
ពូជដំណាំបន្លែច្រើនប្រភេទដែលអភិវឌ្ឍដោយវិទ្យាស្ថាន CARDI ដាក់តាំងបង្ហាញក្នុងពិព័រណ៍កន្លងមក។ ហុង មិនា
ភ្នំពេញៈ អូស្ត្រាលីគ្រោងនឹងផ្តល់ហិរញ្ញប្បទានឥតសំណងថ្មីប្រមាណ ១០៧ លានដុល្លារដល់កម្ពុជា សម្រាប់រយៈពេលជិត ១០ ឆ្នាំ ដោយជំនួយភាគច្រើននឹងត្រូវផ្តោតលើការអភិវឌ្ឍលើវិស័យកសិកម្ម និងការកែច្នៃកសិផល។
នៅក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកាលពីថ្ងៃទី ៣១ ខែមីនា លោក Pablo Kang ឯកអគ្គរាជទូតអូស្ត្រាលីបានថ្លែងថា អូស្ត្រាលី និងកម្ពុជាបានចាប់ផ្តើមទំនាក់ទំនងការទូតជាមួយគ្នាអស់រយៈពេល ៧០ ឆ្នាំកន្លងមក ហើយតាមរយៈទំនាក់ទំនងដ៏យូរអង្វែងនេះ អូស្ត្រាលីនឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងបន្តផ្តល់ការគាំទ្ររបស់ខ្លួននៅកម្ពុជាបន្ថែមទៀត។
លោកបានបន្ថែមថា ដើម្បីជាការអបអរសាទរសម្រាប់ខួបទី ៧០ ឆ្នាំរវាងប្រទេសទាំង ២ ភាគីអូស្ត្រាលី តាមរយៈមូលនិធិ Department of Foreign Affairs and Trade (DFAT) គ្រោងនឹងផ្តល់កិច្ចសហប្រតិបត្តិការហិរញ្ញប្បទានឥតសំណងថ្មី ក្រោមកម្មវិធីភាពជាដៃគូកម្ពុជា-អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់ (CAP-RED) ដែលមានទឹកប្រាក់ចំនួនប្រមាណ ៦៥ លានដុល្លារសម្រាប់រយៈពេល ៥ ឆ្នាំដំបូងគិតចាប់ពីពាក់កណ្តាលឆ្នាំ ២០២២ ដល់ឆ្នាំ ២០២៧ និងអាចបន្តផ្តល់បន្ថែមរហូត ៤២ លានដុល្លារ សម្រាប់រយៈពេលបន្ថែម ៣ ឆ្នាំបន្ទាប់ទៀត ដោយអាចបន្តទៅដល់ពាក់កណ្តាលឆ្នាំ ២០៣០។
លោកបានបញ្ជាក់ថា៖ «កម្មវិធី CAP-RED មានគោលបំណងធំៗ ៣ រួមមាន ទី ១. ជួយជ្រោមជ្រែងដល់កម្ពុជាក្នុងការអភិវឌ្ឍលើផ្នែកកសិកម្មដែលមានតម្លៃខ្ពស់ និងចាប់ផ្តើមលើវិស័យកែច្នៃកសិផល ទី ២. សហការជាមួយរាជរដ្ឋាភិបាលកម្ពុជាលើការងារជុំវិញគោលនយោបាយពាណិជ្ជកម្ម និងវិនិយោគ ព្រមទាំងអភិវឌ្ឍសហគ្រាស ដើម្បីជួយជ្រោមជ្រែងកម្ពុជាក្នុងការពង្រីកទីផ្សាររបស់ខ្លួន និងគាំទ្រអាជីវកម្មកម្ពុជាដើម្បីលើកកម្ពស់ស្តង់ដាគុណភាពរបស់ខ្លួន ដើម្បីអាចនាំចូលទៅទីផ្សារនានា និងទី ៣. បន្តវិនិយោគដើម្បីពង្រីកវិស័យហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាពនៅកម្ពុជា ជាពិសេសក្នុងវិស័យទឹក ថាមពល និងភ័ស្តុភារ»។
លោកបញ្ជាក់បន្ថែមថា អូស្ត្រាលីនឹងបន្តខិតខំពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យអាទិភាពរបស់កម្ពុជា ជាពិសេសនឹងបន្តជំរុញការអភិវឌ្ឍវិស័យកសិកម្ម កសិឧស្សាហកម្ម និងប្រព័ន្ធគ្រប់គ្រងធារាសាស្ត្រឱ្យកាន់តែរីកចម្រើនបន្ថែមទៀត។
លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានលើកឡើងថា អូស្ត្រាលីតែងតែផ្តល់ការគាំទ្រដល់កម្ពុជាក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច តាមរយៈកាផ្តល់ជំនួយផ្នែក បច្ចេកទេស និងហិរញ្ញវត្ថុ លើវិស័យសំខាន់ៗជាច្រើន ជាពិសេស វិស័យកសិកម្ម ហេដ្ឋារចនាសម្ព័ន្ធ អប់រំ ថាមពល ជាដើម។
លោកបញ្ជាក់ថា៖ «ហិរញ្ញប្បទានឥតសំណងបន្ថែមសម្រាប់វិធីថ្មីនេះនឹងជួយដល់ការអភិវឌ្ឍ វិស័យកសិកម្ម កសិឧស្សាហកម្ម ពាណិជ្ជកម្ម និងវិនិយោគនៅកម្ពុជា ទោះបីជាពិភពលោកកំពុងស្ថិតក្នុងស្ថានភាពប្រឈមទៅនឹងជំងឺកូវីដ ១៩ ដែលប៉ះពាល់ដល់សកម្មភាពសេដ្ឋកិច្ច ពាណិជ្ជកម្ម និងជីវភាពរស់នៅប្រចាំថ្ងៃយ៉ាងណាក្តី រាជរដ្ឋាភិបាលកម្ពុជានៅតែខិតខំ និងត្រៀមលក្ខណៈជាស្រេច ក្នុងការផ្តល់កិច្ចសហការ និងបន្តការគាំទ្រដល់កិច្ចសហប្រតិបត្តិការនានាបន្ថែមទៀតរវាងប្រទេសទាំង ២ ដើម្បីសម្រេចបាននូវសមិទ្ធផលល្អប្រសើរថ្មីៗបន្ថែមទៀត»។
លោក សុង សារ៉ន ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា អូស្ត្រាលីបានជួយលើវិស័យស្រូវអង្ករនេះច្រើន ជាពិសេសជួយផ្នែកប្រព័ន្ធធារាសាស្ត្រ ការផលិតពូជស្រូវដែលមានគុណភាព និងការអភិវឌ្ឍពូជស្រូវ។ល។
លោកបានបន្តថា ចំពោះការងារជាមួយសហព័ន្ធស្រូវអង្ករកម្ពុជា គឺអូស្ត្រាលីបានជួយ និងផ្តល់ជំនួយមួយចំនួនគួរឱ្យកត់សម្គាល់រួមមានជួយលើការងារអភិវឌ្ឍន៍ និងបន្សុទ្ធពូជប្រភេទស្រូវសែនក្រអូបជួយបង្កើតម៉ាកវិញ្ញាតកម្ម អង្ករ «ម្លិះអង្គរ» និងកំពុងជួយដល់ការបង្កើតម៉ាកអង្ករសមូហភាព សែនក្រអូប និងអង្ករដំណើបស្បៃមង្គល ដែលនឹងដាក់ឱ្យដំណើរការជាផ្លូវការនៅពេលខាងមុខឆាប់ៗ និងបានជួយដល់ការនាំយកផលិតផលអង្ករទៅផ្សព្វផ្សាយលើឆាកអន្តរជាតិ ដូចជាការចូលរួមវេទិកាស្រូវអង្ករពិភពលោក ក៏ដូចជា ការចូលរួមតាំងពិព័រណ៍ពិភពលោកនៅទីក្រុងឌូបៃជាដើម។
លោកបានបញ្ជាក់ថា៖ «យើងបានប្តូរទិសដៅនៃការនាំចេញរបស់យើង ដោយសហព័ន្ធបានផ្តោតទៅលើការនាំចេញអង្ករដែលមានគុណភាពល្អប្រណីតជាប្រភេទក្រអូបវិញ។ ដូចនេះ ប្រទេសអូស្ត្រាលីតែងតែជួយដល់យើង រាប់តាំងពីការដាំដុះការរៀបចំដីស្រែរហូតដល់ការស្វែងរកទីផ្សារ។ ជាក់ស្តែងការនាំចេញអង្ករក្រអូបរបស់យើង មិនត្រឹមតែទៅអូស្ត្រាលីទេមានទៅកាន់ទីផ្សារដទៃទៀត ដែលបានធ្វើឱ្យការនាំចេញអង្ករក្រអូបមានកំណើនច្រើន»។
ប្រទេសអូស្ត្រាលីជាទីផ្សារធំមួយក្នុងចំណោមទីផ្សារទាំង ១០ ដែលនាំចូលអង្ករពីកម្ពុជា ដែលរយៈពេល ៥ ឆ្នាំចុងក្រោយ (២០១៧-២០២១) អូស្ត្រាលីបាននាំចូលអង្ករពីកម្ពុជាចំនួន ៧១ ០០៥ តោន ប៉ុន្តែឆ្នាំ ២០២១ មានតែជាង ៩ ពាន់តោនប៉ុណ្ណោះ ដោយសារវិបត្តិកូវីដ ១៩ ពិបាកក្នុងការដឹកជញ្ជូន៕ LA