ទីក្រុងម៉ូស្គូៈ ទិន្នន័យ​ឧស្សាហកម្ម​បានបង្ហាញ​កាលពី​ថ្ងៃ​ពុធ​ថា ការលក់​រថយន្ត​ថ្មីៗ នៅក្នុង​ប្រទេស​រុស្ស៊ី​បាន​ធ្លាក់ចុះ​ជិត ៦៣ ​ភាគរយ​កាលពី​ខែមីនា​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ខណៈពេល​ដែល​ប្រទេស​លោកខាងលិច​បាន​វាយប្រហារ​ប្រទេស​នេះ​ដោយ​ការដាក់​ទណ្ឌកម្ម​លើ​យុទ្ធនាការ​យោធា​របស់​ទីក្រុង​ម៉ូស្គូ​នៅ​អ៊ុយក្រែន​។

ការធ្លាក់ចុះ​វិស័យ​រថយន្ត និង​រថយន្ត​ពាណិជ្ជកម្ម​ធុន​ស្រាល​ចំនួន​ច្រើន​នេះ​កើតឡើង​បន្ទាប់ពី​ទាហាន​រុស្ស៊ី​បាន​វាយលុក​ចូល​ប្រទេស​អ៊ុយក្រែន​កាលពី​ថ្ងៃ​​ទី​ ២៤ ខែកុម្ភៈ ដែល​ជំរុញ​ឱ្យមាន​ការដាក់ទណ្ឌកម្ម​យ៉ាងធ្ងន់ធ្ងរ​ពី​បណ្ដា​ប្រទេស​លោកខាងលិច រួមទាំង​ការហាមឃាត់​ការនាំចេញ​គ្រឿងបន្លាស់​ទៅ​ប្រទេស​រុស្ស៊ី​ផងដែរ​។

ប្រតិបត្តិការ​របស់​ប្រទេស​រុស្ស៊ី​ក៏បាន​បណ្ដាលឱ្យ​តម្លៃ​ប្រាក់​រូប្លិ៍​ធ្លាក់ចុះ​ផងដែរ ដែល​ធ្វើឱ្យ​ប្រជាជន​រុស្ស៊ី​មិនសូវមាន​លទ្ធភាព​ទិញ​រថយន្ត​នាំចូល​។

មាន​រថយន្ត​ចំនួន ៥៥ ១២៩ គ្រឿង​ប៉ុណ្ណោះ​ដែល​ត្រូវបាន​លក់​កាលពី​ខែ​មុន ធ្លាក់ចុះ ៦២,៩​ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន​។ នេះ​បើ​យោងតាម​សមាគម​ធុរកិច្ច​អឺរ៉ុប​។

សមាគម​មួយ​នេះ មិនបាន​ពន្យល់​ពី​មូលហេតុ​ដែល​តួលេខ​នេះ បាន​ធ្លាក់ចុះ​ដូចដែល​សមាគម​នេះ​បានធ្វើ​ឡើងជា​ធម្មតា​ក្នុងពេល​កន្លងមក​នោះទេ​។

ការលក់​រថយន្ត​យីហោ​ដ៏ពេញនិយម និង​តម្លៃ​សមរម្យ​បំផុត​របស់​ប្រទេស​នេះ​គឺ Lada ដែល​ក្រុមហ៊ុន​ផលិត​រថយន្ត Avtovaz ​គ្រប់គ្រង​ភាគហ៊ុន​ភាគច្រើន​ដោយ​ក្រុមហ៊ុន ​Nissan Renault បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​ចំនួន ៦៤ ​ភាគរយ​។

ក្រុមហ៊ុន Renault ស្ថិតនៅក្រោម​សម្ពាធ​ខ្លាំង​ក្នុង​ការធ្វើ​ពហិការ​ប្រទេស​រុស្ស៊ី ដោយសារ​អ៊ុយក្រែន​អំពាវនាវ​៕ LA