ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា និង​ចក្រភព​អង់គ្លេស​ក្នុង​រយៈពេល ២ ​ខែ ដើមឆ្នាំ​ ២០២២ មាន​ទឹកប្រាក់​ជាង ១៤១ ​លាន​ដុល្លារ​កើន ១៤​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ ២០២១​។ នេះ​បើ​យោងតាម​ទិន្នន័យ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

ទិន្នន័យ​ (​បណ្តោះអាសន្ន​) ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ឱ្យដឹងថា នៅក្នុង​ខែមករា និង​ខែកុម្ភៈ ឆ្នាំ​ ២០២២ ការផ្លាស់ប្តូរ​ទំនិញ​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស​មាន​ទឹកប្រាក់​សរុប ១៤១,៧៤ ​លាន កើន ១៤,៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន​ទឹកប្រាក់​ចំនួន​ ១២៣,៩៥​ លាន​ដុល្លារ​។ ក្នុងនោះ​ការនាំ​ទំនិញ​ចេញពី​កម្ពុជា​ទៅ​ចក្រភព​អង់គ្លេស​មាន​ទឹកប្រាក់ ១៣១,៥៦ ​លាន​ដុល្លារ កើនឡើង ១៤,៦ ភាគរយ​ពី​ចំនួន ១១៤,៨១​ លាន​ដុល្លារ និង​ការ​នាំចូល​ទំនិញ​ពី​ចក្រភព​អង់គ្លេស មាន​ទឹកប្រាក់ ១០,១៨ ​លាន​ដុល្លារ កើនឡើង ១១,៤ ​ភាគរយ​ពី​ចំនួន ៩,១៤ ​លាន​ដុល្លារ​។

អ្នកស្រាវជ្រាវ​ផ្នែក​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ៧ ខែមេសា​ថា ក្រៅពី​កិច្ច​សហប្រតិបត្តិការ​ល្អ​ផ្នែក​ទំនាក់ទំនង​ការទូត​ចក្រភព​អង់គ្លេស​ក៏​ជា​ទីផ្សារ​ធំ​មួយ​ដែល​តែង​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា​ច្រើន​ផងដែរ ជាពិសេស​ផលិតផល​វាយនភណ្ឌ កង់ និង​ផលិតផល​កសិកម្ម​មួយចំនួន​ទៀត​។ លោក​បន្តថា ទោះបី​ពេលនេះ​ចក្រភព​អង់គ្លេស​ចាកចេញ​ពី​សហភាព-​អឺរ៉ុប ប៉ុន្តែ​ការបញ្ជាទិញ​ទំនិញ​ពី​កម្ពុជា គឺ​នៅតែ​បន្ត​មាន​ជាធម្មតា និង​មាន​កំណើន​ទៀតផង​។

លោក​បាន​បន្ថែមថា ខណៈ​កន្លងមក​សហភាព​អឺរ៉ុប​បាន​កាត់បន្ថយ​ភាពអនុគ្រោះ​ពន្ធ EBA ពី​ប្រទេស​កម្ពុជា ប៉ុន្តែ​តាមរយៈ​ទីផ្សារ​ចក្រភព​អង់គ្លេស គេ​ក៏​អាច​នាំចេញ​ផលិតផល​មួយចំនួន​ពី​កម្ពុជា​ទៅ​អឺរ៉ុប ដោយ​ឆ្លងកាត់​តាម​ចក្រភព​អង់គ្លេស​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​មានការ​នាំចេញ​កាន់តែច្រើន វា​នឹង​ផ្តល់​ផលប្រយោជន៍​ជាច្រើន​ដល់​កម្ពុជា​មានដូចជា កំណើន​ប្រាក់ចំណូល និង​ការបង្កើត​ការងារ​ថ្មី​»​។

យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ចក្រភព​អង់គ្លេស គឺជា​ទីផ្សារ​ទទួល​ទិញ​ទំនិញ​ធំជាងគេ​ទី​ ៨ ពី​កម្ពុជា​ក្នុង​រយៈពេល​ខាងលើ ដោយ​តាម​ពីក្រោយ អាមេរិក វៀតណាម ចិន ជប៉ុន ថៃ កាណាដា និង​អាល្លឺម៉ង់​។

