
ការនាំចេញដូងប្រេងក្នុងត្រីមាសទី១ មានចំនួន ១,១ ម៉ឺនតោន។ ហេង ជីវ័ន
ភ្នំពេញៈ កម្ពុជាបាននាំដូងប្រេងទៅទីផ្សារអន្តរជាតិជាង ១,១ ម៉ឺនតោន ក្នុងត្រីមាសទី១ ឆ្នាំ ២០២២ ធ្លាក់ចុះជាង ៣ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២១។
បើយោងតាមរបាយការណ៍ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទចាប់ពីខែមករា-ខែមីនា ឆ្នាំ ២០២២ ការនាំចេញដូងប្រេងពីកម្ពុជាសម្រេចបានប្រមាណ ១១ ៣៦០តោន ថយចុះ ៣,៦២ ភាគរយក្នុងនោះនាំចេញទៅប្រទេសឥណ្ឌា ចំនួន ៩ ៧០០ តោន ប្រទេសម៉ាឡេស៊ី ១ ៥០០ តោន និងប្រទេសថៃ ១៦០ តោន។
ដូងប្រេងត្រូវបានចាត់ទុកជាដំណាំកសិឧស្សាហកម្ម និងជាវត្ថុធាតុដើមដ៏សំខាន់ សម្រាប់ច្នៃជាចំណីអាហារ ថាមពល ឱសថ និងគ្រឿងសម្អាង។
លោក ម៉ុង ឫទ្ធី អគ្គនាយកក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុប ដែលជាក្រុមហ៊ុននាំចេញដូងប្រេងដ៏ធំជាងគេនៅកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ការនាំចេញដូងប្រេងធ្លាក់ចុះនៅដើមឆ្នាំនេះគឺដោយសារអាយុកាលរបស់ដើមដូងប្រេងនៅកម្ពុជាភាគច្រើន គឺជាង ២ ទសវត្សរ៍មកហើយ ដូចនេះគឺដល់ពេលវេលាដែលទិន្នផលត្រូវធ្លាក់ចុះ។
លោកថ្លែងថា៖ «បច្ចុប្បន្នដូងប្រេងមួយចំនួនមានអាយុ ២៥ ឆ្នាំហើយ ដូចនេះជាពេលដែលទិន្នផលត្រូវថមថយដែរ ទោះបីជាអាកាសធាតុអំណោយផលយ៉ាងណាក៏ដោយ។ តាមខ្ញុំប៉ាន់ស្មានមើលនៅខែបន្តបន្ទាប់ទិន្នផលដូងប្រេងក៏មិនកើនឡើងប៉ុន្មានដែរ»។
លោកប្រាប់ទៀតថា ក្រុមហ៊ុន ម៉ុងឫទ្ធី គ្រុបកំពុងមានទិសដៅពង្រីកការដាំដុះឱ្យកើនដល់ ៣០ ០០០ ហិកតា ខណៈបច្ចុប្បន្នផ្ទៃដីដាំដូងប្រេងរបស់ក្រុមហ៊ុនមានត្រឹមជាង ២០ ០០០ ហិកតាប៉ុណ្ណោះ។ លោកបានបន្តថា ក្រុមហ៊ុនចង់ពង្រីកបន្ថែមទៀត ប៉ុន្តែបច្ចុប្បន្នមិនទាន់មានលទ្ធភាពនៅឡើយ ព្រោះក្នុងករណីដែលពង្រីកការដាំដុះបន្ថែមគឺត្រូវធ្វើឡើងនៅក្បែរចម្ការដូងប្រេងដែលមានស្រាប់ ដោយសារតាមបណ្តាខេត្តដទៃទៀត មិនមានល្បាយទឹកភ្លៀងគ្រប់គ្រាន់ដូចនៅខេត្តព្រះសីហនុ។
លោកបញ្ជាក់ថា ការដាំដុះដូងប្រេងនៅកម្ពុជានៅមានតិចតួចបើធៀបនឹងប្រទេសនៅក្នុងតំបន់អាស៊ានដទៃទៀត ដូចជាថៃ ម៉ាឡេស៊ី ជាដើម។
ម៉ុង ឫទ្ធី គ្រុប គឺជាក្រុមហ៊ុនវិនិយោគលើការដាំដូងប្រេងធំជាងគេនៅកម្ពុជា និងជាប់លេខ ៤ នៅអាស៊ីអាគ្នេយ៍។ ក្រុមហ៊ុនបានចាប់ផ្តើមវិនិយោគលើការដាំដូងប្រេងក្នុងឆ្នាំ ១៩៩៦។
អនុប្រធានសភាពាណិជ្ជកម្ម លោក លឹម ហេង បានឱ្យដឹងថា ដោយសារដំណាំដូងប្រេងរើសសណ្ឋានដី និងទីតាំងដាំដុះដែលមានកម្រិតទឹកភ្លៀងច្រើន ដូចជានៅខេត្តព្រះសីហនុជាដើម ទើបមានក្រុមហ៊ុនមួយចំនួនទៅវិនិយោគដាំដូងប្រេងនៅខេត្តមណ្ឌលគិរី ប៉ុន្តែត្រូវបរាជ័យទៅវិញ។ លោកបន្ថែមថា ទិន្នផលដូងប្រេងនៅកម្ពុជា គឺនៅមានកម្រិតដែលមិនអាចទាក់ទាញវិនិយោគិនឱ្យបើករោងចក្រកែច្នៃបានទេ។
លោកបញ្ជាក់ថា៖ «កន្លងមកដូងប្រេងរបស់ក្រុមហ៊ុនឧកញ៉ា ម៉ុង ឬទ្ធី មានបរិមាណនៅទាបដូចនេះមិនអាចផ្គត់ផ្គង់ដល់រោងចក្រកែច្នៃបានទេ»។
ទោះបីយ៉ាងណា លោក លឹម ហេង រំពឹងថា នាពេលអនាគតនឹងមានរោងចក្រខ្នាតតូចដែលកែច្នៃផលិតដូងប្រេងក្នុងស្រុកឱ្យជាប្រេងឆា ឬផលិតផលកែច្នៃផ្សេងៗទៀតធ្វើពីដូងប្រេង ដើម្បីកាត់បន្ថយការនាំចេញ វត្ថុធាតុដើមដែលមានតម្លៃទាប និងអាចបង្កើនការនាំចេញផលិតផលកែច្នៃរួច។
បើតាមទិន្នន័យក្រសួងកសិកម្មក្នុងឆ្នាំ ២០២១ កម្ពុជាបាននាំចេញដូងប្រេង ៦២ ២១៦,៦៩ តោន កើន ១៤,២២ ភាគរយបើធៀបឆ្នាំ ២០២០ ក្នុងនោះនាំទៅប្រទេសឥណ្ឌា ៤៨ ៩៧៦,៦៩ តោន និងម៉ាឡេស៊ី ១៣ ២៤០ តោន៕ LA