ភ្នំពេញៈ កម្ពុជា​បាន​បើក​ជើងហោះហើរ​ត្រង់​ថ្មី​ពី​ទីក្រុង​ចឹង​ចូវ ប្រទេស​ចិន មកកាន់​រាជធានី​ភ្នំពេញ ដោយបាន​ចាប់ផ្តើម​កាល​ពីថ្ងៃ​ទី​ ៥ ខែមេសា តាមរយៈ​ជើងហោះហើរ​របស់​ក្រុមហ៊ុន​កម្ពុជា​អង្គរ​អ៊ែរ​។

អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នេះ​ជា​សញ្ញា​វិជ្ជមាន​មួយ​ក្នុង​ការបើក​ការហោះហើរ​ត្រង់​ឡើងវិញ រវាង​កម្ពុជា​ និង​ចិន បន្ទាប់ពី​ផ្អាក​អស់​រយៈពេល​ជាង ២ ​ឆ្នាំ​ដោយ​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​។

លោក​បន្ថែមថា នៅ​មុនពេល​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ប្រទេស​ទាំង​ ២​ បាន​បើក​ជើងហោះ​ត្រង់​ជាមួយគ្នា​ពី​ទីក្រុង​ជាង ៣០​ របស់​ចិន​មក​ប្រទេស​កម្ពុជា ប៉ុន្តែ​ក្រោយមក​ក៏បាន​កាត់បន្ថយ​ជា​បន្តបន្ទាប់ ដោយសារ​ការរីក​រាលដាល​ជំងឺ​កូវីដ-១៩ ក្នុងប្រទេស​ទាំង​ ២ និង​សកលលោក​។

លោក​បញ្ជាក់ថា​៖ «​កាលពី​អំឡុង​ឆ្នាំ​ ២០១៩ យើង​មាន​ជើង​ហោះ​ច្រើន​ពី​ប្រទេស​ចិន តែ​ចាប់តាំងពី​ផ្ទុះ​ជំងឺ​កូវីដ​ ១៩ ​មក​នៅសល់​ត្រឹម ១-២ ​ទីក្រុង​ប៉ុណ្ណោះ​។ ប៉ុន្តែ​នៅពេលនេះ​ការបើក​ជើងហោះហើរ​ពី​ទីក្រុង​នានា​របស់​ចិន​មក​កម្ពុជា​ចាប់ផ្តើម​មាន​ឡើងវិញ​ជា​បន្តបន្ទាប់ ដែល​នេះ​បង្ហាញ​ពី​សញ្ញា​វិជ្ជមាន​ថ្មី​ពី​វិស័យ​អាកាសចរណ៍​របស់​ប្រទេស​កម្ពុជា​។

បើតាម​អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​រូបនេះ អ្នកដំណើរ​ដែល​មក​តាម​ជើង​ហោះ​របស់​ក្រុមហ៊ុន​កម្ពុជា​អង្គរ​អ៊ែរ ភាគច្រើន​ជា​វិនិយោគិន​ចិន ឬ​ជា​អ្នកបម្រើ​ការ​នៅ​ក្រុមហ៊ុន​ចិន​នៅ​កម្ពុជា​។ ទោះយ៉ាងណា លោក​បន្តថា ចំនួន​ជើងហោះហើរ និង​ក្រុមហ៊ុន​ហោះហើរ​ពី​ទីក្រុង​ចឹងចូវ គឺ​នៅមាន​កំណត់​។

ទីប្រឹក្សា​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា លោក ហូ វណ្ឌី យល់ឃើញថា ការបើក​ជើង​ហោះ​ត្រង់​ថ្មី​ពី​ទីក្រុង​ចឹងចូវ​នេះ អាច​ផ្តល់​ក្តីសង្ឃឹម​ថ្មី​មួយទៀត​សម្រាប់​វិស័យ​ទេសចរណ៍​កម្ពុជា ទោះបី​កន្លងទៅ​ទេសចរ​មក​ទីក្រុង​មួយ​នេះ​នៅមានកម្រិត​ក៏ដោយ​។

លោក​បន្ថែមថា ភ្ញៀវទេសចរ​មកពី​ប្រទេស​ចិន​ដែល​ចូលមក​កម្សាន្ត​នៅ​កម្ពុជា​មុនពេល​មាន​វិបត្តិ​កូវីដ​ ១៩ ភាគច្រើន​មកពី​ទីក្រុង​ក្វាងចូវ​, គុនមីង​, សៀងហៃ​ជាដើម ប៉ុន្តែ​ភ្ញៀវទេសចរ​មកពី​ខាង​ទីក្រុង​ចឹងចូវ​នៅមានកម្រិត​។ ដូចនេះ​ការបើក​ជើង​ហោះហើរ​ត្រង់​ពី​ទីក្រុង​នេះ​អាច​នឹង​ជំរុញ​ចលនា​ទេសចរណ៍​ថ្មីៗ​មក​កម្សាន្ត​នៅ​កម្ពុជា ស្របពេល​កម្ពុជា​បានចាប់ផ្តើម​បើកទទួល​ទេសចរ​អន្តរជាតិ​ចាក់​វ៉ាក់សាំង​រួច​។

បែបនេះ​នេះ​ក្តី លោក​និយាយ​ថា លំហូរ​ទេសចរ​នឹងមាន​ច្រើន លុះណាតែ​ប្រទេស​ទាំង​ ២ ​មាន​ការបើក​រនាំង​ទេសចរណ៍ គឺ​ការកាត់បន្ថយ​ការរឹតបន្តឹង​លើ​ការចេញចូល​ដូចគ្នា​ទើប​ចលនា​ទេសចរណ៍​មាន​ភាពប្រសើរ​។

លោក​ថ្លែងថា​៖ «​យើង​បាន​សំណូមពរ​យ៉ាងទទូច​ទាក់ទង​នឹង​របត់​ថ្មី​មានន័យថា គោលនយោបាយ​បើកចំហរ​នេះ​ទាល់តែ​មាន​ការដក​រនាំង​ចេញ​ទើប​ភ្ញៀវ​បាន​ស្រួល​ចិត្ត​ព្រោះ​ថា​រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ប្រកាស​ដក​រនាំង​កូវីដ​នេះ​តាំងពី​ថ្ងៃទី​ ១៧ ខែមីនា​។ ដូចនេះ​ទីក្រុង​ផ្សេង ឬ​ប្រទេស​ផ្សេង​ក៏​យើង​សំណូមពរ​ឱ្យ​អនុវត្ត​ដូច​កម្ពុជា​ដើម្បី​ឱ្យមាន​ភាពរលូន​ចំពោះ​ការធ្វើដំណើរ​»​។

លោក​ក៏បាន​លើក​សំណូមពរ​ដល់​រដ្ឋបាល​ទេសចរណ៍​ចិន​ពាក់ព័ន្ធ​ទៅនឹង​ការលក់​កញ្ចប់​ទស្សនកិច្ច​ទេសចរណ៍​ចូលមក​កម្ពុជា​ជា​ប្រភេទ​កញ្ចប់​ទេសចរណ៍ Zero Package និង​មក​ទេសចរណ៍​ក្នុង​គោលដៅ​លេងល្បែង​ស៊ីសង ថែមទាំង​មានការ​ជំរិត​ទារលុយ​ពី​ភ្ញៀវ​ជាដើម ដែល​អាចធ្វើឱ្យ​ប៉ះពាល់​ដល់​កេរ្តិ៍ឈ្មោះ​របស់​កម្ពុជា​៕LA