ភ្នំពេញៈ កម្ពុជា​ទទួលបាន​ប្រាក់​ប្រមាណ ១,៣ ​ពាន់​លាន​ដុល្លារ​ពី​ការនាំចេញ​ស្បែកជើង​ទៅ​ទីផ្សារ​អន្តរជាតិ​ក្នុង​ឆ្នាំ​ ២០២១ កើន ២០ ​ភាគរយ​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ខណៈ​នៅក្នុង​ឆ្នាំ​ ២០២២​ នេះ កំណើន​ត្រូវ​រំពឹង​នឹងមាន​សម្ទុះ​ខ្ពស់ជាង​ឆ្នាំ​ ២០២១​។ នេះ​បើ​យោងតាម លោក លី ឃុនថៃ ប្រធាន​សមាគម​ស្បែកជើង​កម្ពុជា​។

ថ្លែងប្រាប់​ ភ្នំពេញ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ៥ ខែមេសា លោក លី ឃុនថៃ បានឱ្យដឹងថា ក្នុង​ឆ្នាំ​ ២០២១ កន្លងមក​ការនាំចេញ​ផលិតផល​ស្បែកជើង​ផលិត​នៅ​កម្ពុជា​ទៅ​ក្រៅប្រទេស មាន​ទឹកប្រាក់​សរុប ១,៣ ​ពាន់​លាន​ដុល្លារ កើនឡើង ២០,៤ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដែលមាន​ប្រមាណ ១,០៨ ​ពាន់​លាន​ដុល្លារ​។ កំណើន​នេះ​បណ្តាលមកពី​កត្តា​មួយចំនួន​ដូចជា ភាពធូរស្បើយ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩, កំណើន​នៃ​អត្រា​ចំនួន​ប្រជាជន​ចាក់​វ៉ាក់សាំង​, ការបើក​ដំណើរការ​សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេស​ជាច្រើន​លើ​ពិភពលោក​, កំណើន​នៃ​ប្រាក់ចំណូល​របស់​បុគ្គល និង​គ្រួសារ​, និង​ការ​កម្រើក​ឡើងវិញ​ដោយ​សន្សឹមៗ​នៃ​វិស័យ​ទេសចរណ៍​។ លោក​បន្តថា ជាមួយនឹង​ចំណុច​ទាំងអស់​នេះ​ការនាំចេញ​ស្បែកជើង​ក្នុង​ឆ្នាំ​ ២០២២ នេះ​រំពឹងថា នឹងមាន​កំណើន​លើស​ឆ្នាំ ​២០២១​។

លោក​អះអាងថា ភាព​វិជ្ជមាន​នេះ​ក៏​ដោយសារតែ​កម្ពុជា​ទទួល​បាន​ការផ្គត់ផ្គង់​វត្ថុធាតុដើម​គ្រប់គ្រាន់ និង​ទាន់ពេលវេលា​ផងដែរ ពិសេស​មកពី​ប្រទេស​ចិន​។

ចំពោះ​ស្ថានភាព​រោងចក្រ​ស្បែកជើង​នៅ​កម្ពុជា​ក្នុង​ឆ្នាំ​ ២០២២ នេះ​លោក ឃុនថៃ បាន​បញ្ជាក់ថា នឹង​កើនឡើង​ច្រើន ព្រោះ​កំណើន​នៃ​ការបញ្ជាទិញ​ស្បែកជើង​កម្ពុជា​កំពុង​ហក់​ឡើង​គួរឱ្យ​កត់សម្គាល់ ខណៈ​ច្បាប់​វិនិយោគ​ថ្មី​របស់​កម្ពុជា​ដែល​ចូល​ជា​ធរមាន​កាលពី​ចុងឆ្នាំ​ ២០២១ ក៏មាន​ភាព​ទាក់ទាញ និង​អំណោយផល​ច្រើន​។ បន្ថែម​ពីលើ​នេះ កម្ពុជា​ក៏​អាច​ទទួលបាន​កំណើន​នៃ​រោងចក្រ​ដែល​ប្តូរ​ទីតាំង​ពី​ប្រទេស​ផ្សេង​ដូចជា ចិន និង​មីយ៉ាន់ម៉ា ដែរ​ព្រោះ​កម្ពុជា​ជា​ប្រទេស​មាន​ស្ថិរភាព​នយោបាយ​ល្អ មានច្បាប់​វិនិយោគ​អំណោយផល មាន​កម្លាំង​ពលកម្ម​ពេញវ័យ​ច្រើន និង​តម្លៃ​សមរម្យ​។

