
ភ្ញៀវទេសចរថតរូបនៅលើភ្នំដោះក្រមុំ។ ហេង ជីវ័ន
ភ្នំពេញៈ ខេត្តមណ្ឌលគិរីនឹងទទួលបានភ្ញៀវទេសចរជាតិ ២ លាននាក់និងអន្តរជាតិ ៩០ ម៉ឺននាក់ ព្រមទាំងប្រាក់ចំណូល ៥០០ លានដុល្លារចូលទៅក្នុងសេដ្ឋកិច្ចជាតិ និងខេត្តក្នុងឆ្នាំ ២០៣៥ បន្ទាប់ពីផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីត្រូវបានដាក់ឱ្យអនុវត្ត។
បទបង្ហាញរបស់លោក ជុក ជំនោរ ប្រធាននាយកដ្ឋានអភិវឌ្ឍន៍ផលិតផលទេសចរណ៍នៃក្រសួងទេសចរណ៍នៅក្នុងពិធីផ្សព្វផ្សាយ និងដាក់ឱ្យអនុវត្តជាផ្លូវការនូវផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី (២០២១-២០៣៥) កាលពីថ្ងៃទី ១១ មេសា ឆ្នាំ ២០២២ បានបង្ហាញថា សម្រាប់ខេត្តមណ្ឌលគិរីនៅឆ្នាំ ២០៣៥ ត្រូវកំណត់ជាគោលដៅទេសចរណ៍កម្រិតខ្ពស់លំដាប់ថ្នាក់អន្តរជាតិ និងជាខេត្តដ៏សំខាន់ក្នុងការផ្គត់ផ្គង់បន្លែផ្លែឈើ និងសាច់សម្រាប់បំពេញតម្រូវការក្នុងប្រទេសផង និងឈានដល់ការនាំចេញទៅទីផ្សារក្រៅប្រទេសផងដែរ។
លោកបានបញ្ជាក់ថា៖ «នៅត្រឹមឆ្នាំ ២០៣៥ ភ្ញៀវទេសចរអន្តរជាតិនឹងកើនដល់ ៩០ ម៉ឺននាក់ ភ្ញៀវជាតិ ២ លាននាក់ បង្កើតការងារ ៨ ម៉ឺនកន្លែង និងរួមចំណែកធ្វើឱ្យភូមិភាគឦសាន ដែលមានខេត្តមណ្ឌលគិរីជាស្នូល ជាប៉ូលសេដ្ឋកិច្ចទី ៤ និងរក្សាតុល្យភាព ការអភិរក្ស និងការអភិវឌ្ឍ»។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន បានលើកឡើងថា ផែនការមេនេះទទួលបានការអនុម័តពីរដ្ឋាភិបាលកាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ ២០២១ កន្លងទៅ និងជាការផ្តួចផ្តើមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
លោកបានបន្ថែមថា យោងតាមការវិភាគរបស់ក្រុមការងារបច្ចេកទេស វិស័យទេសចរណ៍ខេត្តមណ្ឌលគិរីកំពុងស្ថិតក្នុងដំណាក់កាលកំណើននៃការអភិវឌ្ឍ ដែលពោរពេញដោយសក្តានុពលសម្រាប់ការអភិវឌ្ឍនាពេលអនាគត បង្កើតជាកាលានុវត្តភាពសត្យានុម័តសម្រាប់ការវិនិយោគ និងបង្កើតតម្លៃបន្ថែមសម្រាប់វិស័យទេសចរណ៍ និងអន្តរវិស័យនានាគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ចខេត្តមណ្ឌលគិរី និងសេដ្ឋកិច្ចជាតិទាំងមូល។
