ភ្នំពេញៈ វិទ្យាស្ថាន​ស្រាវជ្រាវ និង​នវានុវត្តន៍​ឌីជីថល (IDRI) នៃ​បណ្ឌិត្យសភា​បច្ចេកវិទ្យា​ឌីជីថល​កម្ពុជា (CADT) និង អង្គការ GIZ ICONE បាន​ចុះ​កិច្ចព្រមព្រៀង​មួយ​ ដើម្បី​បង្កើន​បរិវត្តកម្ម​ឌីជីថល (Digital Transformation) ក្រៅ​តែ​ផ្តោត​លើ​រាជធានី​ភ្នំពេញ​ទៅកាន់​បណ្ដា​ខេត្ត​ភាគ​ពាយព្យ​របស់​កម្ពុជា​។

កិច្ចព្រមព្រៀង​ដែល​ត្រូវបាន​ចុះហត្ថលេខា​កាលពី​ថ្ងៃទី​ ៥​ ខែមេសា ឆ្នាំ​ ២០២២ រវាង​លោក​បណ្ឌិត Stefan Hanselmann​ នាយក GIZ ICONE និង​លោក សំ សេដ្ឋសេរី ​នាយក​វិទ្យាស្ថាន​ស្រាវជ្រាវ និង​នវានុវត្តន៍​ឌីជីថល (IDRI) នៃ CADT​។

ស្ថិតក្រោម​កិច្ចព្រមព្រៀង​នេះ​នឹង​គាំទ្រ​ដល់​សហគ្រាស​នៅ​ភាគ​ពាយព្យ​របស់​កម្ពុជា ជាពិសេស​នៅ​ខេត្ត​សៀមរាប បាត់ដំបង និង​បន្ទាយមានជ័យ ដើម្បី​បង្កើន​ផលិតភាព និង​ជំរុញ​ដំណើរការ​ឌីជីថល​របស់​ខេត្ត​ទាំងនោះ​។

កិច្ចសហប្រតិបត្តិការ​នេះ​រួមមាន​ការ​ដាក់ឱ្យ​ប្រើប្រាស់​កម្មវិធី​ឌីជីថល និង​ដំណោះស្រាយ ការបណ្តុះបណ្តាល​ជំនាញ​ឌីជីថល និង​ព្រឹត្តិការណ៍​ផ្លាស់ប្តូរ​ចំណេះដឹង​នៅ​រាជធានី​ភ្នំពេញ សៀមរាប បាត់ដំបង និង​បន្ទាយមានជ័យ​។

លើសពីនេះ កិច្ចសហប្រតិបត្តិការ​រវាង GIZ ICONE និង IDRI នឹង​លើកកម្ពស់​នវានុវត្តន៍ ដែល​ជំរុញ​ដោយ​ទិន្នន័យ​ក្នុង​ឧស្សាហកម្ម​កែច្នៃ និង​ផលិតកម្ម ដើម្បី​បង្កើត​បរិយាកាស​ដែល​អាច​នឹង​គាំទ្រ​ដល់​ដំណើរ​របស់​កម្ពុជា​ឆ្ពោះទៅរក​សេដ្ឋកិច្ច​ទំនើប និង​ពិពិធកម្ម ដោយ​ប្រើប្រាស់​ដំណោះស្រាយ​បដិវត្តន៍​ឧស្សាហកម្ម​ជំនាន់​ទី ​៤​។

លោក Stefan Hanselmann ចង្អុល​បង្ហាញថា គម្លាត​ឌីជីថល​រវាង​ទីក្រុង​ភ្នំពេញ និង​បណ្ដា​ខេត្ត​ដែល​កំពុង​វិវឌ្ឍន៍​សេដ្ឋកិច្ច គឺជា​កត្តា​សំខាន់បំផុត​សម្រាប់​ចក្ខុវិស័យ​រយៈពេល​វែង​របស់​កម្ពុជា​ក្នុងការ​ក្លាយជា​សេដ្ឋកិច្ច​ដែលមាន​ភាពធន់​។

លោក​បាន​ថ្លែងថា​៖ «​ការណ៍​នេះ​រួមបញ្ចូល​ទាំង​ការជំរុញ​ឱ្យ​មានការ​បង្រួម​គម្លាត​យេនឌ័រ​ឌីជីថល និង​ការពង្រឹង​សិទ្ធិអំណាច​អាជីវកម្ម​ដែល​ដំណើរការ​ដោយ​ស្ត្រី​»​។

លោក​បន្ថែមថា ការ​ដែលមាន​ការិយាល័យ​របស់​ពួកគេ​នៅតាម​ខេត្ត​ និង​ CADT មាន​មជ្ឈមណ្ឌល​នវានុវត្តន៍​របស់​ពួកគេ​នៅ​រាជធានី​ភ្នំពេញ កិច្ចសហប្រតិបត្តិការ​នេះ​ត្រូវបាន​បង្កើតឡើង ដើម្បី​ភ្ជិត​គម្លាត​ឌីជីថល​តាមរយៈ​ការសាងសង់​ស្ពាន​។

លោក សុភាព សេង ប្រធាន CADT មាន​ឱ្យដឹងថា វា​ជា​ពេលវេលា​ដ៏ត្រឹមត្រូវ​ក្នុងការ​ពង្រីក​សកម្មភាព CADTs ទៅតាម​បណ្ដា​ខេត្ត​ជាច្រើន​ទៀត និង​នាំយក​ដំណោះស្រាយ​ឌីជីថល និង​ភាពប៉ិនប្រសប់​ដល់​ក្រុមហ៊ុន​នៅក្រៅ​រាជធានី​ភ្នំពេញ​។

លោក​បាន​ថ្លែងថា​៖ «​កិច្ចសហប្រតិបត្តិការ​ក្នុងចំណោម​តួអង្គ​ទាំងអស់​នៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី​គឺ​ចាំបាច់​ដើម្បី​ជំរុញ​ដំណោះស្រាយ​បច្ចេកវិទ្យា​របស់​កម្ពុជា​ដែល​បាន​អភិវឌ្ឍ​សម្រាប់ និង​ដោយ​ប្រជាជន​កម្ពុជា ដើម្បី​ធ្វើឱ្យ​ជីវិត ការអប់រំ និង​អាជីវកម្ម​កាន់តែ​ប្រសើរឡើង ក្រៅពី​ទីក្រុង​ភ្នំពេញ​»​។

កាលពីដើម​ខែកុម្ភៈ រដ្ឋាភិបាល​បានដាក់​ចេញ​គោលនយោបាយ​រដ្ឋាភិបាល​ឌីជីថល​កម្ពុជា​ឆ្នាំ ២០២២-២០៣៥ ក្នុង​គោលបំណង ដើម្បី​បង្កើត​រដ្ឋាភិបាល​មួយ ដែល​គាំទ្រ​ដោយ​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល និង​បច្ចេកវិទ្យា​ដែល​ធ្វើ​ទំនើបកម្ម​រចនាសម្ព័ន្ធ​អភិបាលកិច្ច និង​ត្រួសត្រាយផ្លូវ​សម្រាប់​កំណែទម្រង់​លើ​គ្រប់​វិស័យ​៕LA