ទីក្រុងហ្សាការតាៈ តម្លៃ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដ៏ធំ​បំផុត​របស់​ឥណ្ឌូនេស៊ី​បាន​កើនឡើង​នៅក្នុង​ការជួញដូរ​លើកដំបូង​នៅ​ទីក្រុង​ហ្សាការតា​កាលពី​ថ្ងៃ​ចន្ទ​ បន្ទាប់ពី​ការបោះ​ផ្សាយ​ជា​សាធារណៈ​លើកដំបូង​ដែល​បាន​បិទ​កាលពី​សប្តាហ៍​មុន​។

ក្រុមហ៊ុន GoTo ដែលជា​ប្រព័ន្ធ​អេកូស៊ីស្ទែម​ឌីជីថល​ដ៏ធំ​បំផុត​នៅក្នុង​ប្រទេស​ប្រជុំ​កោះ​ដែលមាន​ប្រជាជន​ចំនួន​ ២៧០​ លាន​នាក់​ត្រូវបាន​បង្កើតឡើង​ដោយ​ការច្របាច់​បញ្ចូល​គ្នា​នៃ​ក្រុមហ៊ុន​ដឹកជញ្ជូន Gojek និង​ថ្នាល​ពាណិជ្ជកម្ម​អេឡិចត្រូនិក Tokopedia ក្នុង​ខែឧសភា ឆ្នាំ​ ២០២១​។

ភាគហ៊ុន​របស់​ក្រុមហ៊ុន​នេះ​បាន​កើនឡើង​ ១៧​ ភាគរយ​នៅ​តម្លៃ ៣៩៦​ រូពៀ នៅ​ម៉ោង ៩:១០ ​ព្រឹក [​ម៉ោង​ ២:១០ ម៉ោង​សកល (GMT)]​។

ក្រុមហ៊ុន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ហ្សាការតា​បាន​ប្រមូលប្រាក់​បាន​ប្រហែល ១,១ ​ពាន់​លាន​ដុល្លារ​នៅក្នុង IPO របស់ខ្លួន​ដែលមាន​តម្លៃ ៣៣៨ ​រូពៀ​ក្នុង​ ១ ​ហ៊ុន ដែល​តំណាងឱ្យ​តម្លៃ​ទីផ្សារ​ប្រហែល ២៨ ​ពាន់​លាន​ដុល្លារ​។

ក្រុមហ៊ុន​នេះ​បាន​លក់​ភាគហ៊ុន​ក្នុងតម្លៃ​ ៩៥៤,៧​ លាន​ដុល្លារ​ (១៣,៧ ​ពាន់​ពាន់​លាន​រូពៀ​) បូក​បន្ថែម​ ១៤៦,៣ លាន​ដុល្លារ​ពី​ភាគហ៊ុន​រតនាគារ​សម្រាប់​គោលបំណង​នៃ​ការបែងចែក​លើស​។

ផ្អែក​តាម​មូលនិធិ​សរុប​ដែល​ទទួល​បាន​ពី​ការលក់ IPO របស់ GoTo គឺ​ធំជាងគេ​ទី​ ៣​ នៅ​អាស៊ី និង​ធំជាងគេ​ទី​ ៥ ក្នុង​ពិភពលោក​ក្នុងឆ្នាំនេះ​។

លោក Andre Soelistyo នាយក​ប្រតិបត្តិ​ក្រុមហ៊ុន បាន​និយាយ​នៅក្នុង​សេចក្តី ប្រកាស​ព័ត៌មាន​មួយ​ថា​៖ «​ទោះបី​ជាមាន​ការប្រែប្រួល​ទីផ្សារ​សកល​ក៏ដោយ ចំណាប់អារម្មណ៍​របស់​វិនិយោគិន​មាន​ភាពរឹងមាំ ដែល​ឆ្លុះបញ្ចាំង​ពី​តម្រូវការ ដែល​កំពុង​កើនឡើង​យ៉ាង​ឆាប់រហ័ស​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​សម្រាប់​សេវាកម្ម​តាម​តម្រូវការ ពាណិជ្ជកម្ម​អេឡិចត្រូនិក និង​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ ក៏ដូចជា​ទំនុកចិត្ត​លើ​ទីតាំង​របស់ GoTo ជា​ប្រព័ន្ធ​អេកូស៊ីស្ទែម​ឌីជីថល​ដ៏ធំ​បំផុត​នៅក្នុង​ប្រទេស​ឥណ្ឌូនេស៊ី​»​។

ក្រុមហ៊ុន​បានប្រកាស​កាលពី​សប្តាហ៍​មុន​ថា ខ្លួន​នឹង​ចែកចាយ​ភាគហ៊ុន​ដែលមាន​តម្លៃ​ ៣១០​ពាន់​លាន​រូពៀ​ទៅ​អ្នកបើកបរ​រាប់សែន​នាក់​។

GoTo ដែលមាន​ដៃគូ​ប្រកួតប្រជែង​សំខាន់​នៅក្នុង​តំបន់​គឺ SEA និង Grab បាន​និយាយ​កាលពីមុន​ថា ខ្លួន​ក៏​កំពុង​រៀបចំ​ផែនការ​ចុះបញ្ជី​នៅ​ទីផ្សារ​ភាគហ៊ុន​នៅ​សហរដ្ឋអាមេរិក​ផងដែរ​។

នៅក្នុង​ខែវិច្ឆិកា ក្រុមហ៊ុន​នេះ​បាន​និយាយថា ខ្លួន​បាន​ប្រមូលប្រាក់​បាន​ចំនួន​ ១,៣​ពាន់​លាន​ដុល្លារ​ពី​អ្នក​វិនិយោគ​ផ្សេងៗ រួមមាន Google ក្រុមហ៊ុន Temasek របស់​សិង្ហបុរី និង​ក្រុមហ៊ុន Tencent របស់​ចិន​។

កាលពី​ឆ្នាំមុន ក្រុមហ៊ុន Unicorn Bukalapak របស់​ឥណ្ឌូនេស៊ី​មួយ​ផ្សេងទៀត​បាន​បោះផ្សាយ​ភាគហ៊ុន​ដំបូង​ដ៏ធំ​បំផុត​ក្នុង​ប្រវត្តិសាស្ត្រ​នៃ​ទីផ្សារ​ភាគហ៊ុន​របស់​ប្រទេស​នេះ ដោយ​បង្កើន​សាច់ប្រាក់​បាន​ជាង ១,៥ ​ពាន់​លាន​ដុល្លារ​។

ទោះជា​យ៉ាងណា ក៏ដោយ ភាគហ៊ុន​នៅក្នុង​ទីផ្សារ​អន ឡាញ​បាន​ធ្លាក់ចុះ ប្រហែល​ ៦០ ​ភាគរយ ដែល​ធ្វើឱ្យមាន​ការសង្ស័យ​នៅក្នុង​វិស័យ​បច្ចេកវិទ្យា​អាស៊ីអាគ្នេយ៍​៕ RR