
គ្រាប់ស្វាយចន្ទី ដែលមិនទាន់បកសម្បកចេញ។ ហុង មិនា
ភ្នំពេញៈ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចជាង ២១៣ តោននៅក្នុងត្រីមាសទី ១ ឆ្នាំ ២០២២ ដោយកើនឡើងជាង ៣០០ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១។
របាយការណ៍លទ្ធផលការនាំចេញកសិផលរបស់អគ្គនាយកដ្ឋានកសិកម្មក្រសួងកសិម្ម រុក្ខាប្រមាញ់ និងនេសាទ បានបង្ហាញថា ក្នុងរយៈពេល ៣ ខែ ដើមឆ្នាំ ២០២២ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ ចំនួន ២១៣,៤១ តោន កើនឡើង ៣១១,៨៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២១ ក្នុងនោះនាំចេញទៅប្រទេសចិន ១២៣,៣៨ តោន, ថៃ ៧៦ តោន, ជប៉ុន ១២,១០ តោន និងកោះតៃវ៉ាន់ ១,៩៣ តោន។ ទន្ទឹមនឹងនេះដែរការនាំចេញគ្រាប់ស្វាយចន្ទីឆៅ បែរជាធ្លាក់ចុះ ដោយមានបរិមាណ ២៧១ ៩៩៤,៤៨ តោន ថយចុះ ៣៩,៦៧ ភាគរយ។ ក្នុងនោះនាំចេញទៅវៀតណាមមានចំនួន ២៧១ ៩៨០,៩០ តោន និងប្រទេសចិនចំនួន ១៣,៥៨ តោន។
លោក អួន ស៊ីឡូត ប្រធានសមាគមស្វាយចន្ទីកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា មូលហេតុដែលការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃ កើនឡើងគឺដោយសារតែសមាគមបានចងក្រងសិប្បកម្ម សហគ្រាសធុនតូច និងមធ្យម និងបានទាក់ទាញរោងចក្រពីក្រៅប្រទេស តាមរយៈក្រសួងកសិកម្ម និងក្រសួងពាណិជ្ជកម្ម។
លោកបញ្ជាក់ថា៖ «សមាគមបានចងក្រង និងប្រមូលផ្តុំរវាងសិប្បកម្មខ្នាតតូច សហគ្រាសជាមួយរោងចក្រ ដោយយើងបានស្នើសុំរដ្ឋាភិបាលឱ្យជួយសម្របសម្រួលធុរកិច្ច និងដើមទុនដល់សហគ្រាសធុនតូច និងមធ្យមដែលមានស្រាប់នៅក្នុងស្រុក»។
លោកបន្ថែមថា នៅពេលនេះសមាជិកសមាគមរបស់លោកកំពុងហាលគ្រាប់ស្វាយចន្ទីទុក ខណៈមានក្រុមហ៊ុន ៣ កំពុងរង់ចាំទិញគ្រាប់ស្ងួត រួមមាន ក្រុមហ៊ុន Akapura ត្រូវការ ៤ ០០០ តោន នាំទៅឥណ្ឌា ចាប់ផ្តើមទិញនាដើមខែឧសភាខាងមុខ, ក្រុមហ៊ុន Olam ត្រូវការ ៤ ០០០ តោននាំទៅរោងចក្រនៅវៀតណាម កំពុងចាប់ផ្តើមទិញនៅស្រុកស្នួលខេត្តក្រចេះ និងក្រុមហ៊ុន Intersnack ត្រូវការ ២ ០០០ តោននាំចេញទៅរោងចក្រនៅវៀតណាមកំពុងចាប់ផ្តើមទិញ។
លោកស្រី អ៊ិន ឡៃហួត ម្ចាស់សហគ្រាសកែច្នៃស្វាយចន្ទីជ័យសម្បូរបានប្រាប់ថា កាលពីឆ្នាំមុនសហគ្រាសរបស់លោកស្រីបាននាំចេញគ្រាប់ស្វាយចន្ទីទៅប្រទេសជប៉ុន ចំនួន ៥ លើក ដែលស្មើនឹងប្រមាណជិត ៥០ តោន ដោយសារភាគីជប៉ុនបានអនុគ្រោះចំពោះការអនុវត្តស្តង់ដាគុណភាព។
