ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ផ្លែ​ចេក​ស្រស់​ចំនួន​ជាង​ ១០ ​ម៉ឺន​តោន​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ ថយចុះ ១៣,៤៦​ ភាគរយ​ធៀប​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២១​។

របាយការណ៍​ស្តីពី​លទ្ធផល​នៃ​ការនាំចេញ​កសិផល​នៅក្នុង​រយៈពេល​ ៣​ ខែ​ដើមឆ្នាំ​ ២០២២ របស់​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ​បង្ហាញថា ពី​ខែមករា-​ខែមីនា ឆ្នាំ​ ២០២២ ការនាំចេញ​ផ្លែ​ចេក​ស្រស់​មាន​ចំនួន ១០៣ ៦២៦,៨៤ ​តោន ថយចុះ ១៣,៤៦ ​ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ ក្នុងនោះ​ការនាំ​ទៅ​ប្រទេស​ចិន​មាន​ចំនួន ៩៨ ៥៣០,២៦​ តោន និង​វៀតណាម ចំនួន ៥ ០៩៦,៥៨ ​តោន​។

រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ លោក វេង សាខុន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ៥ ខែមេសា ថា កត្តា​នាំឱ្យ​ការនាំចេញ​ផ្លែ​ចេក​ថយចុះ គឺ​ដោយសារតែ​ការនាំ​ចេញទៅ​ប្រទេស​ចិន​ត្រូវបាន​រឹតបន្តឹង​ជាង​មុន​។ ការរឹតបន្តឹង​នេះ​ព្រោះ​ភាគី​ចិន​ពិនិត្យឃើញថា ការនាំចេញ​ផ្លែ​ចេក​ស្រស់​ពី​កម្ពុជា​នាពេល​កន្លងទៅ​មាន​ជាប់​មេរោគ​កូវីដ​ ១៩ និង​បាន​ផ្អាក​នាំចូល​ចេក​ពី​កម្ពុជា​មួយរយៈ​ផងដែរ​កាលពី​ពេល​កន្លងទៅ​។

លោក​បន្ថែមថា បច្ចុប្បន្ន​ទាំង​ក្រសួង និង​ក្រុមហ៊ុន​នាំចេញ​បាន​បង្កើន​ការប្រុងប្រយ័ត្ន ខ្លាំង​បន្ទាប់ពី​ទទួលបាន​ព័ត៌មាន​នេះ ដោយ​ភាគី​ចិន​បាន​ធ្វើការ​ណែនាំ​ខ្លះ​ដែរ ចំពោះ​ការ​វេចខ្ចប់​មុននឹង​នាំចេញ ហើយ​ភាគី​ចិន ក៏បាន​ពិនិត្យ​លម្អិត​បន្ថែមទៀត​នៅតាម​ច្រក​កំពង់ផែ មុន​ចូលដល់​ទីផ្សារ​។

លោក​បាន​បញ្ជាក់ថា​៖ «​យើង​ឃើញថា បរិបទ​នៃ​ការរីករាល​ជំងឺ​កូវីដ ​១៩ គឺ​បាន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​ការដឹកជញ្ជូន ពិសេស​ការដឹកជញ្ជូន​តាមផ្លូវ​ទឹក​ដែល​កន្លងទៅ​កុងតឺន័រ​ត្រជាក់​សម្រាប់​នាំចេញ​ផ្លែ​ចេក​ស្រស់​ទៅកាន់​ប្រទេស​ចិន គឺ​ចំណាយ​ត្រឹមតែ ២ ៥០០ ​ដុល្លារ​ប៉ុណ្ណោះ ប៉ុន្តែ​នៅពេលនេះ​តម្លៃ​កុងតឺន័រ​បាន​កើន​ដល់ ៧ ០០០​ ដុល្លារ​។ មូលហេតុ​នេះ​ធ្វើឱ្យ​ក្រុមហ៊ុន​មួយចំនួន​ទម្លាក់​ការងារ​នេះ​ចោល មិន​ធ្វើការ​នាំចេញ​បន្ត​ព្រោះតែ​មិនមាន​ប្រាក់ចំណេញ​»​។

បើ​យោងតាម​លោក​រដ្ឋមន្ត្រី​មិន​ត្រឹមតែ​ផ្លែ​ចេក​ស្រស់​នោះទេ​ដែល​ជួប​បញ្ហា ពោលគឺ​នៅមាន​ប្រភេទ​ផ្លែឈើ​ស្រស់​ផ្សេងទៀត​ដូចជា​ផ្លែស្វាយ​ស្រស់ ក៏​ជួប​បញ្ហា​នេះដែរ​។

