ទីក្រុងកូឡុំបូៈ ប្រធានសភា​បាន​ព្រមាន​កាលពី​ថ្ងៃ​ពុធ​ថា វិបត្តិ​សេដ្ឋកិច្ច​ដែល​ជាប់គាំង​របស់​ប្រទេស​ស្រីលង្កា បង្ក​ហានិភ័យ​ការអត់ឃ្លាន​នៅ​ទូទាំងប្រទេស​ដី​កោះ​មួយ​នេះ​ដែលមាន​ប្រជាជន​ចំនួន​ ២២​ លាន​នាក់ ខណៈ​ដែល​កង្វះខាត​យ៉ាងខ្លាំង និង​ការដាច់​ចរន្តអគ្គិសនី​នឹង​កាន់តែ​អាក្រក់​ទៅៗ​។

ការផ្គត់ផ្គង់​ស្បៀងអាហា​រ និង​ប្រេងឥន្ធនៈ​ដែល​ខ្វះខាត​រួម​ជាមួយ​នឹង​អតិផរណា​កើនឡើង​ខ្ពស់បំផុត​មិន​ធ្លាប់មាន និង​ការដាច់​ចរន្តអគ្គិសនី​បាន​បណ្ដាលឱ្យ​មានការ​លំបាក​វេទនា​កាន់តែខ្លាំង​ដោយសារតែ​ការធ្លាក់ចុះ​ដែល​រង​ផលប៉ះពាល់​ខ្លាំង​បំផុត​របស់​ប្រទេស​នេះ​ចាប់តាំងពី​ទទួលបាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស​កាលពី​ឆ្នាំ​ ១៩៤៨​។

ការខឹង​សម្បា​ជា​សាធារណៈ​កំពុង​តែ​ក្តៅគគុក​ដោយមាន​ហ្វូងមនុស្ស​ព្យាយាម​សម្រុកចូល​ផ្ទះ​របស់​ឥស្សរជន​រដ្ឋាភិបាល​មួយចំនួន រួមទាំង​លោក​ប្រធានាធិបតី Gotabaya Rajapaksa និង​បាតុកម្ម​ទ្រង់ទ្រាយ​ធំ​នៅតាម​កន្លែង​ផ្សេងទៀត​។

លោក Mahinda YapaAbeywardana បាន​ប្រាប់​សមាជិកសភា​ថា ការលំបាក​កាន់តែខ្លាំង​នឹង​កើតឡើង​។

លោក Abeywardana បានឱ្យដឹង​នៅពេល​ចាប់ផ្តើម​ការពិភាក្សា​រយៈពេល ​២​ ថ្ងៃ​ស្តីពី​បញ្ហា​សេដ្ឋកិច្ច​ដែល​កាន់តែ​អាក្រក់​ទៅៗ​ថា​៖ «​យើង​ត្រូវបាន​គេ​ប្រាប់ថា​នេះ​គឺជា​វិបត្តិ​ដ៏​អាក្រក់​បំផុត ប៉ុន្តែ​ខ្ញុំ​គិតថា ការណ៍​នេះ​ទើបតែ​ចាប់ផ្តើម​ប៉ុណ្ណោះ​»​។

លោក​ថ្លែងថា​៖ «​ការខ្វះខាត​ស្បៀងអាហារ ឧស្ម័ន និង​កង្វះ​អគ្គិសនី​នឹង​កាន់តែ​អាក្រក់​ទៅ​...​នឹងមាន​ការខ្វះខាត​ស្បៀង​យ៉ាងធ្ងន់ធ្ងរ និង​ការអត់ឃ្លាន​»​។

កងកម្លាំង​សន្តិសុខ​បាន​បំបែក​ការ​ហ្វូង​ក្រុម​តវ៉ា​ប្រឆាំង ដោយ​ប្រើ​ឧស្ម័ន​បង្ហូរទឹកភ្នែក កាណុង​បាញ់​ទឹក និង​គ្រាប់​កៅស៊ូ ប៉ុន្តែ​ការដាក់​ប្រទេស​ក្នុង​ភាពអាសន្ន​ដោយ​ប្រធានាធិបតី​កាលពី​សប្តាហ៍​មុន ដើម្បី​បង្ក្រាប​បាតុកម្ម​ត្រូវបាន​លុបចោល​កាលពី​ពាក់កណ្តាល​អធ្រាត្រ​។

