ទីក្រុងវ៉ាស៊ីនតោនៈ ធនាគារ​ពិភពលោក​បានចេញ​ការព្យាករ​ដ៏អាក្រក់ សម្រាប់​អ៊ុយក្រែន ដោយសារតែ​ការឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី​ប៉ះពាល់​ដល់​ទាំង​ប្រទេស​នេះ និង​ប្រទេស​ជិតខាង​របស់ខ្លួន ដោយបាន​ព្រមាន​ក្នុង​របាយការណ៍​មួយ ដែល​បានចេញ​ផ្សាយ​កាលពី​ថ្ងៃអាទិត្យ​អំពី​ចក្ខុវិស័យ​សេដ្ឋកិច្ច​កាន់​តែ​អាក្រក់​ប្រសិនបើ​ជម្លោះ​អូសបន្លាយ​។

ធនាគារ​មួយ​នេះ​បាន​ព្យាករ​ថា​សេដ្ឋកិច្ច​របស់​ប្រទេស​អ៊ុយក្រែន​នឹង​ធ្លាក់ចុះ ៤៥,១ ​ភាគរយ​នៅ​ឆ្នាំនេះ ដែល​អាក្រក់​ខ្លាំង​ជាង​ការធ្លាក់ចុះ​ពី ១០ ​ទៅ ៣៥​ភាគរយ​ដែល IMF បាន​ព្យាករ​កាលពី​ខែ​មុន​។

ប្រទេស​រុស្ស៊ី​នឹង​ឃើញ​ការធ្លាក់ចុះ ១១,២ ​ភាគរយ​នៃ​ផលិតផល​ក្នុងស្រុក​សរុប (GDP) ហើយ​ធនាគារ​ពិភពលោក​បានឱ្យដឹងថា តំបន់​នេះ​ទាំងមូល​កំពុង​ទទួលរង​នូវ​ផលវិបាក​ផ្នែក​សេដ្ឋកិច្ច ដោយសារ​តែ​សង្គ្រាម​ដែល​បាន​ចាប់ផ្តើម​កាលពី​ចុងខែ​កុម្ភៈ ហើយ​បាន​បណ្តាល​ឱ្យ​ប្រជាជន​អ៊ុយក្រែន​ជាង ​៤​ លាន​នាក់​ភៀសខ្លួន​ទៅកាន់​ប្រទេស​ប៉ូឡូញ រូម៉ានី និង​ម៉ុលដូវ៉ា​។

ជម្លោះ​នេះ​ក៏បាន​បណ្ដាល​ឱ្យ​តម្លៃ​ធញ្ញជាតិ និង​ថាមពល​កើនឡើង​។

លោកស្រី Anna Bjerde អនុប្រធាន​ធនាគារ​ពិភពលោក​ប្រចាំ​តំបន់​អឺរ៉ុប និង​អាស៊ី​កណ្តាល បាន​ថ្លែង​​ថា​៖ «​លទ្ធផល​នៃ​ការវិភាគ​របស់​យើង​មាន​ប្រាកដ​ខ្លាំងណាស់​។ ការព្យាករ​របស់​យើង​បង្ហាញថា ការឈ្លានពាន​របស់​ប្រទេស​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន​បាន​រារាំង​ការស្ទុះ​ងើបឡើង​របស់​តំបន់​នេះ​ពី​ជំងឺ​កូវីដ​ ១៩»​។

លោកស្រី​បាន​ប្រាប់​ក្រុម​អ្នកយក​ព័ត៌មាន​ថា​៖ «​នេះ​គឺជា​វិបត្តិ​ដ៏ធំ​ទី​ ២ ​ដែល​បាន​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​ក្នុង​តំបន់​រយៈពេល​ ២ ​ឆ្នាំ ហើយ​កាន់តែ​អាក្រក់​ខ្លាំង​បំផុត​សម្រាប់​តំបន់​នេះ ដោយសារ​តែ​បណ្ដា​ប្រទេស​ជាច្រើន​នៅតែ​ជម្នះ​នឹង​ការស្ទុះ​ងើបឡើង​វិញ​ពី​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩»​។