លោក ហ៊ុន ឡាក់ អគ្គនាយក​ក្រុមហ៊ុន​ត្រូពិក​ខេម បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ដែរ​ថា ការឡើង​ថ្លៃ​ទូ​កុងតឺន័រ និង​ការកក់​កប៉ាល់​ដឹកជញ្ជូន​ជួប​ការលំបាក​ច្រើន ដោយសារតែ​សង្គ្រាម​រវាង​រុស្ស៊ី និង​អ៊ុយក្រែន ដែល​ធ្វើឱ្យ​តម្លៃ​ប្រេង​ឡើង​ខ្ពស់​ជំរុញ​ឱ្យ​តម្លៃ​ដឹកជញ្ជូន​កើន​ទៅតាម​នោះដែរ​។

លោក​បន្តថា ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩ នៅ​ប្រទេស​ចិន​បាន​ធ្វើ​ឱ្យមាន​ភាពរអាក់រអួល​ដល់​ការនាំចេញ​គ្រប់​ទំនិញ​ទៅ​ទីនោះ ពិសេស​ផ្លែ​ចេក​ស្រស់ ដែល​កំពុង​តែមាន​បញ្ហា​ហើយ ដោយសារ​ការរឹតបន្តឹង​នៅតាម​កំពង់ផែ​របស់​ប្រទេស​ចិន​។

លោក​និយាយថា​៖ «​ការនាំចេញ​ចេក​ស្រស់ ក៏ដូចជា​កសិផល​ដទៃទៀត​ទៅកាន់​ប្រទេស​ដទៃទៀត​ហាក់បីដូចជា​នៅ​ទ្រឹង ដោយសារ​នៅ​ប្រទេស​ចិន​នៅតែមាន​ការបិទ​ខ្ទប់ ហើយ​វៀតណាម​នៅតែមាន​ការផ្ទុះ​ការឆ្លង​រីករាលដាល​កូវីដ​ ១៩ ក្នុង​ចំនួន​ច្រើន ដែល​តម្រូវឱ្យ​ការចេញចូល​តាម​កំពង់ផែ​មាន​កម្រិត ជាពិសេស​នៅក្នុង​ប្រទេស​ចិន​។ បញ្ហា​ប្រេងឥន្ធនៈ​ឡើងថ្លៃ​ក៏​ធ្វើឱ្យប៉ះពាល់​ដល់​ការនាំចេញ​ចេក​ស្រស់​នេះដែរ​»​។

បើតាម​ការប៉ាន់ស្មាន​របស់​លោក ហ៊ុន ឡាក់ ចំពោះ​ការនាំចេញ​ផ្លែ​ចេក​ស្រស់​ពី​កម្ពុជា​នឹង​អាច​នៅតែ​បន្ត​ជួប​ស្ថានភាព​បែបនេះ​ដដែល ពោលគឺ​មិន​កើនឡើង​ទេ ដោយសារ​ចាប់ពី​ខែក្រោយ​ (​ខែឧសភា​)​ ប្រទេស​ចិន​ដល់ពេល​ប្រមូលផល​ផ្លែឈើ​ស្រស់ ដែល​អាច​នឹង​ធ្វើឱ្យ​ប្រទេស​នេះ​កាត់បន្ថយ​ការនាំចូល​ផ្លែឈើ​ពី​ប្រទេស​ដទៃ​។

របាយការណ៍​ក្រសួង​កសិកម្ម​កាលពី​ឆ្នាំ​ ២០២១ បង្ហាញថា កម្ពុជា បាន​នាំចេញ​ចេក​ស្រស់​ទៅ​ក្រៅ​ប្រទេស​ក្នុង​បរិមាណ​សរុប ៤២៣ ១៦៨,៩៧ ​តោន កើនឡើង​ជាង ២៧ ​ភាគរយ​។ នៅក្នុង​នោះ​ការ​នាំទៅ​ប្រទេស​ចិន​មាន​ចំនួន​ ៣៧ ៦៩៦១, ៦០​តោន​, ទៅ​វៀតណាម ៤៥ ១៩៣,៣៧​ តោន​, ជប៉ុន​ចំនួន ៥៣៣,៥២ ​តោន និង​សិង្ហ​បុរី ៤៨០,៤៨ ​តោន​៕ LA