ក្នុងជំនួប​ជាមួយ​លោក Jon Lambe ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​អាស៊ាន និង​លោកស្រី Tina Redshaw ឯកអគ្គរាជទូត​ចក្រភព​អង់គ្លេស​ប្រចាំ​កម្ពុជា នៅ​ទីស្តីការក្រសួង​ពាណិជ្ជកម្ម​កាលពី​ថ្ងៃទី ​៥ ខែមេសា ឆ្នាំ​ ២០២២ លោក ប៉ាន សូរស័ក្ដិ រដ្ឋមន្ដ្រីក្រសួង​ពាណិជ្ជកម្ម​បាន​លើកឡើងថា ភាពល្អប្រសើរ​នៃ​ទំនាក់ទំនង​ការទូត​បាន​ធ្វើឱ្យ​ទំហំ​ពាណិជ្ជកម្ម​កម្ពុជា និង​ចក្រភព​អង់គ្លេស​កើនឡើង​ជា​បន្តបន្ទាប់​។ ជាមួយគ្នានេះ លោក​រដ្ឋមន្ត្រី​ក៏បាន​ថ្លែងអំណរគុណ​ដល់​រដ្ឋាភិបាល​អង់គ្លេស ដែល​ផ្តល់​ប្រព័ន្ធ​អនុគ្រោះ​ពាណិជ្ជកម្ម​ដល់​ក្រុម​ប្រទេស​អភិវឌ្ឍន៍​តិចតួច ដែល​រួមមាន​កម្ពុជា​ផងដែរ​។

លោក សូរស័ក្តិ ថ្លែងថា​៖ «​ខ្ញុំ​មានជំនឿថា ការឈាន​ទៅរក​ប្រក្រតីភាព​ថ្មី គួបផ្សំ​ជាមួយនឹង​សមិទ្ធផល​ចម្បងៗ​ក្នុង​វិស័យ​ពាណិជ្ជកម្ម​ដែល​រដ្ឋាភិបាល​កម្ពុជា និង​ក្រសួងពាណិជ្ជកម្ម​សម្រេច​បាន​ថ្មីៗ​នេះ​នឹង​ក្លាយជា​កាតាលីករ​ថ្មី ដើម្បី​ពង្រឹង​ពាណិជ្ជកម្ម​ទ្វេភាគី​ឱ្យ​កើន​ឡើងវិញ​យ៉ាង​ឆាប់រហ័ស ហើយ​ភាគី​ទាំង​ ២​ នឹង​បន្ត​ពង្រីក​កិច្ចសហប្រតិបត្តិការ​ថ្មីៗ​បន្ថែមទៀត សំដៅ​សម្រេចបាន​នូវ​កាលានុវត្តភាព និង​សក្តានុពល​ពាណិជ្ជកម្ម ធុរកិច្ច និង​​វិនិយោគ​រវាង​ប្រទេស​ទាំង​ ២ ​នាពេល​អនាគត​»​។

ជា​ការឆ្លើយតប លោក Jon Lambe បាន​ថ្លែងអំណរគុណ និង​កោតសរសើរ​ចំពោះ​វឌ្ឍនភាព​រីកចម្រើន និង​កិច្ចខិតខំ​របស់​រដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ក្រសួងពាណិជ្ជកម្ម​ក្នុងការ​ជំរុញ​ទំនាក់ទំនង​ពាណិជ្ជកម្ម​ទ្វេភាគី​រវាង​ប្រទេស​ទាំង​ ២ ​ឱ្យ​កាន់តែ​ប្រសើរ ដោយ​ចក្រព​អង់គ្លេស​បាន​សន្យា​នឹង​បង្កើន​កិច្ចសហការ​ជាមួយ​កម្ពុជា​ឱ្យបាន​កាន់តែខ្លាំង ដើម្បី​សម្រេច​បាន​នូវ​សមិទ្ធផល​អាទិភាព​សេដ្ឋកិច្ច​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បានដាក់​ចេញ​។

ទំនិញ​ភាគច្រើន​ដែល​កម្ពុជា​នាំទៅ​អង់គ្លេស​មានដូចជា សម្លៀកបំពាក់ ស្បែកជើង កង់ អង្ករ និង​ផលិតផល​កសិកម្ម​។ ចំណែក​ផលិតផល​អង់គ្លេស​នាំមក​កម្ពុជា​មានដូចជា រថយន្ត និង​គ្រឿងចក្រ​ជាដើម​។

ទិន្នន័យ​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ឱ្យដឹងថា កាលពី​ឆ្នាំ​ ២០២១ ការធ្វើ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​ចក្រភព​អង់គ្លេស មាន​ទឹកប្រាក់​សរុប​ជាង ៧៨៥ ​លាន​ដុល្លារ ធ្លាក់ចុះ​ជាង ១០,៤៨​ ភាគរយ​បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

ការធ្លាក់ចុះ​ទំហំ​ពាណិជ្ជ​កម្មនេះ​ត្រូវបាន​លោក ប៉ែន សុវិជាតិ អ្នក​នាំពាក្យ​ក្រសួងពាណិជ្ជកម្ម ប្រាប់​ភ្នំពេញ-​ប៉ុស្តិ៍​ថា គឺ​ដោយសារ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ នៅ​គ្រប់​ប្រទេស​លើ​ពិភពលោក និង​ឧបសគ្គ​មួយចំនួន​ទាក់ទង​នឹង​ការដឹកជញ្ជូន​៕ LA