ស្ថាប័ន​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​វ៉ាស៊ីនតោន​មួយ​នេះ​រំពឹងថា បណ្ដា​ប្រទេស​ដែល​រីកចម្រើន​រហ័ស និង​បណ្ដា​ប្រទេស​កំពុង​អភិវឌ្ឍន៍​នៅក្នុង​តំបន់​អឺរ៉ុប និង​អាស៊ី​កណ្តាល​នឹង​ធ្លាក់ចុះ ៤,១ ​ភាគរយ​នៅ​ឆ្នាំនេះ ធ្លាក់ចុះ​យ៉ាងខ្លាំង​ពី​កំណើន​ ៣​ ភាគរយ​ដែល​បាន​ព្យាករ​មុន​សង្គ្រាម និង​អាក្រក់​ខ្លាំង​ជាង​ ២​ ដង ដូច​វិបត្តិ​ការដើរ​ថយក្រោយ​នៃ​សេដ្ឋកិច្ច​ដែល​បណ្តាល​មកពី​ការរីក​រាលដាល​ជំងឺ​កូវីដ​ ១៩ ​កាលពី​ឆ្នាំ ​២០២០​។

ប្រទេស​អ៊ុយក្រែន​ប្រឈមមុខ​នឹង​ចក្ខុវិស័យ​ដ៏សំខាន់​បំផុត ដោយ​សេដ្ឋកិច្ច​របស់ខ្លួន​ស្ថិត​នៅក្រោម «​សម្ពាធ​កាន់តែ​ធ្ងន់ធ្ងរ​» ​ដោយសារ​តែ​ការធ្លាក់ចុះ​ប្រាក់ចំណូល​របស់​រដ្ឋាភិបាល ក្រុមហ៊ុន​ជាច្រើន​ដែល​បាន​បិទទ្វារ ឬ​ដំណើរការ​តែ​ផ្នែក​ខ្លះ និង​ពាណិជ្ជកម្ម​លើ​ទំនិញ​ដែល​ត្រូវបាន​រំខាន​យ៉ាងធ្ងន់ធ្ងរ​។

លោក Bjerde​ បានឱ្យដឹងថា ការនាំចេញ​គ្រាប់​ធញ្ញជាតិ និង​សកម្មភាព​សេដ្ឋកិច្ច​ផ្សេងទៀត «​មិនអាច​ធ្វើទៅបាន​នោះទេ នៅក្នុង​ផ្នែក​ដ៏ធំ​នៃ​ប្រទេស​នេះ ដោយសារតែ​ការខូចខាត​យ៉ាងខ្លាំង​ដល់​ហេដ្ឋារចនាសម្ព័ន្ធ​»​។

ការព្យាករ​របស់​ធនាគារ​បាន​សន្មត​ថា សង្គ្រាម​នេះ​នឹង​បន្ត​រយៈពេល​ ២-៣​ ខែ​ទៀត ប៉ុន្តែ​បាន​ព្រមាន​ថា ពួកគេ «​ស្ថិតក្រោម​ភាពមិនច្បាស់លាស់​យ៉ាងខ្លាំង​»​។

នៅក្នុង​សេណារីយោ​ទុទ្ទិដ្ឋិនិយម​ជាង​នេះ ដែល​ឆ្លុះបញ្ចាំង​ថា ជម្លោះ​នេះ​នឹង​ការកើនឡើង​កាន់តែខ្លាំង​នឹង​មាន​ផលប៉ះពាល់​អវិជ្ជមាន​កាន់តែ​ធំ​លើ​តំបន់​ចាយប្រាក់​អឺរ៉ូ ការកើនឡើង​នៃ​ការដាក់​ទណ្ឌកម្ម​របស់​ប្រទេស​លោក​ខាងលិច និង​វិបត្តិ​ហិរញ្ញវត្ថុ​ដោយសារ​តែ​ការបំផ្លាញ​ទំនុកចិត្ត​។

