ភ្នំពេញៈ ជាមួយនឹង​ការបន្ធូរបន្ថយ​ការរឹតបន្តឹង​លើ​ការធ្វើដំណើរ​ដោយសារ​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ខ្ពស់​នៅ​កម្ពុជា ទោះបី​តម្រូវការ​សកល​ធ្លាក់ចុះ​ក៏ដោយ ធនាគារពិភពលោក​ (WB) នៅតែ​រក្សា​ការព្យាករ​សេដ្ឋកិច្ច​សម្រាប់​ប្រទេស​កម្ពុជា គឺ ៤,៥ ​ភាគរយ​ក្រោម​សេណារីយោ​មូលដ្ឋាន ប៉ុន្តែ​កំណើន​នេះ​នឹង​ធ្លាក់​មក​ត្រឹម ៣,៨ ​ភាគរយ​ក្រោម​សេណារីយោ​ធ្លាក់ចុះ​ដោយសារតែ​ការចុះខ្សោយ​ស្ថានភាព​សេដ្ឋកិច្ច​ក្នុងស្រុក​ដែល​បណ្តាលមកពី​ការកើនឡើង​អតិផរណា ខណៈពេល​លក្ខខណ្ឌ​ខាងក្រៅ​កាន់តែ​អាក្រក់​ខ្លាំង​ដែល​បណ្តាល​មកពី​ការធ្លាក់ចុះ​គួរឱ្យកត់សម្គាល់​នៃ​តម្រូវការ​ខាងក្រៅ​។ ​ធនាគារ​ពិភពលោក​បាន​ចេញផ្សាយ​របាយការណ៍​បច្ចុប្បន្នភាព​សេដ្ឋកិច្ច​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​របស់ខ្លួន​នៅក្នុង​អំឡុង​សន្និសីទ​សារព័ត៌មាន​អាស៊ី​បូព៌ា និង​ប៉ាស៊ីហ្វិក​នា​ថ្ងៃទី​ ៥ ខែមេសា ឆ្នាំ​ ២០២២ ថា ការស្ទុះ​ងើបឡើង​វិញ​របស់​កម្ពុជា​ត្រូវបាន​គេ​រំពឹងថា នឹង​រក្សាបាន​នៅក្នុង​កម្រិត​ព្យាករណ៍​លើក​មុន ដែល​ជំរុញ​ដោយ​សកម្មភាព​សេដ្ឋកិច្ច​ក្នុងស្រុក និង ការនាំចេញ​ទំនិញ​កសិកម្ម​។

ធនាគារពិភពលោក​បាន​ចង្អុលបង្ហាញ​ទៀតថា ផលិតកម្ម​ដែល​នាំមុខ គឺ​ការនាំចេញ​របស់​កម្ពុជា​ត្រូវគេ​រំពឹងថា នឹង​ប្រឈម​នឹង​ឧបសគ្គ​មួយចំនួន​ក្នុង​រយៈពេល​ជាច្រើន​ខែ​ខាងមុខនេះ ជាមួយ​នឹង​បរិយាកាស​ខាងក្រៅ​មិនសូវ​អំណោយផល​ដែល​កំពុង​ត្រូវបាន​ផ្លាស់ប្តូរ​ដោយ​ការធ្លាក់ចុះ​នៅ​អាមេរិក និង​ការធ្លាក់ចុះ​ជា​រចនាសម្ព័ន្ធ​នៅក្នុង​ប្រទេស​ចិន​។

ធនាគារ​នេះ​បាន​បន្ថែមថា ការឡើង​ថ្លៃ​ថាមពល និង​អាហារ​ដោយសារតែ​ផលវិបាក​សេដ្ឋកិច្ច​នៃ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន​ត្រូវបាន​គេ​រំពឹងថា​នឹង​ថមថយ​ល្បឿន​នៃ​ការកាត់បន្ថយ ភាពក្រីក្រ ដោយសារ​វា​ដាក់​សម្ពាធ​លើ​ការចំណាយ​របស់​គ្រួសារ​។

លោក Aaditya Mattoo ប្រធាន​សេដ្ឋវិទូ​បាន​ឆ្លើយតប​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ក្នុង​សន្និសីទ​សារព័ត៌មាន​ជុំវិញ​ការកើនឡើង​តម្លៃ​ប្រេង​ពិភពលោក​នាពេល​បច្ចុប្បន្ន​ដែល​នឹងមាន​ផលប៉ះពាល់​អវិជ្ជមាន​លើ​ការកើនឡើង​អតិផរណា​របស់​ប្រទេស​កម្ពុជា​។

លោក​បាន​និយាយថា កម្ពុជា​គឺជា​ប្រទេសមួយ​ដែល​ពឹងផ្អែក​យ៉ាងខ្លាំង​លើ​ការនាំចូល​ឧស្ម័ន​ធម្មជាតិ​ (LNG) ​ជិត ១០ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប​ (GDP) ​គឺ​ការ​នាំចូល​ប្រេង​។ ដូច្នេះ​ហានិភ័យ​ភ្លាមៗ​មួយ​ដែល​កើន​ឡើងលើ​តម្លៃនឹង​បន្ត ហើយ​វា​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​សកម្មភាព​សេដ្ឋកិច្ច និង​រឹតត្បិត​អតិថិជន​។ លោក​និយាយថា​៖ «​សម្រាប់​ហេតុផល​នោះ​វា​ចាំបាច់​ត្រូវតែ​ជា​បញ្ហា​ប្រឈម​ដ៏សំខាន់​មួយ​សម្រាប់​ទាំង​ចក្ខុវិស័យ​កំណើន និង​ការកាត់បន្ថយ​ភាពក្រីក្រ​»​។

