ភ្នំពេញៈ គម្រោង​កសាង​រោងចក្រ​ផ្គត់ផ្គង់​ទឹកស្អាត​បាក់​ខែង​ដែលមាន​តម្លៃ​ជាង ១៨៦,៤​ លាន​ដុល្លារ និង​ជា​រោងចក្រ​ប្រព្រឹត្តិកម្ម​ទឹកស្អាត​ធំជាងគេ​នៅ​កម្ពុជា នៅពេលនេះ​សម្រេចការ​សាងសង់​បាន​ប្រមាណ​ ៦០ ​ភាគរយ ហើយ​ដោយ​រោងចក្រ​នេះ​អាច​បង្កើន​សមត្ថភាព​ផលិត​ទឹកស្អាត​ក្នុង​រាជធានី​-​ភ្នំពេញ​បាន ៦៥ ​ភាគរយ​។ តាម​ផែនការ​រោងចក្រ​នេះ​នឹង​ដាក់ឱ្យ​ដំណើរការ​នៅ​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២៣ ​ខាងមុខ​។

លទ្ធផល​នេះ​ត្រូវ​បានបង្ហាញ​ក្នុងអំឡុង​ដំណើរ​ទស្សនកិច្ច​របស់​ក្រុមមន្ត្រី​រដ្ឋាករទឹក​ស្វយ័ត​ក្រុងភ្នំពេញ​, ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និង​នវានុវត្តន៍​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​, ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង ​(AFD), ធនាគារ​វិនិយោគ​អឺរ៉ុប (EI-B) និង​សហភាព​អឺរ៉ុប​ ( EU) នៅ​ការដ្ឋាន​សំណង់​កាលពី​ថ្ងៃទី​ ៤ ខែមេសា​។

គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​បាក់​ខែង គឺជា​គម្រោង​ហេដ្ឋារចនាសម្ព័ន្ធ​ដ៏សំខាន់​ដែល​បានកំណត់​ក្នុង​ផែនការមេ​ទី​ ៣ ឆ្នាំ​ ២០១៦-២០៣០ របស់​រដ្ឋាករ​ទឹក​ស្វយ័ត​ភ្នំពេញ​ (PPWSA)​។ សមត្ថភាព​ផលិត​សរុប​របស់​រោងចក្រ​នេះ​មាន ៣៩០ ០០០ ​ម៉ែត្រគុប​ក្នុង​ ១ ​ថ្ងៃ​ដែល​សង់​ជា ២ ​ដំណាក់កាល​។

សមត្ថភាព​នេះ​នឹង​គ្រប់គ្រាន់​ដើម្បី​ឆ្លើយតប​នឹង​ការខ្វះខាត​ទឹកស្អាត​ក្នុង​រាជធានី​ភ្នំពេញ​នាពេល​បច្ចុប្បន្ន ដែល​ត្រូវបាន​ប៉ាន់ប្រមាណ​ថា មាន​ចំនួន ២០០ ០០០ ​ម៉ែត្រគុប​ក្នុង​ ១​ ថ្ងៃ​នៅ​អំឡុង​រដូវប្រាំង​។ រយៈពេល​ត្រឹម ១​ ឆ្នាំ​បន្ទាប់ពី​ពិធីបើកការដ្ឋាន​សាងសង់​ក្រោម​អធិបតីភាព​លោកនាយក​រដ្ឋមន្ត្រី​កម្ពុជា​ដំណាក់កាល​ទី​ ១​ នៃ​គម្រោង​សម្រេចបាន ៦០ ​ភាគរយ​ហើយ​គ្រោង​នឹងដាក់​ឱ្យ​ដំណើរការ​នៅ​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២៣​។ សមត្ថភាព​ពេញលេញ​នឹង​សម្រេចបាន​នៅ​រយៈពេល ​១ ​ឆ្នាំ​បន្ទាប់ពី​ការបញ្ចប់​ដំណាក់កាល​ទី ​២​។

គម្រោង​នេះ​ត្រូវបាន​ផ្តល់​ហិរញ្ញប្បទាន​ដោយ​ប្រាក់កម្ចី​ចំនួន​ ២​ ដែលមាន​តម្លៃ ១៨៦,៤​ លាន​ដុល្លារ​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង ​(AFD) កម្ចី ១០០ ​លាន​ដុល្លារ​បាន​ពី​ធនាគារ​វិនិយោគ​អឺរ៉ុប​ (EIB) បន្ថែមនឹង​ជំនួយ​ឥតសំណង ១៤ ​លាន​ដុល្លារ​ពី​សហភាព​អឺរ៉ុប ​(EU) តាមរយៈ Asia Investment Facility និង​ការវិនិយោគ​ផ្ទាល់​ដោយ​រដ្ឋាករទឹក​ស្វយ័ត​ក្រុង​ភ្នំពេញ ចំនួន ៨០ ​លាន​ដុល្លារ​។

