ទីក្រុងប៉ារីសៈ ផលិតកម្ម​ស្រា និង​ក្រុមហ៊ុន​ដាំដុះ​ផ្លែឈើ​របស់​ប្រទេស​បារាំង​បាន​រង​ផលប៉ះពាល់​ដោយ​អាកាសធាតុ​ត្រជាក់​ខ្លាំង​ក្នុង​ខែមេសា ចាប់​តាំងពី​ឆ្នាំ​ ១៩៤៧ នៅ​យប់​ថ្ងៃអាទិត្យ និង​ព្រឹក​ថ្ងៃ​ចន្ទ ដែលមាន​រយៈពេល​ ២​ ឆ្នាំ​ជាប់​គ្នា​ដែល​ពួកគេ​បាន​ទទួលរង​អាកាសធាតុ​និទាឃ​រដូវ​ដ៏ចម្លែក​។

ក្រុមហ៊ុន​ដាំដុះ​បាន​ដុត​ទៀន បាញ់​ទឹក និង​ប្រើប្រាស់​កង្ហារ​ខ្យល់ ជា​កិច្ចខិតខំ​ប្រឹងប្រែង​ដើម្បី​ការពារ​ដំណាំ​របស់​ពួកគេ ខណៈដែល​សីតុណ្ហភាព​បាន​ធ្លាក់ចុះ​ក្រោម​ចំណុច​កក​ដក ៩,៣ ​អង្សាសេ​នៅ​ទីក្រុង Mourmelon ​ខេត្ត​ Marne ភាគ​ខាង​កើត​ទីក្រុង​ប៉ារីស​។

ក្រុម​អ្នកជំនាញ​បាន​ឱ្យដឹងថា ព្រឹត្តិការណ៍​អាកាសធាតុ​ដ៏ចម្លែក ជាធម្មតា​កាន់តែខ្លាំង​ឡើងៗ ដោយសារតែ​ការប្រែប្រួល​អាកាសធាតុ​។

យោងតាម​លោក Patrick Galois អ្នក​ព្យាករ​នៅ​ផ្នែក​ឧតុនិយម Meteo France បានឱ្យដឹងថា សីតុណ្ហភាព​បាន​កើនឡើង​កាលពី​ថ្ងៃ​ចន្ទ ប៉ុន្តែ​លោក​បាន​ព្រមាន​ថា​អាកាសធាតុ​ត្រជាក់​នឹង​នៅតែ​កើតឡើង​រវាង​ភាគ​និរតី និង​ភាគ​កណ្តាល​ប្រទេស​បារាំង​។

ក្រុមហ៊ុន​ដាំដុះ​បារម្ភ​ភាពកាន់តែ​អាក្រក់​បំផុត​នេះ​។

លោក Christiane Lambert ប្រធាន​សហជីព​កសិករ FNSEA បាន​ប្រាប់ថា​៖ «​វា​អាក្រក់​ខ្លាំងណាស់​។ វា​បានធ្វើ​ឱ្យមាន​ផលប៉ះពាល់​ខ្លាំង​ពេញ​ ១​ យប់​។ ក្រុមហ៊ុន​ដាំដុះ​ផ្លែឈើ​ជាច្រើន​ត្រូវបាន​រង​ផលប៉ះពាល់​»​។

ក្រសួង​កសិកម្ម​បានឱ្យ​ដឹងថា​៖ វា​«​ឆាប់​ពេក​» មិនអាច​សន្និដ្ឋាន​អំពី​ការខូចខាត​បាន​នោះទេ​។

ក្រសួង​បន្តថា​៖ «​ការខូចខាត​អាច​មើលឃើញ​បាន បន្ទាប់ពី​រយៈពេល ​២-៣​ ថ្ងៃ​ប៉ុណ្ណោះ​»​។

ក្រសួង​បានឱ្យ​ដឹងថា ដើមឈើ​ហូប​ផ្លែ​ងាយ​រងគ្រោះ​ជាង​ចម្ការ​ទំពាំងបាយជូរ​នៅ​ឆ្នាំនេះ​។

