ភ្នំពេញៈ កម្ពុជា​ផលិត​អគ្គិសនី​ដោយ​ខ្លួនឯង​បាន​ជិត ១ ​ម៉ឺន​លាន​គីឡូវ៉ាត់ម៉ោង ក្នុង​ឆ្នាំ​ ២០២១ កើន​ជិត ៨​ ភាគរយ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។

សារលិខិត​របស់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រាប់​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណី​ជាតិ​ឆ្នាំ ​២០២២ នេះ បាន​បង្ហាញថា ក្នុង​ឆ្នាំ ​២០២១ បរិមាណ​ថាមពល​នៃ​ប្រភព​ផ្គត់ផ្គង់​អគ្គិសនី​ក្នុង​ស្រុក​ផ្ទាល់​របស់​កម្ពុជា​សម្រេច​បាន​ជាង ៩ ៧០៩​ លាន​គីឡូវ៉ាត់ម៉ោង​បើ​ធៀប​នឹង​ឆ្នាំ​ ២០២០ ដែលមាន​ជាង ៨ ៦១៤ ​លាន​គីឡូវ៉ាត់ម៉ោង​កើនឡើង ៧,៨៦ ​ភាគរយ​។ ការភ្ជាប់​ខ្សែបណ្តាញ​ចរន្ត​ឱ្យដល់​ពលរដ្ឋ​ជា​អ្នកប្រើប្រាស់​ថាមពល​អគ្គិសនី​តាម​ខ្នង​ផ្ទះ​រហូតដល់​ឆ្នាំ ២០២១ កើន​ដល់​ប្រមាណ ៣,១២​ លាន​ខ្នង​ផ្ទះ ត្រូវជា​ប្រមាណ ៨៦,៤៣ ​ភាគរយ​នៃ​ចំនួន​ផ្ទះ​សរុប​ប្រមាណ ៣,៦១ លាន​ខ្នង​ផ្ទះ និង​គ្របដណ្តប់​ដល់​ភូមិ​ប្រមាណ ៩៧,៥ ​ភាគរយ​នៃ​ភូមិ​សរុប ១៤ ១៦៨ ​ភូមិ នៅ​ទូទាំងប្រទេស​កម្ពុជា​។

នៅ​អំឡុងពេល​ចុះ​ជួប​ប្រជាពលរដ្ឋ​នៅ​ស្រុក​ក្រគរ ខេត្តពោធិ៍សាត់ កាលពី​ដើមឆ្នាំ​ ២០២២ លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​បាននិង​កំពុង​ខិតខំ​ប្រឹងប្រែង​ផលិត​អគ្គិសនី​ផ្គត់ផ្គង់​ការប្រើប្រាស់​ក្នុងស្រុក ដែល​នឹង​អាច​អនុញ្ញាតឱ្យ​ពលរដ្ឋ​ប្រើប្រាស់​អគ្គិសនី​នៅក្នុង​តម្លៃ​សមរម្យ​។

លោកស្រី កែវ មុំ ម្ចាស់​សហគ្រាស​ផលិត​នំ​ស្រួយ​លីលី បាន​លើកឡើងថា អគ្គិសនី​បាន​ដើរតួនាទី​យ៉ាងសំខាន់ និង​មិនអាច​ខ្វះ​បាន​សម្រាប់​ខ្សែចង្វាក់​ផលិតកម្ម​។ ស្ថានភាព​នៃ​ការផ្គត់ផ្គង់​អគ្គិសនី​កាន់​តែមាន​ភាពល្អប្រសើរ​ជា​បន្តបន្ទាប់ ដោយ​បាន​ជំរុញ​ឱ្យ​វិស័យ SME មានការ​រីកចម្រើន​ផងដែរ​។

ទោះជា​យ៉ាងណា​លោកស្រី​អះអាង​ថា អគ្គិសនី​នៅ​កម្ពុជា​មានតម្លៃ​ថ្លៃ​បើ​ធៀប​នឹង​ប្រទេស​ជិតខាង ស្របពេល​តម្លៃ​ប្រេងឥន្ធនៈ​ក៏​ឡើងថ្លៃ​ដែរ​។

លោកស្រី​បញ្ជាក់ថា​៖ «​យើង​ទទួលស្គាល់ថា រដ្ឋាភិបាល​បាន​ខិតខំ​រៀបចំ​បង្កើត​ស្ថានីយ​វារី​អគ្គិសនី​ឱ្យបាន​ច្រើន​ ដើម្បី​ជំរុញ​ឱ្យ​តម្លៃ​អគ្គិសនី​ទាប កាត់បន្ថយ​ការចំណាយ​របស់​រដ្ឋ និង​សហគ្រាស ប៉ុន្តែ​យើង​ឃើញថា រដ្ឋាភិបាល​អាច​បន្ធូរ​បន្ថយ​តម្លៃ​អគ្គិសនី​សម្រាប់​ការប្រើប្រាស់​ពេលយប់​។ ការធ្វើ​បែបនេះ ថ្វីដ្បិតតែ​យើង​អាច​កាត់បន្ថយ​ការចំណាយ​សម្រាប់​អគ្គិសនី​មែន ប៉ុន្តែ​យើង​ងាក​ទៅ​ចំណាយ​ច្រើន​ទៅលើ​កម្លាំង​ពលកម្ម​វិញ ព្រោះ​បុគ្គលិក​ធ្វើការ​វេន​យប់​នឹង​ទទួលបាន​ប្រាក់​ឈ្នួល​ច្រើនជាង​វេន​ថ្ងៃ​»​។

កាលពី​ខែមករា ឆ្នាំ​ ២០២២ អគ្គនាយក​អគ្គិសនី​កម្ពុជា​បាន​លើកឡើងថា ស្ថានីយ​ផលិត​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ដែល​ធំជាងគេ​នៅ​កម្ពុជា គ្រោង​នឹង​ពង្រីក​ទំហំ​ថាមពល​ពី​ ៩០​ មេហ្គាវ៉ាត់ ដល់​ ២៤០ ​មេហ្គាវ៉ាត់​នាពេល​ឆាប់ៗ ដើម្បី​បំពេញតម្រូវការ និង​កាត់បន្ថយ​ការចំណាយ​លើ​ថ្លៃ​អគ្គិសនី​របស់​ពលរដ្ឋ​៕ LA