
កម្មករ កំពុងដំឡើងកង់នៅក្នុងរោងចក្រមួយដែលកំពុងដំណើរការនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ រូបថត សហការី
ភ្នំពេញៈ សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថា នឹងកើនឡើង ៥,៣ ភាគរយនៅឆ្នាំ ២០២២ និងចំនួន ៦,៥ ភាគរយនៅឆ្នាំ ២០២៣ ដោយសារកំណើននៃការនាំចេញទំនិញ និងលំហូរវិនិយោគផ្ទាល់ពីបរទេស។
បើយោងតាមរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (ADO) ឆ្នាំ ២០២២ ផលិតកម្មឧស្សាហកម្មត្រូវរំពឹងថានឹងកើន ៨,១ ភាគរយ នៅឆ្នាំ ២០២២ និង ៩,១ ភាគរយឆ្នាំ ២០២៣។ កំណើននេះក៏នឹងត្រូវបានជំរុញដោយការអនុវត្តយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យកាត់ដេរ ផលិតស្បែកជើង និងកាបូប ដែលមានគោលបំណងបង្កើនការប្រកួតប្រជែងនៅក្នុងផ្នែកនេះ។ ការនាំចេញទំនិញ និងសេវាកម្មត្រូវព្យាករថានឹងកើនឡើងនៅឆ្នាំ ២០២២ និង ២០២៣ ដោយសារកំណើនតម្រូវការក្រៅស្រុកលើផលិតផលកម្ពុជា ព្រមជាមួយការងើបឡើងជាបណ្តើរៗនៃវិស័យទេសចរណ៍។ វិស័យសេវាកម្មត្រូវព្យាករថា នឹងងើបឡើងវិញក្នុងកម្រិត ៤,៨ ភាគរយនៅឆ្នាំនេះ និងកើនដល់ ៦,៨ ភាគរយក្នុងឆ្នាំ ២០២៣។ ការបើកសេដ្ឋកិច្ចឡើងវិញ និងការចាក់ថ្នាំបង្ការទូលំទូលាយប្រឆាំងនឹងជំងឺកូវីដ ១៩ នឹងធ្វើឱ្យមានការងើបឡើងវិញបន្តិចម្តងៗនៃវិស័យទេសចរណ៍ដែលនឹងជួយគាំទ្រតម្រូវការកន្លែងស្នាក់នៅ ម្ហូបអាហារ ការដឹកជញ្ជូន និងសេវាកម្មផ្ទាល់ផ្សេងទៀត។
នៅក្នុងកម្មវិធីផ្សព្វផ្សាយជំពូកស្តីពីកម្ពុជាក្នុងរបាយការណ៍ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី ២០២២ (ADO 2022) កាលពីថ្ងៃទី ៦ ខែមេសា នាយកស្តីទីប្រចាំកម្ពុជារបស់ ADB លោក Anthony Gill បាននិយាយថា កំណើនសេដ្ឋកិច្ចប្រទេសកម្ពុជាបានងើបឡើងវិញដល់ប្រមាណ ៣,០ ភាគរយក្នុងឆ្នាំ ២០២១ បន្ទាប់ពីធ្លាក់ចុះ ៣,១ ភាគរយក្នុងឆ្នាំ ២០២០។
លោកថ្លែងថា៖ «រាជរដ្ឋាភិបាលបានអនុវត្តគោលនយោបាយនានា ដើម្បីកាត់បន្ថយផលប៉ះពាល់អវិជ្ជមាននៃកូវីដ ១៩ មកលើអាជីវកម្ម និងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ និងគាំទ្រដល់ការស្តារសេដ្ឋកិច្ចឡើងវិញ។ ការចាក់វ៉ាក់សាំងបានយ៉ាងទូលំទូលាយប្រឆាំងនឹងកូវីដ ១៩ បានអនុញ្ញាតឱ្យកម្ពុជាបើកព្រំដែនរបស់ខ្លួនឡើងវិញសម្រាប់ពាណិជ្ជកម្ម និងទេសចរណ៍ដែលនាំទៅរកការរំពឹងទុកជាវិជ្ជមាននៃកំណើនសេដ្ឋកិច្ចសម្រាប់ឆ្នាំនេះ និងឆ្នាំ ២០២៣»។
