ភ្នំពេញៈ ពាណិជ្ជកម្ម​ទ្វេភាគី​កម្ពុជា​-​អាមេរិក​រយៈពេល ២​ ខែ​ដំបូង​ឆ្នាំ​ ២០២២ មាន​ទឹកប្រាក់​ជាង ១,៧ ​ពាន់​លាន​ដុល្លារ​កើន​ជិត ៥០ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ ​២០២១ ដោយ​ក្នុងនោះ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​មាន​ឧត្តមភាព​ជាង ១,៦ ​ពាន់​លាន​ដុល្លារ​។

ទិន្នន័យ​ពី​ការិយាល័យ​ជំរឿន​អាមេរិក​ចេញផ្សាយ​ចុង​សប្តាហ៍​មុន​ឱ្យដឹងថា​ក្នុង​ខែមករា​-​កុម្ភៈ ឆ្នាំ​ ២០២២ ការនាំចេញ-​ចូល​ទំនិញ​រវាង​កម្ពុជា និង​អាមេរិក​មានទឹក​ប្រាក់​សរុប ១ ៧៨០,៣ ​លាន​ដុល្លារ កើន​ពី​ចំនួន ១ ១៨៧,២ ​លាន​ដុល្លារ ស្មើ ៤៩,៩៥​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។

សម្រាប់​ទឹកប្រាក់​ដែល​កម្ពុជា​នាំចេញ​ទៅ​អាមេរិក​ក្នុង​រយៈពេល​ខាងលើ គឺមាន​ចំនួន ១ ៧១៧,៥​ លាន​ដុល្លារ កើនឡើង ៥៣,៣៤ ​ភាគរយ​ពី​ចំនួន ១ ១២០ ​លាន​ដុល្លារ និង​ការនាំ​ទំនិញ​ពី​អាមេរិក មាន​ចំនួន​ ៦៣,៣​ លាន​ដុល្លារ ធ្លាក់ចុះ -៥,៨​ ភាគរយ​ពី​ចំនួន ៦៧,២​ លាន​ដុល្លារ​។

បើ​យោងតាម​តួលេខ​ខាងលើ​ជញ្ជីង​ពាណិជ្ជកម្ម​កម្ពុជា​គឺមាន​ឧត្តមភាព​ប្រមាណ ១,៦៥ ​ពាន់​លាន​ដុល្លារ​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​អន្តរជាតិ​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់ថា អាមេរិក​គឺជា​ទីផ្សារ​ធំ​ដែល​តែង​បញ្ជា​ទិញ​ទំនិញ​ពី​កម្ពុជា ដោយ​ភាគច្រើន គឺជា​សម្លៀកបំពាក់ ផលិតផល​ធ្វើដំណើរ និង​ស្បែកជើង វត្ថុធាតុដើម និង​ផលិតផល​គ្រឿង​បង្គុំ​មួយចំនួនទៀត​។ ទីផ្សារ​អាមេរិក​បាន​រួម​ចំណែក​យ៉ាងច្រើន​ក្នុងការ​ទាក់ទាញ​អ្នកវិនិយោគ​ពី​ក្រៅប្រទេស​ឱ្យ​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា ខណៈ​ផលិតផល​កម្ពុជា​ក៏​ទទួល​បាន​ការ​លើកលែង​ពន្ធ​នាំចូល​មួយចំនួន​តាមរយៈ​ប្រព័ន្ធ GSP ផងដែរ​។ លោក​បន្តថា កំណើន​ការនាំចេញ​នេះ​ក៏​បញ្ជាក់​ពី​ទំនាក់ទំនង​ល្អ​ផ្នែក​ការទូត​រវាង​ប្រទេស​ទាំង​ ២ ផងដែរ​។