ទន្ទឹមនឹងនោះ លោក​បាន​ពន្យល់ថា កម្ពុជា គឺជា​ប្រទេសមួយ​ដែលមាន​តម្រូវការ​ហិរញ្ញប្បទាន​ពី​ខាងក្រៅ​យ៉ាងសំខាន់ ហើយ​មាន​ហានិភ័យ​ក្នុង​ទិដ្ឋភាព​ផ្សេងទៀត​នៃ​វិបត្តិ​នេះ ជា​ឧទាហរណ៍ អត្រា​ការប្រាក់​ខ្ពស់ និង​ឱនភាព​គណនី​ចរន្ត​ធំ​ជារួម​ «​ហានិភ័យ​ហិរញ្ញប្បទាន​ដែល​អាច​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ផងដែរ នឹង​អាច​ក្លាយជា​បញ្ហា​កាន់តែ​ធំ​»​។

លោក​បន្តថា​៖ «​អតិផរណា​នៅពេលនេះ​មាន​តិចជាង​ ៤​ ភាគរយ ប៉ុន្តែ​ក៏មាន​ហានិភ័យ​ផងដែរ​ចំពោះ​អតិផរណា​កាន់តែ​ខ្ពស់​ដែល​អាច​កាត់បន្ថយ​ស្ថិរភាព​សេដ្ឋកិច្ច​ដែល​កម្ពុជា​បាន​គ្រប់គ្រង​រហូតមក​ដល់ពេលនេះ​»​។

លោក Aaditya បាន​លើកឡើង​ថា​៖ «​វា​គឺជា​ដំណឹង​ដ៏ល្អ​ ២​ ដែល​ខ្ញុំ​ចង់​និយាយថា កម្ពុជា​បានឃើញ​ការងើប​ឡើងវិញ​នៃ​ការនាំចេញ ហើយ​កម្ពុជា​ក៏បាន​គ្រប់គ្រង​ជំងឺ​កូវីដ​ ១៩ បានល្អ​គួរឱ្យកត់សម្គាល់​ទាំង​ការចាក់​វ៉ាក់សាំង ដូច្នេះហើយ​ការកាត់បន្ថយ​ការ​រឹតបន្តឹង​ជំងឺ​កូវីដ ​១៩ គឺអាច​ជួយ​ជំរុញ​សកម្មភាព​សេដ្ឋកិច្ច​»​។

កាលពីដើម​ខែកុម្ភៈ រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន បាន​ព្យាករ​ថា កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹងមាន​ក្នុង​អត្រា ៥,៦ ​ភាគរយ​សម្រាប់​ឆ្នាំ​ ២០២២ ដែល​ឆ្លុះបញ្ចាំង​ពី​វឌ្ឍនភាព​ជាតិ​ឆ្ពោះ​ទៅរក​ភាពស៊ាំ​ក្នុង​សហគមន៍​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩ ដែល​បាន​គាំទ្រ​ដោយ​អត្រា​នៃ​ការចាក់​វ៉ាក់សាំង​ដែល​ជាប់​ចំណាត់ថ្នាក់​ក្នុងចំណោម​ប្រទេស​ល្អ​បំផុត​នៅលើ​ពិភពលោក និង​ដែល​បាន​ជំរុញ​ទឹកចិត្ត​រដ្ឋាភិបាល​ក្នុង​ការអនុញ្ញាត​ឱ្យ​មានការ​ស្តារ​ឡើងវិញ​ពេញលេញ​នៃ​សកម្មភាព​សេដ្ឋកិច្ច​ និង​សង្គម​។

លោក ព័ន្ធមុនីរ័ត្ន បាន​បញ្ជាក់ថា សម្រាប់​ប្រទេស​កម្ពុជា និង​បណ្ដា​ប្រទេស​ផ្សេងទៀត​នៅលើ​ពិភពលោក​ទាំងមូល​ឆ្នាំ ​២០២០ និង​ឆ្នាំ ​២០២១ គឺជា​ឆ្នាំ​ដ៏​លំបាក​ដែល​ត្រូវ​បានបង្ហាញ​ដោយ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ និង​ផលវិបាក​សេដ្ឋកិច្ច​សង្គម​។

លោក​ថ្លែងថា​៖ «​ភាពជោគជ័យ​នៃ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​ថ្នាក់ជាតិ និង​ការគ្រប់គ្រង​ការរីក​រាលដាល​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា អាចឱ្យ​យើង​បិទ​ព្រឹត្តិការណ៍​សហគមន៍ «​ថ្ងៃទី​ ២០ ខែកុម្ភៈ ឆ្នាំ​ ២០២១» បើក​ប្រទេស​ឡើងវិញ និង​បន្តសកម្មភាព​សេដ្ឋកិច្ចសង្គម​ឡើងវិញ​យ៉ាង​ពេញលេញ​»​។

លោក ព័ន្ធមុនីរ័ត្ន បានលើកឡើង​ទៀតថា​៖ «​សម្រាប់​ឆ្នាំ​ ២០២២ នេះ​សេដ្ឋកិច្ចកម្ពុជា​ត្រូវបាន​ព្យាករ​ថា​នឹង​បន្ត​កើនឡើង​ក្នុង​រង្វង់ ៥,៦ ​ភាគរយ​ដែល​បាន​ជំរុញ​ដោយ​កំណើន​ការរំពឹងទុក​អំពី​ការកើនឡើង​តម្រូវការ​ជា​សកល និង​ទំនុកចិត្ត​នៅក្នុង​ចំណោម​វិនិយោគិន​បរទេស​»៕ LA