខេមបូឌាត្រេដ សម្រាប់​លក់​ផលិតផល​ខ្មែរ​ទាំង​ទីផ្សារ​ក្នុងស្រុក និង​អន្តរជាតិ​ផងដែរ​៕LA