ភ្នំពេញៈ គិត​ត្រឹម​ថ្ងៃទី​ ៧ ខែមេសា ឆ្នាំ​ ២០២២ សណ្ឋាគារ ផ្ទះសំណាក់ និង​កន្លែង​ស្នាក់​នៅតាម​បណ្តា​ខេត្ត​គោលដៅ​ទេសចរណ៍​នានា​ត្រូវបាន​ភ្ញៀវ​កក់​លើសពី ៥០ ​ភាគរយ​សម្រាប់​ដំណើរ​កម្សាន្ត​របស់​ពួកគេ​នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ខ្មែរ​នា​ថ្ងៃទី​ ១៤-១៥-១៦ ខែមេសា ឆ្នាំ​ ២០២២ ខណៈ​តម្លៃ​កន្លែង​ស្នាក់​នៅតាម​គោលដៅ​ទេសចរណ៍​មួយចំនួន​បាន​ឡើងថ្លៃ​រួចទៅហើយ​។

លោក ង៉ូវ សេងកាក់ ប្រធាន​មន្ទីរទេសចរណ៍​ខេត្តសៀមរាប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ក្នុង​ថ្ងៃទី​ ៧ ខែមេសា ថា គិត​ត្រឹម​ថ្ងៃនេះ ​(​ថ្ងៃទី​ ៧) ​ភ្ញៀវទេសចរ​បាន​កក់​សណ្ឋាគារ និង​ផ្ទះសំណាក់​ក្នុង​ខេត្តសៀមរាប ចន្លោះ​ពី ៦០-៧០ ​ភាគរយ​ហើយ​សម្រាប់​ការ​ស្នាក់នៅ​នាឱកាស​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណីជាតិ​ខាងមុខ ខណៈ​ខេត្តសៀមរាប​ក៏​នឹងមាន​រៀបចំ​ពិធី​សង្ក្រាន្ត​ឆ្នាំ​ថ្មី រួមជាមួយ​ផ្លូវ​ក៏​ទើបតែ​សម្ពោធ​ទាំង ៣៨ ​ខ្សែ​ផងដែរ​។ លោក​បន្តថា ក្រៅពីនេះ​ខេត្ត​ក៏មាន​កម្មវិធី​កម្សាន្ត​ជាច្រើន​ដែល​ត្រូវបាន​រៀបចំ​ក្នុង​ក្រុង​សៀមរាប តំបន់​អង្គរ និង​តំបន់​ផ្សេងៗ​ទៀត​។ ដូច្នេះ​បានជា​ភ្ញៀវ​ចាប់អារម្មណ៍​មក​កម្សាន្ត​ច្រើន ជាពិសេស​តំបន់​ផាប់​ស្ទ្រីត​មានការ​ទាក់ទាញ​ចំណាប់​អារម្មណ៍​ភ្ញៀវទេសចរ​ច្រើន​។

បើតាម​លោក សេងកាក់ តម្លៃ​ស្នាក់នៅ​អាស្រ័យ​ទៅលើ​ភ្ញៀវ ព្រោះ​ធម្មតា​ថ្ងៃ​មិនមាន​បុណ្យទាន ពួកគាត់​គេង​ ២​ នាក់​ក្នុង​ ១​ បន្ទប់​មិនមាន​ការឡើង​ថ្លៃ​ទេ ប៉ុន្តែ​នៅពេល​បុណ្យទាន​ពួកគាត់​គេង ៤ ​នាក់​ក្នុង ១ ​បន្ទប់​ដែល​អាច​ឡើងថ្លៃ​ប្រមាណ​ ១០ ដុល្លារ ឬ​ច្រើនជាង​នេះ​។

លោក​ថ្លែងថា​៖ «​ជារួម​រាល់ពេល​បុណ្យទាន សណ្ឋាគារ ផ្ទះសំណាក់​យើង​មិន​បារម្ភ​ទេ ដោយសារ​នៅ​សៀមរាប​យើង​មាន​បន្ទប់​ច្រើនណាស់​។ ការឡើងថ្លៃ ឬ​មិន​ឡើងថ្លៃ​អាស្រ័យ​លើ​ភ្ញៀវ​ចូលទៅ​ស្នាក់នៅ និង​ការចរចា​គ្នា​»​។

លោក​ នាង វណ្ណៈ អ្នក​នាំពាក្យ​រដ្ឋបាល​ខេត្តមណ្ឌលគិរី​បាន​ប្រាប់ថា លោក​មិនទាន់មាន​តួលេខ​ភ្ញៀវ​កក់​សណ្ឋាគារ ឬ ផ្ទះសំណាក់​ក្នុង​ខេត្ត​នៅឡើយ​ទេ ប៉ុន្តែ​ជា​បទពិសោធ​នៅ​រៀងរាល់​ពិធីបុណ្យ​ម្តងៗ ទាំង​ផ្ទះសំណាក់ និង​សណ្ឋាគារ​ត្រូវ​បាន​កក់​ និង​ស្នាក់នៅ​ពេញៗ​។