លោក Anthony បានបន្ថែមថា ការបង្កើនពាណិជ្ជកម្ម និងទេសចរណ៍តែមួយមុខនឹងមិនគ្រប់គ្រាន់សម្រាប់ជួយកម្ពុជាឱ្យមាននិរន្តរភាពកំណើនសេដ្ឋកិច្ចខ្ពស់ឡើយ។ ប្រទេសកម្ពុជាដែលធ្លាប់តែផ្តោតលើការផលិត និងការនាំចេញសម្លៀកបំពាក់ ទំនិញធ្វើដំណើរ និងស្បែកជើង អាចទទួលបានផលប្រយោជន៍ពីការធ្វើពិពិធកម្មនៃឧស្សាហកម្មធុនស្រាល ដូចជា កង់ គ្រឿងបន្លាស់អេឡិចត្រូនិក និងផលិតផលខ្សែភ្លើងជាដើម។ ការធ្វើពិពិធកម្មនេះនឹងធ្វើឱ្យសេដ្ឋកិច្ចមានភាពធន់នឹងវិបត្តិនានានៃតម្រូវការក្រៅស្រុក។
អ្នកជំនាញសេដ្ឋកិច្ចនៅរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា លោកយល់ស្របខ្លះដែរចំពោះរបាយការណ៍ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប៉ុន្តែលោកថា សេដ្ឋកិច្ចរបស់កម្ពុជាក្នុងឆ្នាំ ២០២២ នេះអាចនឹងកើនឡើងមិនដល់ ៥,៣ ភាគរយដូច ADB លើកឡើងទេ។
លោកប៉ាន់ប្រមាណថា ឆ្នាំ ២០២២ សេដ្ឋកិច្ចកម្ពុជាអាចនឹងឡើងក្នុងរង្វង់ ៣ ភាគរយប៉ុណ្ណោះ ដោយយោងតាមលក្ខខណ្ឌទិន្នន័យបច្ចុប្បន្ន។ លោកបន្តថា ទិន្នន័យនេះអាចមានការប្រែប្រួលក្នុងករណីដែលលក្ខខណ្ឌសេដ្ឋកិច្ចនាពេលខាងមុខប្រែប្រួល។
លោកបញ្ជាក់ថា៖ «ការលើកឡើងរបស់ ADB នេះដោយសារតែការនាំចេញរបស់កម្ពុជាមានការកើនឡើងក្នុងវិស័យកាត់ដេរ និងការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីជាមួយចិន និងកូរ៉េ ក្នុងការនាំចេញកសិផលដូចជា មៀនប៉ៃលិន និងផ្លែស្វាយជាដើម ខណៈជប៉ុនវិញក៏បាននាំចូលពីកម្ពុជាច្រើនដែរ។ ចំណែកវិស័យមួយចំនួននៅក្នុងស្រុកក៏នឹងមានកំណើនផងដែរ ដូចជា វិស័យលក់រាយ»។
ទោះយ៉ាងណាអ្នកជំនាញសេដ្ឋកិច្ចរូបនេះមើលឃើញថា មានវិស័យមួយចំនួនទៀតនៅបន្តរងគ្រោះ និងមានបញ្ហាប្រឈមដែលពិបាកក្នុងការងើបឡើងវិញ រួមមាន វិស័យអចលនទ្រព្យ និងសេវាកម្មទេសចរណ៍ ជាពិសេសទេសចរណ៍ក្រៅប្រទេស។
គួរបញ្ជាក់ថា បច្ចុប្បន្ន ADB កំពុងអនុវត្តគម្រោងវិនិយោគចំនួន ២,៣ ពាន់លានដុល្លារនៅកម្ពុជា។ ក្នុងឆ្នាំ ២០២១ ADB បានអនុម័តផ្តល់ប្រាក់កម្ចី និងជំនួយឥតសំណង ៣២៧,១ លានដុល្លារ ហើយបានកៀរគរថវិកាបន្ថែម ៥ លានដុល្លារតាមរយៈសហហិរញ្ញប្បទានសម្រាប់ប្រទេសកម្ពុជា។ ថវិការបស់ ADB ដែលត្រៀមសម្រាប់កម្ពុជាក្នុងឆ្នាំ ២០២២-២០២៥ រួមមានកម្ចីសម្បទាន ១,៤៤ ពាន់លានដុល្លារ និងជំនួយឥតសំណងចំនួន ៣៧ លានដុល្លារ ដើម្បីគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច និងការងើបឡើងវិញពីជំងឺរាតត្បាតកូវីដ ១៩៕ LA