ភ្នំពេញៈ រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា បានឱ្យ​ដឹងថា កម្ពុជា​ក្នុងនាម​ប្រធាន​នៃ​កិច្ចប្រជុំ​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​អាស៊ាន បាននិង​កំពុង​ជំរុញ និង​ពន្លឿន​ការចរចា​លើ​បញ្ហា​ដែល​នៅ​សេសសល់​ ដើម្បី​បញ្ចប់​កិច្ចព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​អូស្ត្រាលី​-​នូវែលសេឡង់ (AANZFTA) ក្នុង​គោលបំណង​ធ្វើឱ្យ​ប្រសើរឡើង​នៃ​កិច្ចព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី​នេះ ឱ្យ​ស្របតាម​ពេលវេលា​កំណត់ ក្នុង​ឆ្នាំ​ ២០២២ ​នេះ​។

ក្នុងជំនួប​ពិភាក្សា​តាម​ប្រព័ន្ធ​វីដេអូ​ជាមួយ​លោក Phil Twyford អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​នាំចេញ​នៃ​ប្រទេស​នូវែលសេឡង់​កាលពី​ថ្ងៃទី​ ៥ ខែមេសា លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រី​ក្រសួង​ពាណិជ្ជកម្ម​ថ្លែងថា ការចរចា​លើ​ការធ្វើឱ្យ​ប្រសើរឡើង​នៃ​កិច្ចព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី​អាស៊ាន​-​អូស្ត្រាលី​-​នូវែលសេឡង់ (AANZFTA Upgrade) គឺជា​សមិទ្ធផល​អាទិភាព​សេដ្ឋកិច្ច (Priority Economic Deliverable) មួយ​ក្នុងចំណោម​សមិទ្ធផល​អាទិភាព​សេដ្ឋកិច្ច​ដទៃទៀត​របស់​កម្ពុជា សម្រាប់​ឆ្នាំ ​២០២២ ដែល​ស្ថិតក្រោម​គោលដៅ​យុទ្ធសាស្ត្រ​ស្តីពី​សកល​ភាវូបនីយកម្ម​អាស៊ាន​ ដើម្បី​ភាព​រីកចម្រើន និង​អភិវឌ្ឍន៍​។

លោក​រដ្ឋមន្ត្រី​ក៏បាន​លើកឡើង​អំពី​វឌ្ឍនភាព​នៃ​ដំណើរ​ការផ្តល់​សច្ចាប័ន​លើ​កិច្ចព្រមព្រៀង​គ្រប់​ជ្រុងជ្រោយ​តំបន់ (RCEP) របស់​រដ្ឋ​សមាជិក​អាស៊ាន​ដែល​កំពុង​បំពេញ​នីតិវិធី​ក្នុងស្រុក ដើម្បីឱ្យ​កិច្ចព្រមព្រៀង​នេះ​អាច​ចូល​ជាធរ​មាន​បាន​ពេញលេញ ដែល​ការចូល​ជា​ធរមាន​នេះ គឺជា​សមិទ្ធផល​អាទិភាព​សេដ្ឋកិច្ច​មួយ​ក្រោម​ភាព​ជា​ប្រធាន​អាស៊ាន​របស់​កម្ពុជា​ឆ្នាំ​ ២០២២​ នេះ​។

ក្នុងជំនួប​ទ្វេភាគី​នោះ លោក Phil Twyford អនុរដ្ឋមន្ត្រី​ពាណិជ្ជកម្ម និង​នាំចេញ​នៃ​ប្រទេស​នូវែលសេឡង់​បាន​ចាត់ទុក​សមិទ្ធផល​អាទិភាព​សេដ្ឋកិច្ច​កម្ពុជា​ដែល​បាន​ស្នើឡើង​ថា មានតម្លៃ​ធំធេង និង​បាន​ឆ្លុះបញ្ចាំង​អំពី​ការឆ្លើយតប​ទៅនឹង​ការវិវឌ្ឍ​សកល ហើយ​ចាត់ទុក​ការបញ្ចប់​ការចរចា​ធ្វើឱ្យ​ប្រសើរឡើង​នៃ​កិច្ចព្រមព្រៀង​តំបន់​ពាណិជ្ជកម្ម​សេរី AANZFTA ជា​កិច្ចការ​អាទិភាព​សម្រាប់​កិច្ចសហប្រតិបត្តិការ​រវាង​អាស៊ាន និង​ភាគី​ហត្ថលេខី​ក្នុងឆ្នាំនេះ​។

ទន្ទឹមនឹងនេះ លោក​បានបញ្ជាក់​ពី​ការបន្ត​គាំទ្រ​របស់​ប្រទេស​នូវែលសេឡង់​ចំពោះ​កម្ពុជា​ក្នុងនាម​ជា​ប្រធាន​អាស៊ាន​ឆ្លាស់​វេន​ឆ្នាំ​ ២០២២ និង​ប្តេជ្ញា​បន្ត​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​កម្ពុជា សំដៅ​អាច​សម្រេច​បាន​នូវ​សមិទ្ធផល​អាទិភាព​របស់​កម្ពុជា​ប្រកប​ដោយ​ជោគជ័យ ដើម្បី​កសាង​សហគមន៍​អាស៊ាន និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច​តំបន់​ប្រកបដោយ​បរិយាប័ន្ន ចីរភាព និង​ភាពធន់​រឹងមាំ​។

លោក ប៉ែន សុ​វិជាតិ អ្នក​នាំពាក្យ​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា​បានឱ្យដឹងថា ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​អូស្ត្រាលី​-​នូវែលសេឡង់​ក្នុង​ឆ្នាំ ​២០២១ សម្រេចបាន​ចំនួន​ជាង​ ៣៥៥​ លាន​ដុល្លារ​អាមេរិក កើនឡើង​ ៤៦,៦៥ ​ភាគរយ ធៀប​ឆ្នាំ​ ២០២០ មាន​ចំនួន​ជាង ២៤២ ​ពាន់​លាន​ដុល្លារ​អាមេរិក​៕LA