លោក​បន្តថា ជាមួយគ្នានេះ​តម្លៃ​នៃ​ការ​ស្នាក់នៅ​ក៏មាន​ការដំឡើង​ខ្លះ​ដែរ ដោយ​អាស្រ័យទៅលើ​ម្ចាស់​សណ្ឋាគារ និង​ផ្ទះសំណាក់ ព្រោះ​ក្នុង​ខេត្ត​មាន​សណ្ឋាគារ និង​ផ្ទះសំណាក់​តិចតួច​នៅឡើយ​។ ទោះយ៉ាងណា រដ្ឋបាលខេត្ត​តែង​ជំរុញ​ឱ្យ​ម្ចាស់​សណ្ឋាគារ ឬ​ម្ចាស់​ផ្ទះសំណាក់​មិនឱ្យ​ដំឡើងថ្លៃ ប៉ុន្តែ​វា​ជា​ទីផ្សារ​សេរី​មិនអាច​ហាម​បានទេ​។

លោក​និយាយថា​៖ «​យើង​បានឱ្យ​មន្ទីរ​ទេសចរណ៍​ខេត្ត​ចុះ​ណែនាំ​ដល់​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​កុំឱ្យ​ឡើងថ្លៃ​នៅក្នុងពេល​បុណ្យទាន​ម្តងៗ ប៉ុន្តែ​ពេល​បុណ្យទាន​វា​ជា​ឱកាស​ពួកគេ​ឡើងថ្លៃ​»​។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កែប​លោក សោម ចិន្តា បាន​ប្រាប់​ដែរ​ថា សណ្ឋាគារ ផ្ទះ​សំណាក់ និង​កន្លែង​ស្នាក់​នៅក្នុង​ខេត្ត​រហូតមកទល់​ពល​នេះ ត្រូវ​បាន​កក់​អស់​ប្រមាណ ៧០ ​ទៅ​ ៨០ ​ភាគរយ​ហើយ ដោយសារ​ឆ្នាំនេះ​រាជរដ្ឋាភិបាល​បាន​បើក​ប្រទេស​ឡើងវិញ និង​អនុញ្ញាតឱ្យ​ធ្វើដំណើរ​កម្សាន្ត​នៅតាម​រមណីយដ្ឋាន​នានា​ឡើងវិញ​។

ទោះយ៉ាងណា លោក​ប្រាប់ថា តម្លៃ​សម្រាប់​សណ្ឋាគារ ផ្ទះសំណាក់ និង​កន្លែង​ស្នាក់នៅ​មួយចំនួន​បាន​ឡើង​ប្រមាណ ១០ ​ភាគរយ សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃណីជាតិ​ខាងមុខនេះ​។ ប៉ុន្តែ​អ្វីដែល​គួរឱ្យ​កត់​-​សម្គាល់ គឺ​មូលដ្ឋាន​អាជីវកម្ម​ទេសចរណ៍​នៅក្នុង​ខេត្ត​ទាំងអស់​បាន​បើក​ដំណើរ​ឡើងវិញ​ ដើម្បី​ត្រៀម​ទទួលភ្ញៀវ​ទេសចរ​ដែល​ត្រៀម​មកលេង​កម្សាន្ត​នៅក្នុង​ខេត្ត​។

លោក​ថ្លែងថា​៖ «​និន្នាការ​នៃ​ការដើរ​កម្សាន្ត​របស់​ទេសចរ​ផ្ទៃក្នុង គឺ​តំបន់ឆ្នេរ​ផ្សារភ្ជាប់​កំពត និង​ខេត្ត​ព្រះសីហនុ​។ ដូច្នេះ​ភ្ញៀវ​គាត់​មក​ ១ ​ខ្សែ​តែម្តង​»​។

លោក តាំង សុចិត្រគ្រឹះស្នា ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​ព្រះសីហនុ​និយាយថា សម្រាប់​កន្លែង​ស្នាក់​នៅលើ​កោះ​នានា​ត្រូវបាន​កក់​ស្ទើរ​អស់ហើយ​។ ចំណែក​កន្លែង​ស្នាក់​នៅតាម​សណ្ឋាគារ និង​ផ្ទះសំណាក់​នៅក្នុង​ក្រុងព្រះសីហនុ ទទួលបាន​ការកក់​ទុក​ក្នុង​រង្វង់ ៥០ ​ទៅ ៦០ ​ភាគរយ​ហើយ​។

លោក​ថ្លែងថា​៖ «​ជាធម្មតា​ក្នុង​ពិធី​បុណ្យទាន​ប្រជាពលរដ្ឋ និង​មន្ត្រីរាជការ​ឈប់សម្រាក ហើយ​ខេត្ត​ព្រះសីហនុ គឺជា​តំបន់​ឆ្នេរ​មួយ​ដ៏សំខាន់ និង​ទាក់ទាញ​ភ្ញៀវទេសចរ​ច្រើន​ឱ្យមក​លេង​កម្សាន្ត​ទាំង​នៅលើ​កោះ ឆ្នេរ ពិសេស​ទីក្រុង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ស្អាត​»​។

លោកស្រី ឆាយ ស៊ីវលីន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​លើកឡើងថា ដោយ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ជិត​ចូល​មកដល់ ដូច្នេះ​ប្រជាជន​ក៏បាន​កក់​សណ្ឋាគារ ផ្ទះសំណាក់ និង​រមណីយដ្ឋាន​ឯកជន​ជា​បណ្ដើរៗ​ហើយ​ដែរ​តាម​បណ្ដា​ខេត្ត​ផ្សេងៗ​ដូចជា នៅ​ខេត្ត​ជាប់​តំបន់ឆ្នេរ​ក៏មាន​ការកក់​សឹងតែ​ពេញ​ហើយ​នៅ​ប៉ែក​ឦសាន និង​ខេត្តសៀមរាប ក៏មាន​ការកក់​ច្រើន​ផងដែរ​៕ LA

វីដេអូ៖