ទីក្រុងម៉ានីលៈ ធនាគារ​អភិវឌ្ឍន៍អាស៊ី (ADB) ​បាន​កាត់បន្ថយ​ការ​ព្យាករ​កំណើន​ឆ្នាំ​ ២០២២​ របស់ខ្លួន​សម្រាប់​ការអភិវឌ្ឍ​អាស៊ី​កាលពី​ថ្ងៃ​ពុធ ដោយសារតែ «​ការកើនឡើង​» សម្ពាធ​តម្លៃ​បន្ទាប់ពី​ការ​លុកលុយ​របស់​ប្រទេស​រុស្ស៊ី​លើ​អ៊ុយក្រែន​គំរាមកំហែង​ដល់​ការ​ស្ទុះ​ងើបឡើង​វិញ ដោយសារតែ​ការរីករាលដាល​វីរុស​អូមីក្រុង​។

ធនាគារ​មួយ​នេះ​បានឱ្យដឹងថា អតិផរណា​នៅ​ទូទាំង​តំបន់​ដ៏​ធំ​មួយ​នេះ ដែល​លាតសន្ធឹង​ពី​កោះ Cook នៅ​ប៉ាស៊ីហ្វិក​ទៅដល់​ប្រទេស​កាហ្សាក់ស្ថាន​នៅ​អាស៊ី​កណ្តាល​ត្រូវបាន​រំពឹងថា​នឹង​កើតឡើង​ក្នុងពេល​ឆាប់ៗ ដោយសារតែ​បណ្តា​ប្រទេស​ជាច្រើន​បាន​ស្ទុះ​ងើបឡើង​វិញ​ពី​ការរីក​រាល​ជំងឺ​កូវីដ ​១៩ ហើយ​តម្លៃ​ថាមពល និង​អាហារ​បាន​កើនឡើង​។

ដោយសារតែ​ការរីករាលដាល​ការឆ្លង​ជំងឺ​កូវីដ​ ១៩​ ដែល​បណ្ដាលមកពី​វីរុស​អូមីក្រុង និង​ជម្លោះ​ក្នុងប្រទេស​អ៊ុយក្រែន ធនាគារ​មាន​មូលដ្ឋាន​នៅ​ប្រទេស​ហ្វីលីពីន​មួយ​នេះ បាន​បន្ទាប​ការ​ព្យាករ​កំណើន​សេដ្ឋកិច្ច​ឆ្នាំ​ ២០២២​ របស់ខ្លួន​មក​នៅត្រឹម ៥,២ ​ភាគរយ​។

ចំនួន​នោះ បើ​ធៀប​នឹង​ការព្យាករ​ពីមុន​របស់ខ្លួន​កាលពី​ខែធ្នូ ចំនួន ៥,៣ ​ភាគរយ និង​កំណើន ៦,៩ ​ភាគរយ ដែល​សម្រេចបាន​កាលពី​ឆ្នាំមុន​។

ខណៈពេល​ដែល​ធនាគារ​មួយ​នេះ មាន​សុទិដ្ឋិនិយម​ថា តំបន់​នេះ​នឹង​បន្ត​ស្ទុះ​ងើបឡើង​វិញ​ពី​ជំងឺ​កូវីដ ​១៩ លោក Albert Park ប្រធាន​សេដ្ឋវិទូ​បាន​ឱ្យដឹងថា ការ​ស្ទុះ​ងើប​ឡើងវិញ​នឹងមិន​ស្មើគ្នា​នោះទេ ហើយ​មាន «​ហានិភ័យ​ធ្លាក់ចុះ​គួរឱ្យ​កត់សម្គាល់​»​។

លោក Park បាន​ថ្លែងថា​៖ «​អ្វីដែល​ប្រាកដ​នោះ​គឺថា ការធ្លាក់​ចេញ​ដោយសារតែ​សង្គ្រាម គឺជា​ឧបសគ្គ​បន្ថែម​មួយ សម្រាប់​បណ្ដា​ប្រទេស​នៅក្នុង​ទ្វីបអាស៊ី​ដែល​កំពុងអភិវឌ្ឍន៍ ដែល​នៅតែ​កំពុង​ប្រយុទ្ធ​ប្រឆាំងនឹង​ការរីករាលដាល​ជំងឺ​កូវីដ ​១៩​។

ខណៈពេល​ដែល​តំបន់ Caucasus និង​អាស៊ី​កណ្តាល​នឹង​ទទួលរង​ផលប៉ះពាល់​ដោយផ្ទាល់​ពី​វិបត្តិ​អ៊ុយក្រែន ដោយសារតែ​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ហិរញ្ញវត្ថុ​ជិតស្និទ្ធ​របស់​ពួកគេ​ជាមួយ​ប្រទេស​រុស្ស៊ី បណ្ដា​ប្រទេស​ផ្សេងទៀត​នៅក្នុង​តំបន់​នេះ​នឹងរង​ផលប៉ះពាល់​ដោយ​ប្រយោល​តាមរយៈ​តម្លៃ​អាហារ និង​ថាមពល​កាន់តែ​ខ្ពស់​។

ធនាគារ​នេះ​បានឱ្យដឹង​នៅក្នុង​របាយការណ៍​ចក្ខុវិស័យ​អភិវឌ្ឍន៍អាស៊ី​របស់ខ្លួន​ថា​៖ «​ការចំណាយ​លើ​ថាមពល​នឹង​បង្កើន សម្រាប់​ក្រុមហ៊ុន​នាំចូល​ថាមពល ដែល​ជំរុញ​អតិផរណា​កើនឡើង និង​ដាក់​សម្ពាធ​លើ​តម្រូវការ​»​។