មនុស្ស​ជាង​ ៦០​ នាក់​ត្រូវបាន​ចាប់ខ្លួន​ជាប់​ពាក់ព័ន្ធ​នឹង​ភាពចលាចល ហើយ​មនុស្ស​ជាច្រើន​បានឱ្យដឹងថា ពួកគេ​ត្រូវបាន​គេ​ធ្វើ​ទារុណកម្ម​នៅក្នុង​មន្ទីរ​ឃុំឃាំង​របស់​ប៉ូលិស​។

ក្រុម​សមាជិកសភា​បាន​ជំរុញ​ឱ្យ​មាន​ការពិភាក្សា​មួយ​លើ​ក្រឹត្យ​គ្រាអាសន្ន​ក្នុងអំឡុង​សម័យ​ប្រជុំ​សភា​នៅ​សប្តាហ៍​នេះ ដែល​រដ្ឋាភិបាល​បាន​បាត់បង់​មតិ​ភាគច្រើន​ បន្ទាប់ពី​ការបោះបង់ចោល​សម្ព័ន្ធមិត្ត​នយោបាយ ដែល​ភាគ​ច្រើន​នៃ​ពួកគេ​បាន​អំពាវនាវ​ឱ្យ​ប្រធានាធិបតី លោក Rajapaksa ចុះ​ចេញពី​តំណែង​។

គណបក្សប្រឆាំង​បាន​ច្រានចោល​ការ​ទំនាក់ទំនង​របស់​លោក​ប្រធានាធិបតី​រួចហើយ​ ដើម្បី​បង្កើត​រដ្ឋបាល​បង្រួបបង្រួម​មួយ បន្ទាប់ពី​ការលាលែង​តំណែង​របស់​គណៈរដ្ឋមន្ត្រី​ស្ទើរតែ​ទាំងអស់​កាលពី​ល្ងាច​ថ្ងៃអាទិត្យ​។

ប៉ុន្តែ​រហូតមក​ដល់ពេល​នេះ មិនទាន់​មាន​សញ្ញា​ច្បាស់លាស់​ណាមួយ​ដែលថា​សមាជិកសភា​បក្ស​ប្រឆាំង​នឹងដាក់​ញ្ញត្តិ​ដក​សេចក្ដី​ទុកចិត្ត ដើម្បី​ផ្តួលរំលំ​រដ្ឋបាល​របស់​លោក​ប្រធានាធិបតី Rajapaksa នោះទេ​។

កង្វះ​រូបិយប័ណ្ណ​បរទេស​យ៉ាងខ្លាំង​បាន​ធ្វើឱ្យ​ប្រទេស​ស្រីលង្កា​ជួប​ការលំបាក​ក្នុងការ​នាំចូល​ទំនិញ​សំខាន់ៗ ដោយ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​បាន​បំផ្លាញ​ប្រាក់ចំណូល​សំខាន់ៗ​បាន​ពី​វិស័យ​ទេសចរណ៍ និង​ការផ្ទេ​ប្រាក់​ពី​ក្រៅប្រទេស​ចូលមកក្នុង​ប្រទេស​វិញ​សម្រាប់​ជា​ទុន​ ដើម្បី​ទូទាត់​ទំនិញ​អន្តរជាតិ​សម្រាប់​បំពេញ​សេចក្តី​ត្រូវការ​ក្នុងប្រទេស​។

ទីភ្នាក់ងារ​វាយតម្លៃ​បាន​ព្រមាន​អំពី​ការខកខាន​សងបំណុល​បរទេស​ដែល​អាច​កើតឡើង​ចំនួន​ ៥១ ​ពាន់​លាន​ដុល្លារ​របស់​ប្រទេស​ស្រីលង្កា ហើយ​អាជ្ញាធរ​មិនអាច​បង្កើន​ប្រាក់​កម្ចី​ពាណិជ្ជកម្ម​បន្ថែមទៀត​បានទេ​ ដោយសារតែ​ការទម្លាក់​ចំណាត់ថ្នាក់​ឥណទាន​។

ក្រុម​សេដ្ឋវិទូ បានឱ្យ​ដឹងថា វិបត្តិ​នេះ​កាន់តែ​ធ្ងន់ធ្ងរ​ឡើង​ដោយសារ​ការគ្រប់គ្រង​មិន​ត្រឹមត្រូវ​របស់​រដ្ឋាភិបាល ការខ្ចីប្រាក់​ដែល​កើនឡើង​រយៈពេល​ជាច្រើន​ឆ្នាំ និង​ការកាត់បន្ថយ​ពន្ធ​ដែល​មិន​សម​ហេតុផល​ក្នុងពេល​កន្លងមក​៕ LA

វីដេអូ៖