លោកថ្លែងថា៖ «ឈរលើមូលដ្ឋាននេះ ផែនការមេនេះមានគោលបំណងតម្រង់ទិស និងអភិវឌ្ឍក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្ររបស់ខេត្តមណ្ឌលគិរី ដោយឈរលើទិន្នន័យ ការវិភាគស្ថានភាពជាក់ស្តែង ប្រភពធនធានសក្តានុពលសម្រាប់ការវិនិយោគ និងការអភិវឌ្ឍលើវិស័យទេសចរណ៍ និងអន្តរវិស័យប្រកបដោយសុទិដ្ឋិនិយមថាការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងការទទួលខុសត្រូវលើវិស័យនេះនឹងបង្កើតបានជាផលប្រយោជន៍សេដ្ឋកិច្ចសង្គមដល់ប្រជាពលរដ្ឋ»។
លោកបានបន្ថែមថា ផែនការមេនេះនឹងកំណត់តំបន់អាទិភាពសំខាន់ៗ ៦ ដែលត្រូវរក្សាទុកសម្រាប់ការអភិវឌ្ឍ និងត្រូវកំណត់អំពីវិសាលភាពសកម្មភាពនៃការវិនិយោគ និងអភិវឌ្ឍតំបន់ទាំងនេះឱ្យបានច្បាស់លាស់រួមមាន ទី១ តំបន់ របៀងអេកូទេសចរណ៍ និងទេសចរណ៍ធម្មជាតិនៃដែនជម្រកសត្វព្រៃទាំង ៥, ទី២ តំបន់របៀងទេសចរណ៍វប្បធម៌ និងអេកូទេសចរណ៍ ប៊ូស្រាដាក់ដាំ, ទី៣ ក្រុងសែនមនោរម្យ, ទី៤ តំបន់ស្រុកអូររាំងភ្ជាប់ជាមួយការអភិវឌ្ឍអាកាសយានដ្ឋានខេត្តមណ្ឌលគិរី, ទី៥ តំបន់ប្រជុំជននៃស្រុកកោះញែក និង ទី៦ តំបន់ទេសចរណ៍សមាហរណកម្មតាមច្រកព្រំដែន។
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការជាតិអភិវឌ្ឍន៍ទេសចរណ៍ លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា ផែនការមេអភិវឌ្ឍន៍វិស័យទេសចរណ៍ខេត្តមណ្ឌលគិរី គឺជាឯកសារដ៏មានតម្លៃ និងប្រកបដោយចក្ខុវិស័យវែងឆ្ងាយ។ លោកបន្ថែមថា ភាពធន់នៃសក្តានុពលទេសចរណ៍ខេត្តមណ្ឌលគិរី តាមរយៈលំហូរទេសចរណ៍ក្នុងស្រុកនៅអំឡុងពេលវិបត្តិនៃជំងឺកូវីដ ១៩ គឺជាតថភាពបញ្ជាក់អំពីឧត្តមានុភាពរបស់ខេត្តមណ្ឌលគិរី នៅក្នុងការផ្សារភ្ជាប់ជាមួយនឹងប៉ូលទេសចរណ៍ដទៃទៀត។
លោកបញ្ជាក់ថា៖ «ការរៀបចំ និងការដាក់ចេញនូវផែនការមេនេះនឹងអនុញ្ញាតឱ្យខេត្តមណ្ឌលគិរីក្លាយជាគោលដៅនៃការធ្វើពិពិធកម្មទេសចរណ៍ជាប្រភេទអេកូទេសចរណ៍ ទេសចរណ៍ធម្មជាតិ និងកសិកម្ម ព្រមទាំងទេសចរណ៍វប្បធម៌ជនជាតិដើមភាគតិចដែលនឹងរួមចំណែកធ្វើឱ្យភូមិភាគឦសាន ដែលមានខេត្តមណ្ឌលគិរីជាស្នូលក្លាយជាប៉ូលសេដ្ឋកិច្ចទី ៤ ស្របតាមចក្ខុវិស័យវែងឆ្ងាយរបស់សម្តេចតេជោ ហ៊ុន សែន»៕ LA