The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ផលិតផល​ម្រេច​ជាង ៣​ ពាន់​តោន ​ត្រូវបាន​នាំចេញ​ក្នុង​ត្រីមាស​ទី​១

ផលិតផល​ម្រេច​ជាង ៣​ ពាន់​តោន ​ត្រូវបាន​នាំចេញ​ក្នុង​ត្រីមាស​ទី​១

Content image - Phnom Penh Post
បុរស​ម្នាក់​ស្រោច​ទឹក​ដើម​ម្រេច​ក្នុង​ចម្ការ​នៅ​ខេត្តរតនគិរី​។ រូបថត រ៉ាស់ហ៊ីម

ផលិតផល​ម្រេច​ជាង ៣​ ពាន់​តោន ​ត្រូវបាន​នាំចេញ​ក្នុង​ត្រីមាស​ទី​១

ភ្នំពេញៈ កម្ពុជា​បាន​នាំចេញ​ម្រេច​ទៅកាន់​ទីផ្សារ​អន្តរជាតិ​ក្នុង​បរិមាណ​ជាង ៣ ​ពាន់​តោន ក្នុង​ត្រីមាស​ដំបូង ឆ្នាំ​ ២០២២ កើនឡើង​ជាង ១៧៥ ​ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។

ទិន្នន័យ​ពី​អគ្គនាយកដ្ឋាន​កសិកម្ម​នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បង្ហាញថា ការនាំចេញ​ម្រេច​ក្នុង​រយៈពេល ៣ ​ខែ ឆ្នាំ​ ២០២២ មាន​បរិមាណ​សរុប ៣ ០៧២,៩៤ ​តោន​កើនឡើង ១៧៥,០៦​ ភាគរយ​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ ក្នុងនោះ​ការនាំ​ចេញទៅ​ប្រទេស​វៀតណាម មាន​បរិមាណ​ច្រើនជាងគេ​ដែល​ស្មើនឹង ២ ៩៣០,០១ ​តោន​, អាល្លឺម៉ង់ ១០៥,៦០​ តោន​, ម៉ាឡេស៊ី ១៣,៦៤ ​តោន​, ប៊ែលហ្ស៊ិក ៨,៨០​ តោន​, បារាំង ៧,៨៩ ​តោន​, ឆេក ២,៣០​ តោន​, កាណាដា ១ ​តោន​, ជប៉ុន ១ ​តោន​, អាមេរិក ០,៩២ ​តោន​, ចក្រភព​អង់គ្លេស ០,៩ ​តោន​, ស៊ុ ​អ៊ែត ០,៤៩​ តោន​, កាហ្សាក់ស្ថាន ០,២៩ ​តោន និង​អូស្ត្រាលី ០,១០ ​តោន​។

លោក ម៉ាក នី ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ១១ ខែមេសា​ថា ការនាំចេញ​ម្រេច​កើនឡើង​នៅ​ដើមឆ្នាំ​នេះ គឺ​ដោយសារ​ស្តុក​ចាស់​សល់​ពី​ឆ្នាំមុន ​(​កសិករ​ខ្លះ​បាន​ប្រមូលផល​កាលពី​អំឡុង​ខែវិច្ឆិកា ឆ្នាំមុន​)​។ ម្យ៉ាងវិញទៀត បច្ចុប្បន្ន​កសិករ​ក៏​កំពុង​ប្រមូលផល​ម្រេច​បណ្តើរៗ​ដើម្បី​អាច​លក់​ចេញ​បន្តទៀត​នៅក្នុង​ខែឧសភា ឬ​មិថុនា​ខាងមុខ​។

លោក​បាន​បន្ថែមថា កាលពី​ខែមករា ដើមឆ្នាំ​ ២០២២ ទីផ្សារ​ម្រេច​ហាក់​មាន​ភាពល្អប្រសើរ ដោយ​លក់បាន​ក្នុងតម្លៃ​ប្រមាណ ១៥ ​លាន​រៀល​ក្នុង​ ១​ តោន ប៉ុន្តែ​នៅពេលនេះ​ហាក់​ចុះថ្លៃ​បន្តិច​មកវិញ ដោយសារ​កសិករ​ចាប់​-​ផ្តើម​ប្រមូល​ផល​នាំឱ្យ​បរិមាណ​ម្រេច​មាន​ច្រើន ទើប​ក្រុម​ឈ្មួញ​បញ្ចុះតម្លៃ​។ លោក​បន្តទៀតថា វៀតណាម​នៅតែ​ជា​ទីផ្សារ​ដ៏ធំ​សម្រាប់​ម្រេច​កម្ពុជា​។