នៅ​ខេត្ត​ Tarnet-Garonne នៅ​ភាគ​និរតី លោក Damien Garrigues ​បាន​បាញ់​ទឹក​លើ​ដើមឈើ​ផ្លែ​ប៉ោម​របស់គាត់​ ដើម្បី​គ្រប​លើ​ផ្កា​ក្នុង​ទឹកកក​ក្នុង​គោលបំណង​ការពារ​ពន្លក​ទាំងនោះ​ពីសី​តុណ្ហភាព​កាន់តែ​ទាប​។

លោក​ថ្លែងថា​៖ «​នៅពេល នេះ​វា​មិនអាក្រក់​ដូច​កាលពី​ឆ្នាំមុន​នោះទេ​»​។ លោក​កត់សម្គាល់ថា លោក​បាន​ខាតបង់​ផលិតកម្ម ២០ ​ភាគរយ​កាលពី​ឆ្នាំ​ ២០២១​។

លោក Remy Muller ទីប្រឹក្សា​សភា​កសិកម្ម​នៅ​ខេត្ត​នេះ​បានឱ្យដឹង​នៅ​ទីក្រុង​ Agen ​ក្នុង​ខេត្ត​ Lot-et-Garonne ជា​ខេត្ត​ជិត​ខាង «​ការខាតបង់​ចំនួន​ច្រើន​» ត្រូវបាន​គេ​រំពឹងទុក​សម្រាប់​ក្រុមហ៊ុន​ដាំដុះ​ផ្លែ​ plum ប៉ុន្តែ​មិនអាក្រក់​ដូច​កាលពី​ឆ្នាំមុន​នៅពេលដែល «១០០​ ​ភាគរយ​» ត្រូវបាន​បំផ្លាញ​ដោយសារ​តែ​អាកាសធាតុ​ត្រជាក់ ដែល​កើតឡើង​ឡើង​ភ្លាម​។

កង្ហារ​ខ្យល់​មួយ​ត្រូវបាន​ប្រើប្រាស់​នៅក្នុង​ចម្ការ​ទំពាំងបាយជូរ​របស់​លោក​ Eric Chadourne​ ក្នុង​ទីក្រុង Bergerac នៅ​ភាគ​និរតី​ដើម្បី​កម្រិត​ការខូចខាត​។

លោក Chadourne បាន​ថ្លែងថា​៖ ​ប៉ុន្តែ​នៅ​កន្លែង​ផ្សេងទៀត «​ផ្លែ​ទំពាំងបាយជូរ​ក្រហម ទំពាំង​បាយជូរស និង​ផ្លែ malbec ត្រូវបាន​កក​ទាំងអស់​»​។

យោងតាម​ស្ថិតិ​ផ្លូវការ​បានឱ្យដឹងថា អាកាសធាតុ​ត្រជាក់​ភ្លាមៗ​កាលពី​ខែមេសា​ឆ្នាំមុន​បាន​កាត់បន្ថយ​ការប្រមូល​ផល​ផ្លែ apricots ផ្លែ cherries និង​ផ្លែ pears ពាក់កណ្តាល​បើ​ធៀប​ទៅនឹង​ឆ្នាំមុន​។

ការផលិត​ស្រា​ក៏បាន​ធ្លាក់ចុះ​ដល់​កម្រិត​ទាប​ជា​ប្រវត្តិសាស្ត្រ​ផងដែរ ធ្លាក់ចុះ ១៩ ​ភាគរយ​ប្រចាំឆ្នាំ​។

នាយករដ្ឋមន្ត្រី Jean Castex ​បានឱ្យដឹងថា ប្រាក់​បាន​ពី​មូលនិធិ​សង្គ្រោះបន្ទាន់​អាច​នឹង​ត្រូវបាន​បញ្ចេញ​ប្រសិនបើ​ចាំបាច់​ដើម្បី​ជួយ​ដល់​ក្រុមហ៊ុន​ផលិត​ទាំងនោះ​៕ LA