ទីក្រុងសេអ៊ូលៈ ទិន្នន័យ​ផ្លូវការ​បានបង្ហាញ​កាលពី​ថ្ងៃ​អង្គារ​ថា តម្លៃ​ទំនិញប្រើប្រាស់​របស់​កូរ៉េខាងត្បូង​បាន​កើនឡើង​ក្នុង​ល្បឿន​លឿន​បំផុត​ក្នុង​រយៈពេល​ជាង ​១ ​ទសវត្សរ៍ កាលពី​ក្នុង​ខែមីនា ដែល​ជំរុញ​ដោយ​ការកើនឡើង​តម្លៃ​ថាមពល បន្ទាប់ពី​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​។

ទិន្នន័យ​នេះ​បាន​បង្កើន​ការរំពឹងទុក​ថា ធនាគារកណ្តាល​កូរ៉េ​នឹង​ដំឡើង​អត្រា​ការប្រាក់​នៅក្នុង​កិច្ចប្រជុំ​បន្ទាប់​របស់ខ្លួន​ ដើម្បី​នាំយក​ការកើនឡើង​តម្លៃ​ស្ថិតក្រោម​ការគ្រប់គ្រង​។

សន្ទស្សន៍​តម្លៃ​ទំនិញប្រើប្រាស់​បាន​កើនឡើង​ ៤,១​ ភាគរយ​ក្នុង​រយៈពេល​ដូចគ្នា ដែលជា​ល្បឿន​លឿន​បំផុត​ចាប់តាំងពី​ខែធ្នូ ឆ្នាំ​ ២០១១​។ នេះ​បើ​យោងតាម​ស្ថិតិ​របស់​ប្រទេស​កូរ៉េ ដោយ​ក្រុមមន្ត្រី​បាន​ព្រមាន​ថា វា​អាច​កើនឡើង​ខ្ពស់ជាង​នេះ​។

លោក Eo Woon-sun មន្ត្រី​ស្ថិតិ​កូរ៉េ​បាន​និយាយថា វា​ក៏បាន​កត់សម្គាល់​ផងដែរ​នូវ​ការកើនឡើង​ជា​លើក​ទី​ ១២​ ជាប់ៗ​គ្នា ដែល​បណ្តាលមកពី​ការ​កើនឡើង​នៃ​តម្លៃ​ទំនិញ និង​សេវាកម្ម ក៏ដូចជា​ការកើនឡើង​នៃ​តម្លៃ​ប្រេងឥន្ធនៈ និង​វត្ថុធាតុដើម​។

លោក Eo បាន​ប្រាប់​អ្នកយក​ព័ត៌មាន​នៅឯ​សន្និសីទ​សារព័ត៌មាន​មួយ​ថា​៖ «​មានការ​ព្រួយបារម្ភ ជាច្រើន​ថា សម្ពាធ​តម្លៃ​អាច​កើនឡើង​បន្ថែមទៀត​ដោយសារតែ​វិបត្តិ​អ៊ុយក្រែន​»​។

លោក​បាន​បន្ថែមថា​៖ «​សម្រាប់​ពេលនេះ លទ្ធភាព​ដែល​កំណើន​អតិផរណា​នឹង​ធ្លាក់ចុះ​ខ្លាំង​គឺ​មិន​ខ្ពស់​ទេ​»​។

អតិផរណា​ស្នូល ដែល​មិន​រាប់បញ្ចូល​តម្លៃ​អាហារ និង​ប្រេង​ដែល​ប្រែប្រួល​បាន​កើនឡើង ២,៩ ​ភាគរយ​។

ធនាគារកណ្តាល​កូរ៉េ​ត្រូវបាន​គេ​រំពឹង​យ៉ាង​ទូលំទូលាយ​ថា​នឹង​រឹតបន្តឹង​គោលនយោបាយ​រូបិយវត្ថុ​របស់ខ្លួន​ ដើម្បី​ទប់ទល់​នឹង​អតិផរណា​ដែល​បន្ត​កើនឡើង​នៅក្នុង​កិច្ចប្រជុំ​គោលនយោបាយ​បន្ទាប់​របស់ខ្លួន​នៅ​សប្តាហ៍​ក្រោយ​៕ RR