
លោក Gotabaya Rajapaksa ប្រធានាធិបតីស្រីលង្កាដែលតួនាទីនេះកាន់តែក្តៅសម្រាប់រូបលោក។ AFP
ទីក្រុងកូឡុំបូៈ ប្រធានាធិបតីប្រទេសស្រីលង្កាបានតែងតាំងក្រុមអ្នកជំនាញមួយ ដើម្បីរៀបចំរចនាសម្ព័ន្ធបំណុលបរទេសឡើងវិញ ខណៈដែលលោកស្វែងរកផ្លូវចេញពីវិបត្តិសេដ្ឋកិច្ចកាន់តែអាក្រក់ ដោយសារក្រុមអ្នកតវ៉ាប្រឆាំងទាមទារឱ្យរូបលោកលាលែងពីមុខតំណែងកាន់តែពុះកញ្ជ្រោលឡើង។
កង្វះខាតស្បៀងអាហារ និងប្រេងឥន្ធនៈរួមជាមួយនឹងអតិផរណាកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន និងការដាច់អគ្គិសនីជាប្រចាំបានបណ្ដាលឱ្យមានភាពវេទនាដែលមិនធ្លាប់មានលើប្រទេសស្រីលង្កាក្នុងស្ថានភាពធ្លាក់ចុះដ៏ឈឺចាប់ខ្លាំងបំផុត ចាប់តាំងពីប្រទេសនេះទទួលបានឯករាជ្យពីចក្រភពអង់គ្លេសកាលពីឆ្នាំ ១៩៤៨។
ទីភ្នាក់ងារវាយតម្លៃបានព្រមានអំពីការខកខានបំណុលដែលអាចកើតឡើងលើបំណុលបរទេសចំនួន ៥១ ពាន់លានដុល្លាររបស់ប្រទេសមួយនេះ ដោយសារតែអាជ្ញាធរមិនអាចទទួលបានប្រាក់កម្ចីពាណិជ្ជកម្មបន្ថែមទៀតដោយសារតែការទម្លាក់ចំណាត់ថ្នាក់ឥណទាន។
ការិយាល័យរបស់លោកប្រធានាធិបតី Gotabaya Rajapaksa បានឱ្យដឹងកាលពីល្ងាចថ្ងៃពុធថា ក្រុមប្រឹក្សាយោបល់ដែលមានសមាជិក ៣ រូប ត្រូវបានផ្តល់ភារកិច្ចក្នុងការដឹកនាំប្រទេសស្រីលង្កាតាមរយៈ «ការស្តារឡើងវិញប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន»។
រដ្ឋាភិបាលរបស់លោកកំពុងរៀបចំសម្រាប់ការចរចាថវិកាសង្គ្រោះជាមួយមូលនិធិរូបិយវត្ថុអន្តរជាតិ ហើយក្រុមមន្ត្រីក្រសួងហិរញ្ញវត្ថុបានប្រាប់ទីភ្នាក់ងារព័ត៌មានAFP ថា អ្នកទាំង ៣ នឹងរៀបចំកម្មវិធីសម្រាប់អ្នកកាន់កាប់បណ្ណបំណុលរដ្ឋ និងម្ចាស់បំណុលផ្សេងទៀត ដើម្បីយល់ព្រមទទួលយកប្រាក់ចំនួនតិចតួច។
ប្រភពមួយពីក្រសួងដែលសុំមិនបញ្ចេញឈ្មោះបានប្រាប់ AFP ថា៖ «អ្វីដែលប្រទេសស្រីលង្កាចង់ធ្វើ គឺចៀសវាងការខកខានសងបំណុលដ៏លំបាក»។
ប្រភពនេះបន្តថា៖ «វានឹងជាការចរចារៀបចំរចនាសម្ព័ន្ធបំណុលឡើងវិញ ដោយមានជំនួយពី IMF»។
លោក Nandalal Weerasinghe ជាប្រធានធនាគារកណ្ដាលដែលចូលនិវត្តន៍គាំទ្រ IMF ជាអភិបាលថ្មី។
លោក Mahinda Ya paA beywardana ប្រធានរដ្ឋសភាបានព្រមានកាលពីថ្ងៃពុធថា វិបត្តិសេដ្ឋកិច្ចអាចនាំឈានទៅរកភាពអត់ឃ្លាន លុះត្រាតែត្រូវបានដោះស្រាយឱ្យបាននៅក្នុងសប្តាហ៍នេះ។
កិច្ចប្រជុំជាមួយ IMF គ្រោងនឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ប៉ុន្តែលោក Basil Rajapaksa រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុ ដែលជាបងប្រុសរបស់លោកប្រធានាធិបតីបានលាលែងពីតំណែងកាលពីយប់ថ្ងៃអាទិត្យរួមជាមួយគណៈរដ្ឋមន្ត្រីស្ទើរតែទាំងអស់។
ប្រទេសមួយនេះនៅតែគ្មានអ្នកជំនួស ដោយសារតែអ្នកស្នងតំណែងរបស់លោក បានលាលែងពីតំណែង បន្ទាប់ពីកាន់តំណែងបានតែ ១ ថ្ងៃ។
កំហឹងសាធារណជនកំពុងតែក្តៅគគុក ដោយហ្វូងមនុស្សព្យាយាមសម្រុកចូលផ្ទះរបស់ឥស្សរជនរដ្ឋាភិបាលមួយចំនួន និងទាមទារឱ្យលោកប្រធានាធិបតី Rajapaksa ចុះចេញពីតំណែង។
កាលពីថ្ងៃព្រហស្បតិ៍តុលាការក្នុងទីក្រុងកូឡុំបូបានដាក់បម្រាមការធ្វើដំណើរលើប្រធានធនាគារកណ្តាលដែលទើបនឹងលាលែងពីតំណែងរបស់ប្រទេសនេះ ដោយសារតែការចោទប្រកាន់ថា រូបលោកទទួលខុសត្រូវចំពោះបញ្ហារបស់ប្រទេសនេះ ដោយមិនស្វែងរកជំនួយពី IMF ឱ្យបានកាន់តែឆាប់។
លោក Ajith Cabraal ដែលបានលាលែងពីតំណែងកាលពីថ្ងៃចន្ទត្រូវបានគេប្រាប់ឱ្យចូលបង្ហាញខ្លួននៅក្នុងមុខតុលាការនៅថ្ងៃទី ១៨ ខែមេសា ដើម្បីឆ្លើយតបនឹងការចោទប្រកាន់ពីបទឧក្រិដ្ឋកម្មរំលោភលើទំនុកចិត្ត។
លោក Keerthi Tennakoon សកម្មជនសិទ្ធិមនុស្សបានដាក់ញត្តិទៅតុលាការដោយចោទប្រកាន់ថា ការខ្វះខាតនាពេលបច្ចុប្បន្ននេះគឺដោយសារតែការគ្រប់គ្រងមិនត្រឹមត្រូវលើទុនបម្រុងបរទេសរបស់ប្រទេសស្រីលង្ការបស់លោក Cabraal។
ក្រុមអ្នកសេដ្ឋកិច្ចនិយាយថា វិបត្តិត្រូវបានធ្វើឱ្យស្ថានភាពកាន់តែអាក្រក់ដោយការគ្រប់គ្រងមិនត្រឹមត្រូវរបស់រដ្ឋាភិបាល ដែលបង្កើនប្រាក់កម្ចីបរទេសច្រើន និងកាត់បន្ថយពន្ធផ្ទៃក្នុងដ៏អាក្រក់៕ LA
វីដេអូ៖