លោក ឡុង ណារ៉ូ អគ្គនាយក​ក្រុមហ៊ុន PPWSA បានឱ្យដឹងថា ដោយ​សហការ​ជាមួយ​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង​ (AFD) ធនាគារ​វិនិយោគ​អឺរ៉ុប (EIB) និង​ដៃគូ​អភិវឌ្ឍន៍​ផ្សេងទៀត PPWSA បាន​បន្ត​ជួសជុល ស្តារ​នីតិសម្បទា និង​អភិវឌ្ឍ​រោងចក្រ និង​បណ្តាញ​ផលិត​ទឹកស្អាត​នៅ​កម្ពុជា​។

លោក​បន្តថា​៖ «​បន្ទាប់ពី​ការបញ្ចប់​គម្រោង​ផ្គត់ផ្គង់​ទឹកស្អាត​បាក់​ខែង​ក្នុង​ឆ្នាំ​ ២០២៤ សមត្ថភាព​ផលិត​របស់​យើង​នឹង​កើន​ពី ៦០០ ០០០ ​ម៉ែត្រគុប​ក្នុង ១ ​ថ្ងៃ​ដល់ ១ ០០០ ០០០ ​ម៉ែត្រគុប​ក្នុង ១ ​ថ្ងៃ​។ ការណ៍​នេះ​នឹង​ឆ្លើយតប​ទៅនឹង​ការកើនឡើង​នៃ​តម្រូវការ​ទឹកស្អាត​ក្នុង​រាជធានី​ភ្នំពេញ និង​ការពង្រីក​ទៅ​ទិសដៅ​ជាច្រើន​ទៀត​»​។

លោក Kris Peeters អនុប្រធាន EIB ទទួលបន្ទុក​ប្រតិបត្តិការ​នៅ​កម្ពុជា បានឱ្យ​ដឹងថា កិច្ចសហប្រតិបត្តិការ​រវាង​រដ្ឋាភិបាល​កម្ពុជា និង​ក្រុម​អឺរ៉ុប រួមទាំង​ធនាគារ​វិនិយោគ​អឺរ៉ុប ធនាគារ​សហភាព​អឺរ៉ុប​លើ​ការអនុវត្ត​គម្រោង​បាក់​ខែង​គឺជា​គំរូ​ដ៏ល្អ​មួយ​អំពី​របៀប​ដែល​ប្រទេស​នានា​អាច​ធ្វើការ​រួមគ្នា​ ដើម្បី​កែលម្អ​ជីវភាព​រស់នៅ និង​ចក្ខុវិស័យសេដ្ឋកិច្ច សង្គម និង​សុខភាព​សម្រាប់​ប្រជាជន​របស់​ពួកគេ​។

លោក​លើកឡើង​ថា​៖ «​ខ្ញុំ​ជឿថា ការដាក់ឱ្យ​ប្រើប្រាស់ EIB Global ដែលជា​សាខា​មួយ​នេះ​គឺជា​ការខិតខំ​ប្រឹងប្រែង​សម្រាប់​ប្រតិបត្តិការ​របស់ EIB នៅ​ខាងក្រៅ​សហភាព​អឺរ៉ុប​នឹង​អនុញ្ញាត​ឱ្យ​យើង​ចម្លង​គម្រោង​ដូចជា​បាក់ខែង នេះ​នឹង​បង្កើន​ឥទ្ធិពល​របស់​យើង​នៅក្នុង​បណ្ដា​ប្រទេស​ជាង ១៦០ ​ជុំវិញ​ពិភពលោក​ដែល​យើង​គាំទ្រ​»​។

PPWSA កំពុង​ប្រឈម​នឹង​តម្រូវការ​ទឹក​ដែល​កើនឡើង​យ៉ាង​ឆាប់រហ័ស​តាំងពី​ឆ្នាំ​ ២០១០ ដោយសារ​កំណើន​សំណង់ និង​ប្រជាជន​។ បន្ទាប់ពី​ការបង្កើន​សមត្ថភាព​ផលិត​ទឹក​របស់ខ្លួន​ទ្វេដង​ពី​ចន្លោះ​ឆ្នាំ​ ២០១២-២០១៧ នៅពេលនេះ PPWSA មាន​គោលបំណង​រក្សា​ការផ្ដល់សេវា​តម្រូវការ​ទឹកស្អាត​របស់ខ្លួន និង​ពង្រីក​តំបន់​សេវាកម្ម​របស់ខ្លួន​ដល់ ១០០​ ភាគរយ​នៅ​ទីក្រុង​ត្រឹម​ឆ្នាំ​ ២០២៥ ដោយមាន​ការគាំទ្រ​រួមគ្នា​ពី​ទីភ្នាក់ងារ​អភិវឌ្ឍន៍​បារាំង ធនាគារ​វិនិយោគ​អឺរ៉ុប និង​សហភាព​អឺរ៉ុប​៕ LA

វីដេអូ៖