លោកស្រីបន្ថែមថា បច្ចុប្បន្នសហគ្រាសបាននិងកំពុងខិតខំអនុវត្តឱ្យបានត្រឹមត្រូវ ដើម្បីទទួលបានវិញ្ញាបនបត្របញ្ជាក់គុណភាពពីខាងជប៉ុន ដែលអាចឱ្យសិប្បកម្មនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃបានច្រើន។
លោកស្រីបញ្ជាក់ថា៖ «ជប៉ុនជាដៃគូរបស់សហគ្រាសយើង ដោយកន្លងទៅយើងអាចនាំចេញបានដោយសារមានការអនុគ្រោះចំពោះការអនុវត្តស្តង់ដាគុណភាព ប៉ុន្តែឆ្នាំនេះខាងជប៉ុន តម្រូវឱ្យយើងមានវិញ្ញាបនបត្របញ្ជាក់គុណភាព ទើបអាចនាំចេញទៅបាន។ សព្វថ្ងៃក្រសួងកសិកម្មបានជួយដល់សហគ្រាសយ៉ាងច្រើនធ្វើយ៉ាងណាឱ្យទទួលបានវិញ្ញាបនបត្រនេះ ដើម្បីជំរុញការនាំចេញគ្រាប់ស្វាយចន្ទីកែច្នៃរួចឱ្យបានច្រើនជាងការនាំចេញគ្រាប់ស្វាយចន្ទីឆៅ»។
ជុំវិញការធ្លាក់ចុះនៃទិន្នផលគ្រាប់ស្វាយចន្ទីនៅដើមឆ្នាំនេះត្រូវបានប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡូត បញ្ជាក់ថា ការធ្លាក់ចុះនេះត្រូវបានសមាគមព្យាករទុករួចហើយថា ការប្រមូលផលគ្រាប់ស្វាយចន្ទីនៅដើមឆ្នាំនេះ អាចនឹងធ្លាក់ចុះចន្លោះពី ១០ ទៅ ៣០ ភាគរយ។
លោកនិយាយថា៖ «ការប្រែប្រួលអាកាសធាតុ គឺជាកត្តាដ៏ចម្បង និងធ្ងន់ធ្ងរដែលបណ្តាលឱ្យទិន្នផលគ្រាប់ស្វាយចន្ទីធ្លាក់ចុះ និងមិនសូវមានគុណភាព។ ស្វាយចន្ទីមានចំណុចខ្សោយ ១ គឺចន្ទីត្រូវការក្តៅ មិនត្រូវការសើម និងភ្លៀងនារដូវផ្កាផ្លែនោះទេ។ អាកាសធាតុកាន់តែក្តៅ កាន់តែល្អ (ពី ៣៥-៤១ អង្សាសេ) ដែលអាចងាយដល់ការកកើតផ្កា សាច់ពេញណែនល្អ និងងាយហាលគ្រាប់ទុក។ ការធ្លាក់ភ្លៀងនារដូវផ្កាផ្លែជាឱកាសដែលសត្វល្អិត និងជំងឺផ្សិតកើតឡើងច្រើន ធ្វើឱ្យកសិករត្រូវបន្តបាញ់ថ្នាំ ខណៈជីថ្នាំប្រេងឡើងថ្លៃឥតឈប់»។
ក្រៅពីទិន្នផលធ្លាក់ចុះលោកឱ្យដឹងទៀតថា តម្លៃក៏ធ្លាក់ដែរ ដោយសារអាកាសធាតុប្រែប្រួល និងការប្រើប្រាស់ជីថ្នាំមិនត្រឹមត្រូវធ្វើឱ្យគុណភាពគ្រាប់ធ្លាក់ចុះ និងកង្វះរោងចក្រកែច្នៃធ្វើឱ្យឈ្មួញបរទេសបញ្ចុះតម្លៃតាមចិត្ត។ នៅក្នុងនោះដែរ តម្លៃគ្រាប់ស្វាយចន្ទីសើមនាដើមឆ្នាំ ២០២២ មានតម្លៃចន្លោះពី ២ ៥០០ រៀល ទៅ ៣ ៥០០ រៀលក្នុង ១ គីឡូក្រាម ខណៈកាលពីឆ្នាំ ២០២១ តម្លៃពី ៣ ០០០ រៀល ទៅ ៤ ៥០០ រៀល។
តាមរបាយការណ៍សមាគមស្វាយចន្ទីកម្ពុជា ការប្រមូលផលគ្រាប់ស្វាយចន្ទីឆៅនៅក្នុងរយៈពេល ៣ ឆ្នាំ ចុងក្រោយនេះ មានការកើនឡើងជាបន្តបន្ទាប់ ដោយក្នុងឆ្នាំ ២០១៩ ប្រមូលផលបានជាង ៦០ ០០០ តោន, ឆ្នាំ ២០២០ ជាង ៩៥០ ០០០ តោន និងឆ្នាំ ២០២១ បានជាង ១ ១០០ ០០០ តោន៕ LA