ភ្នំពេញៈ រដ្ឋាភិបាល​តាមរយៈ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​បាន​ផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នូវ «​ផែនការ​មេអភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​ (២០២១-២០៣៥)» ​នៅថ្ងៃនេះ​ដើម្បី​ជា​ត្រីវិស័យ​ចង្អុលបង្ហាញ​យន្តការ និង​​ទិសដៅ​យុទ្ធសាស្ត្រ​សំខាន់ៗ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​ភាគ​ឦសាន​នេះ​ឱ្យ​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​ទី ៤ ​របស់​កម្ពុជា​។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច​កាលពី​ថ្ងៃទី​ ៧ ខែមេសា​ឱ្យដឹងថា ពិធី​ផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នូវ​ផែនការ​មេនេះ​ធ្វើឡើង​ក្រោម​អធិបតី​លោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​តាម​ប្រព័ន្ធ​វីដេអូ ដោយមាន​ការចូលរួម​ពី​តំណាង​ក្រសួង-​ស្ថាប័ន​ពាក់ព័ន្ធ ស្ថានទូត រដ្ឋបាល​រាជធានី ខេត្ត ដៃគូ​អភិវឌ្ឍន៍ និង​វិស័យ​ឯកជន​។

សេចក្តី​ប្រកាស​ព័ត៌មាន​បន្តថា រដ្ឋាភិបាល​បាន​ពិនិត្យឃើញ​ពី​សារៈសំខាន់ និង​ភាពចាំបាច់​ក្នុង​ការរៀបចំ និង​ដាក់ឱ្យ​អនុវត្ត​នូវ​ «​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី​ (២០២១-២០៣៥)» ដើម្បី​ជា​ត្រីវិស័យ​ចង្អុលបង្ហាញ​យន្តការ និង​ទិសដៅ​យុទ្ធសាស្ត្រ​សំខាន់ៗ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី ឆ្លើយតប​ទៅនឹង​ចក្ខុវិស័យ​ការអភិវឌ្ឍ​ជាតិ​ក្នុង​រយៈពេល​ពី​ឆ្នាំ​ ២០២១-២០៣៥ និង​បណ្តា​ឆ្នាំ​ខាងមុខ ព្រមទាំង​រួមចំណែក​អភិវឌ្ឍ​តំបន់​ភូមិភាគ​ឦសាន​ដែលមាន​ខេត្តមណ្ឌលគិរី​ជា​ស្នូល​ឱ្យ​ក្លាយជា​ប៉ូល​សេដ្ឋកិច្ច​ទី​ ៤ របស់​កម្ពុជា​។

លោក នាង វណ្ណៈ នាយករង​ទីចាត់ការ និង​ជា​អ្នកនាំពាក្យ​រដ្ឋបាលខេត្ត​មណ្ឌលគិរី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី ​១០ ខែមេសា​ថា ពាក់ព័ន្ធ​នឹង​ «​ផែនការ​មេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី​ (២០២១-២០៣៥)» នេះ លោក​មិនដឹងថា មាន​ផែនការ​សំខាន់ៗ​អ្វីខ្លះ​ទេ ប៉ុន្តែ​យ៉ាងណាក្តី​វា​នឹង​រួមចំណែក និង​ជំរុញ​ល្បឿន​នៃ​ការអភិវឌ្ឍ​ទេសចរណ៍​របស់​ខេត្ត​កាន់តែ​ល្អប្រសើរ​។

លោក​ថ្លែងថា​៖ «​ការរៀបចំ​វា​ជា​ការល្អ​សម្រាប់​ខេត្ត​។ ដូច​ដឹង​ស្រាប់​ហើយ​ចក្ខុវិស័យ​ក៏ដូចជា​ការកំណត់​របស់​រដ្ឋាភិបាល ជា​ខេត្ត​ប៉ូល​សេដ្ឋកិច្ច​ទី​ ៤​។ ផែនការ​អភិវឌ្ឍន៍​ទេសចរណ៍​នេះ​ក្រសួង​ទេសចរណ៍​បាន​ចុះមក​សិក្សា​ផ្ទាល់​អ៊ីចឹង​គាត់​ប្រហែល​ជាមាន​គម្រោង​អភិវឌ្ឍន៍​ទេសចរណ៍​ច្រើន​នៅក្នុង​ខេត្ត​នេះ​»​។

