ទីក្រុង Strasbourg ប្រទេស​បារាំងៈ មេដឹកនាំ​សហភាព​អឺរ៉ុប​កាលពី​ថ្ងៃ​ពុធ​បានឱ្យ​ដឹងថា ក្នុងពេល​ឆាប់ៗ​ប្លុក​នេះ​នឹង​ត្រូវតែ​ដាក់ទណ្ឌកម្ម​លើ​ការនាំចេញ​អ៊ីដ្រូ​កាបូន​ទាំងអស់​របស់​ប្រទេស​រុស្ស៊ី ខណៈ​ដែល​ពួកគេ​បាន​ស្តីបន្ទោស​ទីក្រុង​ម៉ូស្គូ​ពីបទ​ «​ឧក្រិដ្ឋកម្ម​សង្គ្រាម​» ​ដែល​ត្រូវបាន​រកឃើញ​នៅក្នុង​ប្រទេស​អ៊ុយក្រែន​ជាពិសេស​នៅ​ទីក្រុង​ Bucha​។

សេចក្តី​ប្រកាស​ដែល​ធ្វើឡើង​នៅ​សភា​អឺរ៉ុប​នៅ​ទីក្រុង ​Strasbourg របស់​បារាំង​បានធ្វើ​ឡើង​ឡើង​ ខណៈដែល​សហភាព​អឺរ៉ុប​បាន​ត្រៀមខ្លួន​ជាស្រេច​ ដើម្បី​អនុវត្ត​ទណ្ឌកម្ម​ជុំ​ទី​ ៥ ​ដែល​កាត់ផ្តាច់ការ​នាំចូល​ធ្យូងថ្ម​ពី​ប្រទេស​រុស្ស៊ី​ខណៈដែល​ក្រុម​រដ្ឋមន្ត្រី​ការបរទេស​អង្គការ​ណាតូ និង​ក្រុម​ប្រទេស​មាន​សេដ្ឋកិច្ច​រីកចម្រើន​ទាំង​ ៧ (G7) ​បាន​ជួបប្រជុំ​នៅ​ទីក្រុង​ប្រ៊ុចសែល​ដើម្បី​ចាត់​វិធានការ​បន្ថែម​លើ​សកម្មភាព​សម្របសម្រួល​។

លោក Charles Michel ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប​បាន​ប្រាប់​សមាជិកសភា​ (MEPs) ​ថា​សហភាព​អឺរ៉ុប​ក៏​ត្រូវតែ​ដាក់ទណ្ឌកម្ម​លើ​ប្រេង និង​ឧស្ម័ន​របស់​ប្រទេស​រុស្ស៊ី​ឱ្យបាន​ «​កាន់តែ​ឆាប់​»​។

លោក​បានឱ្យដឹងថា ការស្លាប់​ជន​ស៊ីវិល​នៅ​ទីក្រុង​ Bucha និង​ផ្នែក​ផ្សេងទៀត​នៃ​ប្រទេស​អ៊ុយក្រែន​គឺជា​ «​ឧក្រិដ្ឋកម្ម​សង្គ្រាម​» ​ហើយ​ «​នៅតែមាន​ភ័ស្តុតាង​បន្ថែមទៀតថា អំពើ​ឃោរឃៅ​របស់​ប្រទេស​រុស្ស៊ី​ប្រឆាំង​នឹង​ប្រជាជន​អ៊ុយក្រែន​មិនមាន​ដែន​កំណត់​នោះទេ​»​។

លោក​ថ្លែងថា​៖ «​យើង​ EU!​ យើង​នឹងមិន​ត្រឡប់ក្រោយ​នោះទេ​។ ​យើង​នឹង​សម្លឹងមើល​ត្រង់​ឆ្ពោះទៅរក​ការពិត​តាមរយៈ​ការមើលឃើញ​ជាក់ស្ដែង​។ ​ត្រូវតែមាន​ហើយនឹង​មាន​ផលវិបាក​ធ្ងន់ធ្ងរ​សម្រាប់​អ្នក​ដែល​ទទួល​ខុសត្រូវ​ទាំងអស់​»​។

លោកស្រី Ursula von der Leyen ប្រធាន​គណៈកម្មការ​អឺរ៉ុប​បានឱ្យ​ដឹងថា​៖ «​យើង​នឹងធ្វើ​ឱ្យមាន​ការទទួល​ខុសត្រូវ​ចំពោះ​ឧក្រិដ្ឋកម្ម​សង្គ្រាម​នេះ​។ ​ជនល្មើស​ត្រូវតែ​បង់​សង​វិញ លើសពី​អ្វីដែល​បាន​កើតឡើង​នៅ​ទីក្រុង​ Bucha»​។

លោកស្រី​បាន​បញ្ជាក់ថា​សហភាព​អឺរ៉ុប​មានបំណង​បន្ត​បង្កើន​ការដាក់​ទណ្ឌកម្ម​ «​ឆ្លាត​វៃ​» ​ដែល​នឹង​ធ្វើឱ្យប៉ះពាល់​ដល់​រុស្ស៊ី​ខ្លាំង​ជាង​សហភាព​អឺរ៉ុប​។