លោក​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ក្នុង​ថ្ងៃទី​ ១១ ខែមេសា ថា​៖ «​ទោះ​ស្ថានភាព​សេដ្ឋកិច្ចពិភពលោក ក៏ដូចជា​ការដឹកជញ្ជូន​ (​កង្វះ​កុងតឺន័រ និង​តម្លៃ​ខ្ពស់​) ​នៅមាន​បញ្ហា​ប្រឈម​ដែល​បណ្តាល​មកពី​ឥទ្ធិពល​នៃ​វិបត្តិ​កូវីដ​ ១៩ ក៏​ការនាំ​ទំនិញ​ពី​កម្ពុជា​ទៅ​អាមេរិក នៅតែ​បង្ហាញ​សញ្ញា​វិជ្ជមាន​ដដែល ហើយ​ថែមទាំង​កើនឡើង​ខ្ពស់​ទៀតផង​»​។

បើតាម​លោក វណ្ណៈ ដោយសារតែ​ទំនិញ​កម្ពុជា​នាំទៅ​ទីផ្សារ​អាមេរិក​ភាគច្រើន​ជា​ផលិតផល​ទាក់ទង​នឹង​ការធ្វើដំណើរ ហេតុនេះ​នៅពេល​គ្រប់​ប្រទេស​បើក​ឱ្យមាន​ការធ្វើដំណើរ​ឆ្លង​ប្រទេស​កាន់តែ​ទូលំទូលាយ ការបញ្ជាទិញ​ពី​កម្ពុជា​ក៏​នឹង​កើនឡើង​ដែរ​។

អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា​លោក លឹម ហេង បាន​លើកឡើងថា ទីផ្សារ​អាមេរិក​បាន​ដើរតួ​យ៉ាងសំខាន់​ក្នុង​ការទទួល​ទិញ​ផលិតផល​ពី​កម្ពុជា ពិសេស​វាយនភណ្ឌ​។ កន្លងមក​ទោះបី​ក្នុងពេល​ពិភពលោក​ជួបនឹង​វិបត្តិ​សេដ្ឋកិច្ច​បណ្តាល​មកពី​ជំងឺ​កូវីដ​ ១៩ ក៏​ទំហំ​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង ២ មិនបាន​ធ្លាក់ចុះ​នោះឡើយ​។

លោក​បញ្ជាក់ថា​៖ «​ប្រព័ន្ធ​អនុគ្រោះ GSP ដែល​អាមេរិក​ផ្តល់​មកឱ្យ​កម្ពុជា​រួម​ជាមួយនឹង​សមត្ថភាព​ផលិត​ដែល​បាន​កើនឡើង​ជា​បន្តបន្ទាប់​នៅ​កម្ពុជា នឹង​ជំរុញ​ឱ្យ​ជញ្ជីង​ពាណិជ្ជកម្ម​រវាង​ប្រទេស​ទាំង​ ២ កើនឡើង​ខ្ពស់​បន្ថែមទៀត​ក្នុង​ឆ្នាំ​ ២០២២ នេះ​»​។

ផលិតផល​ដែល​កម្ពុជា​នាំទៅ​ទីផ្សារ​អាមេរិក​ភាគច្រើន​ជា​សម្លៀកបំពាក់ ស្បែកជើង ផលិតផល​ធ្វើដំណើរ កង់ និង​គ្រឿង​បង្គុំ​អគ្គិសនី​។ ដោយឡែក​ផលិតផល​អាមេរិក​នាំមក​កម្ពុជា​មានដូចជា រថយន្ត គ្រឿង​ម៉ាស៊ីន ឧបករណ៍​អេឡិចត្រូនិក និង​ឱសថ​ជាដើម​។

ឆ្នាំ​ ២០២១ ពាណិជ្ជកម្ម​រវាង​កម្ពុជា​អាមេរិក​មាន​ទឹកប្រាក់​សរុប ៩ ១៥៩ ​លាន​ដុល្លារ កើន ៣២,៦១​ ភាគរយ​បើ​ធៀប​ឆ្នាំ​ ២០២០​។ នេះ​បើតាម​ការិយាល័យ​ពាណិជ្ជកម្ម​អាមេរិក​៕ LA