ទីក្រុងឡុងដ៍ៈ ធនាគារ​អភិវឌ្ឍន៍​អឺរ៉ុប​បានប្រកាស​អំពី​ការផ្អាក​ជាបន្ទាន់​នូវ​លទ្ធភាព​ទទួល​បាន​ហិរញ្ញប្បទាន និង​ជំនាញ​សម្រាប់​ទាំង​ប្រទេស​រុស្ស៊ី និង​ប្រទេស​បេឡារុស​ដោយសារតែ​ការ​លុកលុយ​ចូល​ប្រទេស​អ៊ុយក្រែន​ពី​សំណាក់​រុស្ស៊ី​។

ធនាគារ​មួយ​នេះ​បាន​ឱ្យដឹង​នៅក្នុង​សេចក្តីប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​ធនាគារ​អឺរ៉ុប​សម្រាប់​ការកសាង​ឡើងវិញ និង​ការអភិវឌ្ឍ (EBRD) កំពុង​ឆ្ពោះទៅមុខ​ជាមួយនឹង​ផែនការ​របស់ខ្លួន ដើម្បី​ដក​សហព័ន្ធ​រុស្ស៊ី និង​បេឡា​រុស​មិនឱ្យ​ទទួល​បាន​មូលនិធិ​សម្រាប់​គម្រោង​នានា​»​។

ធនាគារ​នេះ​បន្តថា​៖ «​ក្រុមប្រឹក្សាភិបាល​ធនាគារ​ EBRD បាន​យល់ព្រម​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ប្រឆាំងនឹង​សហព័ន្ធ​រុស្ស៊ី និង​ប្រទេស​បេឡារុស បន្ទាប់ពី​មានការ​លុកលុយ​ចូល​ប្រទេស​អ៊ុយក្រែន​»​។

«​លទ្ធភាព​ទទួលបាន​ដោយ​សហព័ន្ធរុស្ស៊ី និង​បេឡារុស ចំពោះ​ធនធាន​របស់​ធនាគារ​មួយ​នេះ​នឹងត្រូវ​ផ្អាក​ជា​ផ្លូវការ​ដោយមាន​ប្រសិទ្ធភាព​ភ្លាម​»​។ នេះ​បើ​យោងតាម​សេចក្តី​ថ្លែងការណ៍​ធនាគារ​មួយ​នេះ​។

ធនាគារ EBRD រក្សា​សិទ្ធិ​ក្នុងការ​ផ្អាក ឬ​លុបចោល​រាល់​ការទូទាត់​បន្ថែម​សម្រាប់​គម្រោង​វិនិយោគ​ដែលមាន​ស្រាប់​។

គម្រោង​ទាំងនោះ​មានតម្លៃ​ប្រហែល ១,៥ ​ពាន់​លាន​អឺរ៉ូ (១,៧ ​ពាន់​លាន​ដុល្លារ​) នៅក្នុង​ប្រទេស​ទាំង​ ២​។ នេះ​បើ​យោងតាម​ប្រភព​ដែល​ដឹង​ពី​បញ្ហា​នេះ​។

ស្ថាប័ន​ហិរញ្ញវត្ថុ​ដែល​បាន​ថ្កោលទោស​ម្តង​ហើយ​ម្តងទៀត​ចំពោះ​ការ​លុកលុយ​របស់​រុស្ស៊ី​លើ​អ៊ុយក្រែន​បានប្រកាស​រួចហើយ​កាលពី​ខែ​មុន​ថា​ខ្លួន​នឹង​បិទ​ការិយាល័យ​នៅ​ទីក្រុង​ម៉ូស្គូ​ និង​ទីក្រុង​មីនស្កិ៍​ក្នុង​បេឡារុស​។

លោក Odile Renaud-Basso ប្រធាន​ធនាគារ​ EBRD បាន​ថ្លែងថា​៖ «​វា​ជា​រឿង​គួរឱ្យ​សោកស្តាយ​ដែល​យើង​បាន​មកដល់​ចំណុច​នេះ បន្ទាប់ពី​កិច្ចសហប្រតិបត្តិការ និង​សកម្មភាព​ជាច្រើន​ឆ្នាំ​នៅក្នុង​ប្រទេស​ទាំង​ ២»​។

លោក​លើកឡើងថា​៖ «​ទោះជា​យ៉ាងណា​ក៏ដោយ សង្គ្រាម​ដែល​ដឹកនាំ​ដោយ​ប្រទេស​រុស្ស៊ី​លើ​អ៊ុយក្រែន បានធ្វើឱ្យ​យើង​គ្មាន​ជម្រើស​អ្វី​ក្រៅពី​បង្ហាញ​ការ​ថ្កោលទោស​របស់​យើង ឱ្យ​ច្រើនជាង​ការនិយាយ​។

លោក​ថ្លែងថា​៖ «​វិធានការ​នានា​ក៏ត្រូវ​តម្រូវឱ្យមាន​ផងដែរ ដើម្បីឱ្យ​ប្រទេស​ទាំង​ ២​ នេះ​ដឹង​ច្បាស់​ថា​យើង​ជឿថា​ពួកគេ​បានធ្វើឱ្យ​ខូច​តម្លៃ​ដែលមាន​សារៈសំខាន់​សម្រាប់​ពួកយើង ដែលជា​ស្ថាប័ន​មួយ និង​ចំពោះ​សហគមន៍​អន្តរជាតិ​»​។

ធនាគារ EBRD បាន​ព្យាករ​កាលពី​សប្តាហ៍​មុន​ថា​សេដ្ឋកិច្ច​របស់​ប្រទេស​រុស្ស៊ី និង​អ៊ុយក្រែន​នឹង​ធ្លាក់ចុះ ​១០​ ភាគរយ និង ២០ ​ភាគរយ​នៅ​ឆ្នាំនេះ​រៀងខ្លួន ដោយសារ​សង្គ្រាម​បណ្តាលឱ្យមាន «​វិបត្តិ​ផ្គត់ផ្គង់​ខ្លាំង​បំផុត​» ​មិន​ធ្លាប់មាន​ក្នុង​រយៈពេល​ ៥០ ​ឆ្នាំ​។

ស្ថាប័ន​មួយ​នេះ កាលពី​ខែមីនា​បាន​បង្ហាញ​កញ្ចប់ «​ភាពធន់​»​ តម្លៃ​ ២ ​ពាន់​លាន​អឺរ៉ូ ដើម្បី​ជួយ​ប្រជាពលរដ្ឋ ក្រុមហ៊ុន និង​បណ្ដា​ប្រទេស​ដែល​រង​ផលប៉ះពាល់​ដោយសារ​សង្គ្រាម​នៅ​ប្រទេស​អ៊ុយក្រែន រួមទាំង​បណ្ដា​ប្រទេស​ដែល​ទទួលយក​ជនភៀសខ្លួន​ផងដែរ​។

ធនាគារ​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ឡុងដ៍​ដែល​វិនិយោគ​រួមជាមួយ​វិស័យ​ឯកជន​មិនបាន​អនុវត្ត​គម្រោង​វិនិយោគ​ថ្មី​ណាមួយ​នៅក្នុង​ប្រទេស​រុស្ស៊ី​នោះទេ​ចាប់តាំងពី​ឆ្នាំ​ ២០១៤ ​ពេល​ទីក្រុង​ម៉ូស្គូ​បាន​ចូលលុកលុយ​ហើយ​បន្ទាប់មក​បានដាក់​បញ្ចូល​ឧបទ្វីប​គ្រីមៀ ក្រោម​ការ​គ្រប់គ្រង​របស់ខ្លួន​៕ LA