កញ្ចប់​វិធានការ​ចុងក្រោយ​នេះ​លោកស្រី​បាន​ថ្លែងថា​៖ «​នឹង​មិនមែន​ជា​ទណ្ឌកម្ម​ចុងក្រោយ​របស់​យើង​ទេ​»​។

លោកស្រី​បានលើកឡើង​ថា​៖ «​ត្រូវ​ហើយ នៅពេលនេះ​យើង​បាន​ហាមឃាត់​ធ្យូងថ្ម​។ ​ប៉ុន្តែ​នៅពេលនេះ​យើង​ត្រូវតែ​ពិនិត្យមើល​ប្រេង ហើយ​យើង​នឹង​ត្រូវតែ ពិនិត្យមើល​ប្រាក់ចំណូល​ដែល​ប្រទេស​រុស្ស៊ី​ទទួល​បាន​ពី​ឥន្ធនៈ​ហ្វូស៊ីល​»​។

ការនាំចេញ​ប្រេង​ឧស្ម័ន និង​ធ្យូងថ្ម​របស់​ប្រទេស​រុស្ស៊ី​គឺជា​ប្រភព​ចំណូល​ដ៏សំខាន់​របស់​ប្រទេស​នេះ​ជាមួយ​សហភាព​-​អឺរ៉ុប​ដែល​ជា​អតិថិជន​ចម្បង​របស់​ប្រទេស​នេះ​។

ប្រទេស​សហភាព​អឺរ៉ុប​មួយចំនួន ជាពិសេស​ប្រទេស​អាល្លឺម៉ង់​បាន​ស្ទាក់ស្ទើរ​ក្នុងការ​ដាក់​ទណ្ឌកម្ម​លើ​ការនាំចេញ​ថាមពល​របស់​ប្រទេស​រុស្ស៊ី​ដោយសារ​តែ​ការខូចខាត​ដែល​ប្រទេស​នេះ​នឹងធ្វើ​ចំពោះ​សេដ្ឋកិច្ច​ផ្ទាល់​របស់​ពួកគេ​។

ប៉ុន្តែ​សម្ពាធ​កំពុង​បង្កើន​តាម​ពីក្រោយ​ពួកគេ បន្ទាប់ពី​មាន​របាយការណ៍​នៃ​ការស្លាប់​ជនស៊ីវិល​យ៉ាងច្រើន​នៅក្នុង​ក្រុង​ Bucha និង​តំបន់​ផ្សេងទៀត​ក្នុងប្រទេស​អ៊ុយក្រែន​ដែល​ពីមុន​កាន់កាប់​ដោយ​ទាហាន​រុស្ស៊ី​។

លោក​ JosepBorrell ប្រធាន​គោលនយោបាយ​ការបរទេស​របស់​សហភាព​អឺរ៉ុប​បានបញ្ជាក់​ចំពោះមុខ​សភា​អឺរ៉ុប​ថា​ការទូទាត់​របស់​ប្លុក​នេះ សម្រាប់​ឥន្ធនៈ​ហ្វូស៊ីល​របស់​ប្រទេស​រុស្ស៊ី​កំពុងផ្តល់​មូលនិធិ​ដល់​សង្គ្រាម​របស់លោក​ប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន​ នៅ​ប្រទេស​អ៊ុយក្រែន​។

លោក Borrell​ បាន​ថ្លែងថា​៖ «១ ​ពាន់​លាន​អឺរ៉ូ (១,១ ​ពាន់​លាន​ដុល្លារ​) គឺជា​អ្វីដែល​យើង​បាន​បង់​ឱ្យ​លោក ពូទីន​ ជា​រៀងរាល់ថ្ងៃ សម្រាប់​ថាមពល​ដែល​លោកពូ​ទីន​ផ្តល់ឱ្យ​យើង​ចាប់​តាំងពី​ការចាប់ផ្តើម​សង្គ្រាម​នេះ​។ ​យើង​បាន​ផ្តល់ប្រាក់​ចំនួន​ ៣៥​ ពាន់​លាន​អឺរ៉ូ​ឱ្យ​លោក ពូទីន​»​ ចាប់តាំងពី​នៃ​ការលុកលុយ​កាលពី​ថ្ងៃទី​ ២៤ ខែកុម្ភៈ​។

លោក​បន្តថា​៖ «​ចូរ​ប្រៀបធៀប​ចំនួន​នោះ​នឹង​ប្រាក់ ១ ពាន់​លាន​អឺរ៉ូ​ដែល​យើង​បាន​ផ្តល់ឱ្យ​ប្រទេស​អ៊ុយក្រែន ផ្នែក​សព្វាវុធ​។

លោក​បញ្ជាក់ថា​៖ «​ភាពខុសគ្នា​ដ៏ធំ​នេះ​ត្រូវតែ​បញ្ជាក់​ពី​សារៈសំខាន់ និង​តម្រូវការ​នៃ​ការអនុវត្ត​នូវ​អ្វីដែល​ក្រុមប្រឹក្សា (​អឺរ៉ុប​) បាន​ស្នើ​ឱ្យ​ធ្វើ យើង​ត្រូវតែ​កាត់បន្ថយ​ការពឹងផ្អែក​ផ្នែក​ថាមពល​»៕ LA