ភ្នំពេញៈ ផ្នែក​ឯកជន​នៅក្នុង​វិស័យ​ទេសចរណ៍​ឱ្យដឹងថា ខ្លួន​បាន​ត្រៀម​រួចហើយ​ដើម្បី​ទទួលភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ ដែល​ចេញ​ដើរ​កម្សាន្ត​ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​នា​សប្តាហ៍​នេះ បន្ទាប់ពី​ស្ងប់ស្ងាត់ ២ ​ឆ្នាំ​ដែល​បណ្តាលមកពី​វិបត្តិ​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩​។

ការលើកឡើង​នេះ​គឺ​ស្រប​នឹង​សេចក្តី​ជូនដំណឹង​របស់​ក្រសួង​ទេសចរណ៍​កាលពី​ថ្ងៃទី​ ៧ ខែមេសា ដែល​អំពាវនាវ​ឱ្យ​អ្នក​ក្នុង​វិស័យ​ទេសចរណ៍​ចូលរួម​ផ្សព្វផ្សាយ និង​បង្កើន​ភាពទាក់ទាញ​ភ្ញៀវ ពិសេស​ទេសចរ​អន្តរជាតិ​ឱ្យមក​ទស្សនា​កម្ពុជា​កាន់​តែ​ច្រើន​។

លិខិត​ក្រសួង​ទេសចរណ៍​ស្តីពី​ «​ការអបអរសាទរ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៥ គ.ស ២០២២» បាន​លើកឡើង​ថា កម្ពុជា​នឹង​ប្រារព្ធ​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិខ្មែរ​ចាប់ពី​ថ្ងៃទី​ ១៤-១៦ ខែមេសា ឆ្នាំ​ ២០២២ នៅ​ទូទាំង​ប្រទេស​។

បន្ថែម​ពីលើ​នេះ​ក្រសួង​ទេសចរណ៍​បាន​សរសេរ​ថា​៖ «​សូម​អំពាវនាវ​ដល់​សមាគម​ទេសចរណ៍​ផ្នែក​រដ្ឋ​ឯកជន និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំង​ក្នុង និង​ក្រៅ​ប្រទេស សារព័ត៌មាន​ជាតិ-​អន្តរជាតិ​ចូលរួម​ផ្សព្វផ្សាយ និង​រៀបចំ​កញ្ចប់​ទស្សនកិច្ច​ថ្មីៗ​បង្កើន​ទំនាក់ទំនង​ល្អ និង​កិច្ចសហប្រតិបត្តិការ​ក្នុង​ភាពជា​ដៃគូ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ទាំង​ក្នុង និង​ក្រៅប្រទេស​សំដៅ​ទាក់ទាញ​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ឱ្យមក​ទស្សនា កម្ពុជា​៖ ព្រះរាជាណាចក្រ​អច្ឆរិយ​សុវត្ថិភាព និង​ផ្តល់​ភាពកក់ក្តៅ​កាន់តែច្រើន​»​។

លោក ខៀវ ធី ប្រធាន​សមាគម​មគ្គុទ្ទេសក៍​ទេសចរ​អង្គរ​បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍ ​ក្នុង​ថ្ងៃទី​ ១០ ខែមេសាថា ចំនួន​ភ្ញៀវទេសចរ​ក្នុងស្រុក​ចេញ​ដើរ​កម្សាន្ត​ក្នុងអំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ឆ្នាំនេះ​ត្រូវ​រំពឹងថា​នឹងមាន​ចំនួន​ច្រើន ប៉ុន្តែ​សម្រាប់​ភ្ញៀវ​ពី​ក្រៅប្រទេស គឺ​មិនទាន់មាន​ចំនួន​ច្រើន​ទេ​។ កំណើន​ភ្ញៀវ​ចេញ​ដើរ​កម្សាន្ត​នេះ គឺ​ដោយសារ​កម្ពុជា​អាច​គ្រប់គ្រង​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ បានល្អ និង​ចាក់​វ៉ាក់សាំង​ប្រឆាំង​ជំងឺ​កូវីដ​ ១៩ ក៏មាន​អត្រា​ខ្ពស់​ផងដែរ​។

លោក​បន្តថា ជាក់ស្តែង​ក្នុង​ខេត្ត​សៀមរាប​ភ្ញៀវ​ក្នុង​ស្រុក​បានចាប់ផ្តើម​កើនឡើង​បណ្តើរៗ​ហើយ​នា​ចុង​សប្តាហ៍​នេះ​ (​ថ្ងៃ​ ៨-១០ ខែមេសា​)​។ សម្រាប់​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ គឺ​គ្រប់ផ្នែក​បាន​ត្រៀម​រួចហើយ​ជាមួយនឹង​ក្តី​សង្ឃឹមថា គ្រប់​សកម្មភាព​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​នឹងមាន​ភាពល្អ​ប្រសើរឡើង​វិញ​ បន្ទាប់ពី​ជាប់គាំង ២ ​ឆ្នាំ​មកនេះ​។