របាយការណ៍​បានឱ្យដឹងថា សេដ្ឋកិច្ច​ក្នុង​តំបន់​នឹង​ធ្លាក់ចុះ​ជិត ៩ ​ភាគរយ ដែល​អាក្រក់​ជាង​វិបត្តិ​ហិរញ្ញវត្ថុ​ពិភពលោក​កាលពី​ឆ្នាំ​ ២០០៨ ដោយ​ធ្លាក់ចុះ ២០ ​ភាគរយ​សម្រាប់​ប្រទេស​រុស្ស៊ី និង​ធ្លាក់ចុះ ៧៥ ​ភាគរយ​សម្រាប់​ប្រទេស​អ៊ុយក្រែន​។

មូលហេតុ​មួយទៀត ដែល​បង្កក្តី​បារម្ភ គឺ​ការកើនឡើង​ភាពក្រីក្រ​ដែល​ព្យាករ នៅក្នុង​ប្រទេស​អ៊ុយក្រែន​។

សមាមាត្រ​ចំនួន​ប្រជាជន​ដែល​រស់នៅ​ពឹង​ផ្អែកលើ​ប្រាក់ ៥,៥០ ​ដុល្លារ​ក្នុង ១ ​ថ្ងៃ ត្រូវបាន​រំពឹងថា នឹង​កើនឡើង​ដល់​ ១៩,៨​ ភាគរយ​នៅ​ឆ្នាំនេះ​ពី​ត្រឹម​ចំនួន​ ១,៨ ​ភាគរយ​កាលពី​ឆ្នាំ ២០២១​។ នេះ​បើ​យោងតាម​ធនាគារ​ពិភពលោក​។

ទោះបី​តំបន់​នេះ ចៀស​ផុតពី​សេណារីយោ​ករណី​ដ៏អាក្រក់​បំផុត​ក៏​អឺរ៉ុប​ខាងកើត​តែម្នាក់ឯង​​ត្រូវបាន​រំពឹងថា នឹង​មើលឃើញ​ផលិតផល​ក្នុងស្រុក​សរុប​ (GDP) ​របស់ខ្លួន​ធ្លាក់ចុះ ៣០,៧ ​ភាគរយ មិនមែន​កើនឡើង ​១,៤ ​ភាគរយ ដូចដែល​បាន​ព្យាករ​មុនពេល​ការលុកលុយ​នោះទេ​។

តំបន់​នេះ​ក៏បាន​រង​ផលប៉ះពាល់​ដោយសារ​តែ​ការដាក់ទណ្ឌកម្ម​លើ​សម្ព័ន្ធមិត្ត​របស់​ប្រទេស​រុស្ស៊ី គឺ​ប្រទេស​បេឡារុស ដោយសារតែ​តួនាទី​របស់ខ្លួន​ក្នុង​សង្គ្រាម​នេះ​។

របាយការណ៍​នេះ​បាន​ព្រមាន​ថា ប្រទេស​ម៉ុលដាវី​ទំនង​ក្លាយជា​ប្រទេសមួយ​ដែល​រងគ្រោះ​ខ្លាំង​បំផុត​ដោយសារ​តែ​ជម្លោះ​នេះ មិន​ត្រឹមតែ​ដោយសារតែ​ភូមិសាស្ត្រ​នៅ​ជិត​សង្គ្រាម​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ជា​ភាពងាយ​រងគ្រោះ​ដែលជាប់​ជាមួយ​របស់​ប្រទេស​នេះដែរ ដោយសារ​សេដ្ឋកិច្ច​ដ៏តូច​នៃ​ប្រទេស​នេះ​មាន​ទំនាក់ទំនង​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ប្រទេស​អ៊ុយក្រែន និង​ប្រទេស​រុស្ស៊ី​។

លើសពីនេះ​ផ្នែក​នៃ​ទ្វីបអឺរ៉ុប​នេះ​ពឹង​ផ្អែកលើ​ឧស្ម័ន​ធម្មជាតិ ដើម្បី​បំពេញតម្រូវការ​ថាមពល​របស់ខ្លួន​៕ LA