អតិផរណា​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​ដល់ ៣,៧ ​ភាគរយ​បើ​ធៀប​នឹង ២,៥ ​ភាគរយ​កាលពី​ឆ្នាំ ២០២១ ​ដែល​លោក Park បាន​កត់សម្គាល់ថា «​នៅតែ​ទាប​ជាង​» ផ្នែក​ផ្សេងទៀត​នៃ​ពិភពលោក ដែល​លោក​ចាត់ទុក​មួយផ្នែក​ដោយ​សារ​ការប្រើប្រាស់​ស្រូវ​សាឡី​កាន់តែ​ទាប និង​ការរំខាន​ខ្សែចង្វាក់​ផ្គត់ផ្គង់​កាន់តែ​តិច​។

ប៉ុន្តែ​លោក​បាន​ព្រមាន​ថា នៅក្នុង​តំបន់​អាស៊ី​ដែល​កំពុងអភិវឌ្ឍន៍​ «​សម្ពាធ​តម្លៃ​កំពុង​កើនឡើង ហើយ​អាជ្ញាធរ​រូបិយវត្ថុ ចាំបាច់​ត្រូវ​ប្រុងប្រយ័ត្ន​»​។

ក៏មាន​ភាពមិន​ច្បាស់លាស់​លើ​ចក្ខុវិស័យ​នេះដែរ​គឺ​ធនាគារ​កណ្តាល​អាមេរិក​ដែល​បាន​ចាប់ផ្តើម​បង្កើន​អត្រា​ការប្រាក់​ក្នុង​គោលបំណង​ ដើម្បី​គ្រប់គ្រង​ការកើនឡើង​អតិផរណា​ដែល​បាន​គំរាមកំហែង​រារាំង​ការស្ទុះ​ងើបឡើង​វិញ​នៃ​សេដ្ឋកិច្ច​។

របាយការណ៍​ការងារ​អាមេរិក​ដ៏រឹងមាំ​នៅពេល​ថ្មីៗ​នេះ​បាន​បង្កើន​ការរំពឹងទុក​អំពី​ការដំឡើង​អត្រា​ការប្រាក់​យ៉ាងគំហុក​។ ធនាគារអភិវឌ្ឍន៍​អាស៊ី​បាន​ព្រមាន​ថា​អាច​បណ្ដាលឱ្យមាន «​ការប្រែប្រួល​ទីផ្សារ​ហិរញ្ញវត្ថុ រំហូរ​ចេញ​មូលធន​យ៉ាង​ឆាប់​រហ័ស និង​ការធ្លាក់​ថ្លៃ​រូបិយប័ណ្ណ​យ៉ាងខ្លាំង​»​។

ធនាគារ​មួយ​នេះ​បាន​ឱ្យដឹងថា ជំងឺ​កូវីដ​ ១៩​ នៅតែ​ជា​ស្រមោល​មួយ​គ្រប​លើ​តំបន់​អាស៊ី ដែល​កំពុងអភិវឌ្ឍន៍​ជាមួយ​នឹង​ហានិភ័យ​នៃ​ការប្រែប្រួល​យ៉ាងខ្លាំង​បន្ថែមទៀត​ដែល​កំពុង​កើតឡើង ហើយ​ការរីករាលដាល​វីរុស​អូមីក្រុង​នៅក្នុង​ប្រទេស​ចិន​បាន​គំរាមកំហែង​ដល់​កំណើន​ក្នុង​តំបន់ និង​ខ្សែចង្វាក់​ផ្គត់ផ្គង់​។

ប្រទេស​នៅ​តំបន់ Caucasus និង​អាស៊ី​កណ្តាល​ត្រូវបាន​រំពឹងថា​នឹង​កត់ត្រា​កំណើន​យឺត​បំផុត មាន​ចំនួន​ ៣,៦ ​ភាគរយ​ក្នុង​ឆ្នាំ​ ២០២២ ​ធ្លាក់ចុះ​ពី ៥,៦ ​ភាគរយ​កាលពី​ឆ្នាំ​ ២០២១​។

តំបន់​អាស៊ី​បូព៌ា​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង ៤,៧​ ភាគរយ ធៀប​នឹង​ល្បឿន​លឿន​ស្លេវ​កាលពី​ឆ្នាំមុន​ចំនួន ៧,៦​ ភាគរយ ដោយសារ​ការយឺតយ៉ាវ​របស់​ប្រទេស​ចិន ជម្នះ​នឹង​ការរីករាលដាល​ជំងឺ​កូវីដ​ ១៩​ ដែល​កំពុង​កើនឡើង​។

ប្រទេស​ស្រីលង្កា​ដែល​រងគ្រោះ​ដោយ​វិបត្តិ​ខ្វះ​រូបិយប័ណ្ណ​បរទេស​សម្រាប់​ដោះដូរ​ទំនិញ​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង ២,៤ ​ភាគរយ ដែលជា​ប្រទេស​ដែល​ដំណើរការ​អាក្រក់​បំផុត​នៅ​អាស៊ី​ខាងត្បូង ដែល​សេដ្ឋកិច្ច​របស់​ប្រទេស​នេះ ត្រូវបាន​រំពឹងថា​នឹង​កើន​ឡើងដល់​ទៅ​ ៧,០ ​ភាគរយ​៕ LA