លោក​ថ្លែងថា​៖ «​ទោះបី​ប្រតិបត្តិការ​អាជីវកម្ម​ក្នុង​វិស័យ​ទេសចរណ៍​នៅ​កម្ពុជា​បាន​ជាប់គាំង​ស្ទើរ​ទាំងស្រុង​ក្នុង​រយៈពេល​ប្រមាណ ២ ​ឆ្នាំ​ដោយសារ​តែ​ឥទ្ធិពល​នៃ​ជំងឺ​កូវីដ​ ១៩ ក៏​ការរៀបចំ​របស់​វិស័យ​ឯកជន​ដើម្បី​ងើបឈរ​ឡើងវិញ​គឺ​មិនមាន​បញ្ហា​ទេ​ទាំង​កន្លែង​ស្នាក់នៅ ភោជនីយដ្ឋាន និង​សេវាកម្ម​ចម្រុះ​ផ្សេងទៀត​»​។

យ៉ាងណា លោក ខៀវ ធី អះអាង​ថា ភាព​វិជ្ជមាន​ទាំងនេះ​នឹងមិន​ទាន់​កើតមាន​ចំពោះ​ក្រុមហ៊ុន ឬ​មគ្គុទ្ទេសក៍​ភាសាបរទេស​នោះទេ ដោយ​វា​ត្រូវការ​ពេល​បន្ថែមទៀត​ក្នុង​ការផ្តល់​ទំនុកចិត្ត​សម្រាប់​ការធ្វើដំណើរ​ឆ្លង​ប្រទេស​។

បើតាម​លោក ខៀវ ធី បច្ចុប្បន្ន​ក្នុង​ខេត្ត​សៀមរាប​ទទួលបាន​ភ្ញៀវទេសចរ​អន្តរជាតិ​ក្នុង​រង្វង់​ជា​មធ្យម ២០០ ​នាក់​ក្នុង ១ ​ថ្ងៃ ជាមួយនឹង​ជើងហោះហើរ​ប្រចាំថ្ងៃ​ចំនួន ១ មកពី​ប្រទេស​ថៃ និង ១ មកពី​សិង្ហបុរី​។

ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី-​ប៉ាស៊ីហ្វិក​កម្ពុជា លោក ធួន ស៊ីណាន បាន​និយាយថា ផ្នែក​ឯកជន​តែង​ជួយ​ផ្សព្វផ្សាយ និង​ចូលរួម​ជាប្រចាំ​ក្នុង​ការត្រៀម​ទទួល​ស្វាគមន៍​ភ្ញៀវទេសចរ ដើម្បី​ធ្វើឱ្យ​វិស័យនេះ​មាន​ដង្ហើម​ឡើងវិញ​។ សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ខាងមុខ គឺ​ផ្នែក​ឯកជន​បាន​ត្រៀមខ្លួន​រួចរាល់​ហើយ​។ លោក​បាន​បន្តថា ការរៀបចំ​ហេដ្ឋារចនាសម្ព័ន្ធ​ជា​បន្តបន្ទាប់​នឹង​ជួយ​ឱ្យ​ខេត្តសៀមរាប​ទទួលបាន​កំណើន​ភ្ញៀវទេសចរ​ច្រើន​។

លោក​ប្រាប់ថា​៖ «​ការប្រកាស​បើក​ប្រទេស និង​សេដ្ឋកិច្ច​របស់​កម្ពុជា​នឹង​ជួយ​ធ្វើឱ្យ​ដំណើរ​កម្សាន្ត​ក្នុង​អំឡុង​ពិធីបុណ្យ​ចូលឆ្នាំ​ខាងមុខ​អាចមាន​ចំនួន​ច្រើន ប៉ុន្តែ​ចំនួន​នេះ​ប្រហែលជា​មិន​លើសពី​អំឡុង​ពិធីបុណ្យ​ភ្ជុំបិណ្ឌ និង​អុំទូក​កន្លងមក​ទេ ព្រោះ​ស្ថានភាព​នៃ​វិបត្តិ​សេដ្ឋកិច្ចពិភពលោក និង​ការ​កើនឡើង​នៃ​តម្លៃ​ប្រេង​អាចជា​ឧបសគ្គ​ខ្លះ​សម្រាប់​ការដើរ​កម្សាន្ត​»៕ LA