លោក​ប្រាប់ថា​៖ «​ម្រេច​ដែល​យើង​ផលិត​បាន​គឺ​លក់​ទៅកាន់​វៀតណាម​ច្រើនជាងគេ ព្រោះ​វៀតណាម​ជា​អ្នក​ចែកចាយ​ធំ​។ ខាង​សហព័ន្ធ​កំពុង​ទាក់ទាញ​អ្នកវិនិយោគ និង​អ្នកបញ្ជា​ទិញ​មក​ទិញ​ផ្ទាល់​ពី​យើង​វិញ​ដើម្បី​អាចឱ្យ​ចំណេញ​បាន​ច្រើនជាង​លក់​ឱ្យ​ឈ្មួញ​វៀតណាម​។ ប៉ុន្តែ​មុននឹង​យើង​អាច​ទាក់ទាញ​គេ​មក​ទិញ​ដោយផ្ទាល់​បាន យើង​ក៏​ត្រូវមាន​ហេដ្ឋារចនាសម្ព័ន្ធ ការវេចខ្ចប់​មាន​ក្រុមហ៊ុន​ផ្គត់ផ្គង់​ត្រឹមត្រូវ មាន​ស្តុក​គ្រប់គ្រាន់​ក្នុង​ ១ ​ឆ្នាំៗ និង​មាន​រោងចក្រ​កែច្នៃ​ច្រើន​ជាដើម​។ បច្ចុប្បន្ន​យើង​មាន​ក្រុមហ៊ុន​តិចតួច​ប៉ុណ្ណោះ ដែល​វិនិយោគ​ក្នុងការ​កែច្នៃ​ម្រេច​នេះ​ដូច្នេះ​យើង​ទាមទារ​ឱ្យមាន​ការវិនិយោគ​ថ្មីៗ​បន្ថែមទៀត​»​។

ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា​បាន​បន្តថា នៅពេល​កម្ពុជា​អាច​លក់​ម្រេច​ទៅឱ្យ​អ្នកបញ្ជា​ទិញ​ដោយផ្ទាល់ មិនបាច់​ឆ្លងកាត់​តាម​ប្រទេស​វៀតណាម កសិករ​នឹង​ចំណេញ​ច្រើនជាង​មុន រដ្ឋ​ក៏​នឹង​ទទួល​បាន​ចំណូល​ច្រើនជាង​មុន​ផងដែរ​លើ​ពន្ធ និង​ការដឹកជញ្ជូន​ចេញពី​កំពង់ផែ​។

ចំពោះ​ម្រេច​កំពត​វិញ​ត្រូវបាន​លោក ងួន ឡាយ ប្រធាន​សមាគម​ម្រេច​កំពត ប្រាប់ថា ម្រេច​កំពត កំពុង​ប្រមូលផល ដោយ​អាច​នឹង​នាំចេញ​នៅក្នុង​អំឡុង​ខែឧសភា ខាងមុខ ខណៈ​ម្រេច​នាំចេញ​ភាគច្រើន​ជា​ប្រភេទ​ម្រេច​ប្រឡាក់​អំបិល ឬ​ជ្រក់​។

លោក​បន្តថា បរិមាណ​ផល​នៅ​ដើម​ឆ្នាំនេះ​ទំនង​មិន​កើន​ទេ ដោយ​អាចមាន​ចំនួន​ប្រហាក់ប្រហែល​ឆ្នាំ​ ២០២១ ដែលមាន​ប្រមាណ​ជាង ១២០ ​តោន​ដោយសារ​សមាគម​មិនបាន​ពង្រីក​ផ្ទៃដី​ដាំដុះ​។

លោក​បញ្ជាក់ថា​៖ «​យើង​ទើប​ប្រមូលផល​បាន​តិចតួច​ប៉ុណ្ណោះ តែ​ម្រេច​យើង​ត្រូវបាន​ក្រុមហ៊ុន​នាំចេញ​កុម្ម៉ង់​អស់ហើយ​ចំពោះ​កសិករ​ខ្នាតតូច​។ ដោយឡែក​ចំពោះ​កសិករ​ខ្នាត​ធំ​គឺ​មិនទាន់​ទទួល​បាន​ការកុម្ម៉ង់​នៅឡើយ​ទេ​។ ក្រុមហ៊ុន​នាំចេញ​ភាគច្រើន​គេ​ផ្តោត​សំខាន់​លើ​កសិករ​ខ្នាតតូច ព្រោះ​ទំនិញ​នាំទៅ​លក់​នៅ​ទីផ្សារ​អឺរ៉ុប គឺ​ផ្អែកលើ​សមធម៌​ទើប​មាន​ទីផ្សារ​ធំ​។ ចំពោះ​តម្លៃ​ក៏​មិនមាន​អ្វី​ប្រែប្រួល​ដែរ​ដោយ​ម្រេចខ្មៅ​មានតម្លៃ ១៥ ​ដុល្លារ​, ម្រេច​ក្រហម ២៥ ​ដុល្លារ​, និង​ម្រេចស ២៨ ​ដុល្លារ​ក្នុង​ ១ ​គីឡូក្រាម ដោយ​តម្លៃ​នេះ​គឺ​ប្រហាក់​ប្រហែល​នឹង​ឆ្នាំមុនៗ​ដែរ​»​។

បើតាម​ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា សព្វថ្ងៃ​មាន​ក្រុមហ៊ុន​ឥណ្ឌា​មួយ​មាន​គម្រោង​ប្រមូល​ទិញ​ម្រេច​ស្រាល​របស់​កម្ពុជា ដើម្បី​យកទៅ​ធ្វើ​គ្រឿងផ្សំ​សម្រាប់​ថ្នាំពេទ្យ ដោយពេល​នេះ​សហព័ន្ធ​កំពុង​ពិចារណា និង​ទាមទារ​ឱ្យមាន​ការចុះ​កិច្ចសន្យា​កសិកម្ម ដើម្បី​ផ្តល់​ទំនុកចិត្ត​ដល់​កសិករ​៕

អត្ថបទគួរចាប់អារម្មណ៍