បើតាម​លោក នាង វណ្ណៈ នៅក្នុង​ខេត្ត​មណ្ឌលគិរី​មាន​តំបន់​ទេសចរណ៍ និង​រមណីយដ្ឋាន​ទេសចរណ៍​ប្រមាណ ១០០​ ទីតាំង ប៉ុន្តែ​តំបន់​ទេសចរណ៍​ខ្លះ​ក៏មាន​ផ្លូវ​ទៅដល់ និង​ខ្លះទៀត​មិនទាន់​មាន​ផ្លូវ​នោះទេ​។

អ្នកជំនាញ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក គី សេរីវឌ្ឍន៍ យល់ឃើញ​ថា​ «​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​មណ្ឌលគិរី គឺជា​ផែនការ​យុទ្ធសាស្ត្រ​មួយ​ចាប់ផ្តើម​ក្នុង​វិស័យ​ទេសចរណ៍ ដែល​ផែនការ​នេះ​នឹង​បន្ត​អនុវត្ត​នៅតាម​បណ្តា​ខេត្ត​ផ្សេងៗ​ទៀត​ដែលមាន​ប៉ូល​ទេសចរណ៍​ដូច​ខេត្តមណ្ឌលគិរី​ដែរ​។

លោក​បាន​ពន្យល់ថា ខេត្តមណ្ឌលគិរី គឺជា​ប៉ូល​ទេសចរណ៍​ធម្មជាតិ និង​ទេសចរណ៍​ជីវចម្រុះ ដែលមាន​ទេសភាព និង​អាកាសធាតុ​ល្អ​នៅក្នុង​ការ​ទាក់ទាញ​ភ្ញៀវ​មក​សម្រាកលម្ហែ​។ ទោះបី​យ៉ាងណា​តំបន់​នេះ​នៅ​មិនទាន់​មាន​ការអភិវឌ្ឍ​នោះទេ​។ ដូច្នេះ​ក្រោយពី​តំបន់​នេះ​ដាក់ចេញ​ផែនការ និង​ក្លាយទៅ​ជា​តំបន់​អភិវឌ្ឍន៍​ដែល​នឹង​ធ្វើ​ឱ្យ​តម្លៃ​អចលនទ្រព្យ និង​សេដ្ឋកិច្ច​មាន​ការកើនឡើង​។

លោក​ថ្លែងថា​៖ «​ផែនការ​មេនេះ​ជា​លទ្ធផល​វា​នឹង​អាចបង្កើត​ការងារ​ក្នុង​តំបន់​នោះ បង្កើត​ឱ្យ​មាន​ចរន្ត​សេដ្ឋកិច្ច​កាន់តែ​ល្អ​ក៏ប៉ុន្តែ​ក៏ត្រូវ​តែ​ជំរុញ​វិស័យ​អប់រំ​ឱ្យមាន​ការលូតលាស់​ក្នុង​តំបន់​ផងដែរ ដើម្បីឱ្យ​ប្រជាជន​ទទួលបាន​ផលប្រយោជន៍​សេដ្ឋកិច្ច​ពី​ផែនការ​នេះ​»​។

រដ្ឋាភិបាល​កម្ពុជា​បានចេញ​អនុក្រឹត្យ​សម្រេច​បង្កើត​គណៈកម្មាធិកា​ដឹកនាំ​អនុវត្ត​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍ ខេត្តមណ្ឌលគិរី ឆ្នាំ​ ២០២១-២០៣៥ (​គ.ជ.ផ.ម.) កាលពី​ចុងឆ្នាំ​ ២០២១ ដោយ​ប្រគល់​ភារកិច្ច​ជូន​លោក ថោង ខុន រដ្ឋមន្ត្រី​ក្រសួង​ទេសចរណ៍​ជា​ប្រធាន​, លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន​, លោក វេង សាខុន រដ្ឋមន្ត្រី​ក្រសួង​កសិកម្ម​, លោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួង​វប្បធម៌​, លោក ម៉ៅ ហាវណ្ណាល់ រដ្ឋមន្ត្រី​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល និង​លោក ថង សាវុន អភិបាលខេត្ត​មណ្ឌលគិរី ជា​អនុប្រធាន និង​មាន​ថ្នាក់ដឹកនាំ​តំណាង​ក្រសួង-​ស្ថាប័ន​ចំនួន ២០ ​អង្គភាព​ជា​សមាជិក​៕ LA