ទីក្រុងញូវយ៉កៈ តម្លៃ​ប្រេង​បាន​ធ្លាក់ចុះ​ជាង​ ៥​ ភាគរយ​កាលពី​ថ្ងៃ​ពុធ​ដោយសារ​ការព្រួយបារម្ភ​អំពី​ការវាយប្រហារ​លើ​តម្រូវការ ពេល​ដែល​ធនាគារ​កណ្តាល​ផ្លាស់ប្តូរ​គោលនយោបាយ​រូបិយវត្ថុ​ ខណៈ​រដ្ឋាភិបាល​ប្រទេស​អ្នកមាន​បន្ត​ដឹកមុខ​ជាមួយនឹង​ការបញ្ចេញ​ស្តុក​ប្រេង​ឆៅ​ជាបន្ទាន់​។

អនាគត​ប្រេង Brent សម្រាប់ ការចែកចាយ​ខែមិថុនា​បាន​ធ្លាក់ចុះ​ ៥,២​ ភាគរយ​មក​នៅត្រឹម ១០១,០៧ ​ដុល្លារ​ក្នុង​ ១ ​បារ៉ែល ខណៈដែល​ប្រេង​ម៉ាក WTI (West Texas Intermediate) សម្រាប់​ចែកចាយ​ក្នុង​ខែឧសភា​បាន​ធ្លាក់ចុះ ៥,៦ ​ភាគរយ​មក​នៅត្រឹម ៩៦,២៣ ​ដុល្លារ​ក្នុង​ ១ ​បារ៉ែល​។

ការធ្លាក់​ថ្លៃ​នេះ​បានកើតឡើង​នៅពេលដែល​កំណត់ហេតុ​កិច្ចប្រជុំ​របស់​ធនាគារ​កណ្តាល​សហរដ្ឋអាមេរិក​បានបង្ហាញ​មន្ត្រី​មួយចំនួន​នៅ​ធនាគារ​កណ្តាល​ដែល​ពេញ​ចិត្តនឹង​ការដំឡើង​អត្រា​ការប្រាក់​ពាក់កណ្តាល​ភាគរយ​នាពេល​អនាគត​ ដើម្បី​ទប់ទល់​នឹង​អតិផរណា​។

អ្នកវិភាគ​បាន​និយាយថា អត្រា​ការប្រាក់​ដែល​បាន​បង្កើន​ត្រូវបាន​គេ​មើលឃើញថា​ជាការ​អូសទាញ​ដ៏​មាន​សក្តានុពល​លើ​កំណើន​សេដ្ឋកិច្ច ដែល​ធ្វើឱ្យ​តម្រូវការ​ថាមពល​ធ្លាក់ចុះ​។

ក្រុមអ្នកវិភាគ​ក៏បាន​ចង្អុល​ទៅកាន់​ការប្រកាស​ពី​ទីភ្នាក់ងារ​ថាមពល​អន្តរជាតិ​ដែល​គូសបញ្ជាក់​អំពី​ផែនការ​បញ្ចេញ​ស្តុក​ប្រេងឆៅ បន្ទាប់ពី​រុស្ស៊ី​ឈ្លានពាន​អ៊ុយក្រែន​។

ទិន្នន័យ​ពី​រដ្ឋបាល​ព័ត៌មាន​ថាមពល​របស់​សហរដ្ឋ​អាមេរិក (US Energy Information Administration) ក៏បាន​បង្ហាញ​នូវ​ការបង្កើន​ដ៏គួរឱ្យ​ភ្ញាក់ផ្អើល​នៅក្នុង​ស្តុក​ប្រេងឆៅ​។

លោក Phil Flynn អ្នកវិភាគ​នៅ​ក្រុមហ៊ុន Price Futures Group បាន​និយាយថា​៖ «​វា​ហាក់បី​ដូចជា​ក្តីបារម្ភ​គឺជា​ភាពទន់ខ្សោយ​បន្តិច​នៃ​តម្រូវការ​ក្នុង​រយៈពេល​ខ្លី ដែល​កំពុង​បង្កើន​ក្តីបារម្ភ​នៃ​ការបំផ្លិចបំផ្លាញ​តម្រូវការ​មួយចំនួន​ស្រប​ជាមួយ​នឹង​កំណត់ហេតុ​របស់​ធនាគារ​កណ្តាល​នៅថ្ងៃនេះ​»​។

ការថយចុះ​នៃ​តម្លៃ​ប្រេងឆៅ​បាន​កើតឡើង​នៅពេល​ដែល​គណបក្ស​ប្រជាធិបតេយ្យ​នៅ​សភា​សហរដ្ឋអាមេរិក​បាន​សង្កត់​នាយក​ប្រតិបត្តិ​ពី​ក្រុមហ៊ុន ExxonMobil, Chevron និង​ក្រុមហ៊ុន​ប្រេង​យក្ស​ផ្សេងទៀត​អំពី​ហេតុផល​សម្រាប់​ការឡើង​ថ្លៃ​សាំង​។

នាយក​ប្រតិបត្តិ​ប្រេង​នៃ​ក្រុមហ៊ុន​ប្រេង​របស់​សហរដ្ឋអាមេរិក​បាន​ច្រាន​ចោលការ​លើកឡើង​ដែលថា​ពួកគេ​បាន​ផ្អិបទុក​ប្រេង​ពី​ការផ្គត់ផ្គង់​ដើម្បី​ជំរុញ​តម្លៃ និង​បាន​និយាយថា​ពួកគេ​កំពុងស្ថិត​ក្នុង​ដំណើរការ​បង្កើន​ការវិនិយោគ​ ដើម្បី​ឆ្លើយតប​ទៅនឹង​តម្លៃ​ទំនិញ​កំពុង​កើនឡើង​៕ RR

វីដេអូ៖