លោក​បាន​ថ្លែងថា​៖ «​សម្រាប់​ឆ្នាំ ​២០២២ នេះ​ខ្ញុំ​គិតថា ប្រាក់​ដែល​បាន​ពី​ការនាំចេញ​ស្បែកជើង​នឹង​អាចមាន​កំណើន​ចន្លោះ​ពី ២០-៣០​ ភាគរយ​ធៀប​ឆ្នាំ​ ២០២១ ព្រោះ​នៅពេល​ការធ្វើ​ដំណើរ​កើនឡើង​តម្រូវការ​ស្បែកជើង​នឹង​ឡើង​ទៅតាម​នោះដែរ​»​។

ទីផ្សារ​ដែល​ទទួល​ទិញ​ស្បែកជើង​ពី​កម្ពុជា​ច្រើន​ជាងគេ គឺ​អាមេរិក​, អឺរ៉ុប​, កាណាដា​, អង់គ្លេស​, ជប៉ុន និង​ប្រទេស​ក្នុង​តំបន់​អាស៊ី​មួយចំនួនទៀត​។ នេះ​បើតាម​លោក ឃុនថៃ​។

នៅក្នុង​ជំនួប​ជាមួយ​សមាគម​ស្បែកជើង​កម្ពុជា និង​សមាគម​ផលិតផល​ធ្វើដំណើរ និង​កាបូប​កាលពី​សប្តាហ៍មុន លោក ចម ប្រសិទ្ធ រដ្ឋមន្ត្រី​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍ បាន​លើកឡើងថា ទោះបី​រយៈពេល​ជាង ២ ​ឆ្នាំកន្លងមក ពិភពលោក​បាន​ជួបនឹង​វិបត្តិ​បណ្តាល​មកពី​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ក៏​ការនាំចេញ​ផលិតផល​ស្បែកជើង និង​ធ្វើ​ដំណើរ និង​កាបូប នៅតែ​រក្សាបាន​នូវ​សញ្ញា​វិជ្ជមាន និង​អាច​ទាក់ទាញ​ការចូលមក​បណ្តាក់ទុន​ជា​បន្តបន្ទាប់​។

បន្ថែម​ពីលើ​នេះ លោក​ ចម ប្រសិទ្ធ ក៏បាន​លើកឡើង​ដែរ​ថា​៖ «​អ្វីដែល​ខ្ញុំ​ចង់​រំឭក គឺ​សមាគម​រោងចក្រ​ទាំងអស់​ត្រូវតែ​បង្កើន​ការយកចិត្តទុកដាក់​ក្នុងការ​ចូលរួម​ក្នុង​កម្មវិធី​រោងចក្រ​កាន់តែ​ប្រសើរ​នៅ​កម្ពុជា (BFC) របស់​អង្គការ ILO ព្រោះ​ជា​កម្មវិធី​ដែល​ផ្តួចផ្តើម​ឡើង​ដោយ​ខ្ញុំ​ផ្ទាល់​តាំងពី​ឆ្នាំ​ ១៩៩៨ គឺ​សម្រាប់​ការកែលម្អ​ស្ថានភាព​ការងារ​នៅ​កម្ពុជា និង​គោរព​សិទ្ធិ​កម្មករ ដែលមាន​ទស្សនវិស័យ​វែង​ឆ្ងាយ​ទៅមុខ​សម្រាប់​កេរ្តិ៍ឈ្មោះ និង​អនាគត​ក្នុង​វិស័យ​វាយនភណ្ឌ​នៅ​កម្ពុជា​សម្រាប់​ទាញ​ទំនុកចិត្ត​ពី​អ្នកបញ្ជា​ទិញ​។ រោងចក្រ​នីមួយៗ​ត្រូវតែ​ចាត់ទុក​កម្មវិធី​នេះ​ជា​ទុន​ខ្លួនឯង និង​ជា​ចំណុច​សំខាន់​សម្រាប់​ការងារ​ទីផ្សារ​របស់ខ្លួន​»​។

បើតាម​លោក ឃុនថៃ ស្បែកជើង​ផលិត​នៅ​កម្ពុជា​មាន​ម៉ាក​អន្តរជាតិ​ល្បីៗ​ជាច្រើន​ដូចជា Adidas, Clarks, និង Timberland ជាដើម​៕ LA