ទីក្រុង​ប៉េកាំងៈ ទិន្នន័យ​ផ្លូវការ​បានបង្ហាញ​កាលពី​ថ្ងៃ​ចន្ទ​ថា អតិផរណា​នៅតាម​ច្រកទ្វារ​រោងចក្រ របស់​ប្រទេស​ចិន ខ្ពស់ ជាង​ការរំពឹងទុក​ក្នុង​ខែមីនា ដោយសារ​សង្គ្រាម​របស់​រុស្ស៊ី​លើ​ប្រទេស​អ៊ុយក្រែន ជំរុញ​ឱ្យ​តម្លៃ​ប្រេង​ឡើងថ្លៃ ខណៈ​ការកើត​ឡើងវិញ​នៃ​កូវីដ ​១៩​ ក្នុងស្រុក​បាន​បង្ក​ផលប៉ះពាល់​ដល់​ការផ្គត់ផ្គង់​ស្បៀងអាហារ​ និង​ការចំណាយ​របស់​អ្នកប្រើប្រាស់​។

តួលេខ​របស់​ការិយាល័យ​ស្ថិតិ​ជាតិ (NBS) បាន​បង្ហាញថា សន្ទស្សន៍​តម្លៃ​អ្នក​ផលិត (PPI) ដែលជា​ការវាស់វែង​តម្លៃ​ទំនិញ​នៅតាម​ច្រកទ្វារ​រោងចក្រ​បាន​កើនឡើង​ ៨,៣ ​ភាគរយ​ធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​។

នេះ​គឺ​ច្រើនជាង​ការស្ទង់មតិ​របស់​អ្នកសេដ្ឋកិច្ច​ដែល​ធ្វើឡើង​ដោយ Bloomberg បន្តិច ដែល​ពួកគេ​រំពឹងទុក ខណៈ​ដែល PPI ក៏បាន​កើនឡើង​ផងដែរ​កាលពី​ខែ​មុន​។

លោក Dong Lijuan អ្នក​ស្ថិតិ​ជាន់ខ្ពស់​នៃ​NBS បាន​លើកឡើង​នៅក្នុង​សេចក្តី​ប្រកាសថា​៖ «​កត្តា​ភូមិសាស្ត្រ​នយោបាយ និង​កត្តា​ផ្សេងទៀត​បាន​ជំរុញ​ឱ្យ​តម្លៃ​ទំនិញ​សកល​បន្ត​កើនឡើង ដោយ​ជំរុញ​ឱ្យ​តម្លៃ​ប្រេង លោហៈ​មិនមែន​ដែក និង​ឧស្សាហកម្ម​ពាក់ព័ន្ធ​ផ្សេងទៀត​កើនឡើង​បន្ថែមទៀត​នៅ​ទីផ្សារ​ក្នុងស្រុក​»​។

NBS បាន​និយាយថា សន្ទស្សន៍​តម្លៃ​ទំនិញ​ប្រើប្រាស់​របស់​ប្រទេស​ចិន (CPI) ដែលជា​រង្វាស់​ដ៏សំខាន់​នៃ​អតិផរណា​លក់រាយ​បាន​កើនឡើង​លើសពី​ការរំពឹងទុក​ផងដែរ​ដោយ ១,៥ ​ភាគរយ​ក្នុង​ខែមីនា​ធៀប​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន​។

លោក Dong បាន​និយាយថា ទោះបី​តម្រូវការ​របស់​អ្នក​ប្រើប្រាស់​បាន​ធូរស្រាល​បន្ទាប់ពី​មាន​ពិធីបុណ្យ​កាលពី​ដើម​ឆ្នាំនេះ​ក៏ដោយ ប៉ុន្តែ​តម្លៃ​អាហារ​មួយចំនួន​បាន​ឡើងថ្លៃ​ដោយសារតែ «​ការកើនឡើង​តម្លៃ​ស្រូវ​សាឡី ពោត និង​សណ្តែកសៀង​នៅ​ទីផ្សារ​» និង​ការ​ផ្ទុះឡើង​នៃ​កូវីដ​ ១៩ ​ក្នុងស្រុក​។

នេះ​បាន​កើតឡើង​នៅពេល​ដែល​តម្លៃ​ស្បៀងអាហារ​ពិភពលោក​បាន​ឡើងដល់​កម្រិត​ខ្ពស់​មិន​ធ្លាប់មាន​នៅក្នុង​ខែមីនា បន្ទាប់ពី​រុស្ស៊ី​បាន​លុកលុយ​អ៊ុយក្រែន ដែលជា​មហាអំណាច​កសិកម្ម​។ នេះ​បើ​យោងតាម​ទីភ្នាក់ងារ​អង្គការ​សហប្រជាជាតិ​មួយ​។

រុស្ស៊ី និង​អ៊ុយក្រែន​បង្កើតបាន​ចំណែក​នាំចេញ​ដ៏ធំ​នៅក្នុង​ទំនិញ​សំខាន់ៗ​ដូចជា​ស្រូវ​សាឡី ប្រេង​បន្លែ និង​ពោត​។

Zhaopeng Xing នៃ​ក្រុមហ៊ុន​ស្រាវជ្រាវ ANZ បាន​និយាយថា តម្លៃ​ថាមពល​បាន «​ក្លាយជា​កត្តា​ជំរុញ​ដ៏សំខាន់​សម្រាប់​ទាំង CPI និង PPI»​។

លោក​និយាយថា​៖ «​អតិផរណា CPI អាច​កើនឡើង​បន្ថែមទៀត​នៅក្នុង​ខែ​មេសា ដោយសារ​គ្រួសារ​នៅ​ទូទាំង​ប្រទេស​ចិន បាននិង​កំពុង​ធ្វើ​សន្និធិ​ស្បៀងអាហារ និង​សម្ភារ​ចាំបាច់​ផ្សេងទៀត បន្ទាប់ពី​ទទួលយក​មេរៀន​ពី​ការលំបាក​នៃ​ការបិទ​ទីក្រុង​សៀងហៃ​»​។

ដោយសារ​ទីក្រុង​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​ត្រូវបាន​បិទ​ស្ទើរតែ​ទាំងស្រុង​ក្នុង​ប៉ុន្មាន​សប្តាហ៍​ថ្មីៗ​នេះ អ្នកស្រុក​ជួប​ប្រទះ​បញ្ហា​ក្នុង​ការទទួល​បាន​គ្រឿងទេស ខណៈដែល​ការគ្រប់គ្រង​កូវីដ​បំផ្លាញ​ខ្សែចង្វាក់​ផ្គត់ផ្គង់​ដែល​ជាប់គាំង​ទៅកាន់​ប្រទេស​ដទៃទៀត​។

លោក Lu បាន​បន្ថែមថា​៖ «​ដោយសារ​ការបិទ​ក្រុង និង​ការរំខាន​ការដឹកជញ្ជូន​នៅ​ភាគ​ឦសាន​ប្រទេស​ចិន ដែលជា​មូលដ្ឋាន​ផលិតកម្ម​គ្រាប់​ធញ្ញជាតិ​ដ៏ធំ​បំផុត​នៅក្នុង​ប្រទេស​ចិន ការធ្វើ​កសិកម្ម​នៅ​និទាឃរដូវ​ឆ្នាំនេះ​អាច​នឹងមាន​ការពន្យារ​ពេល ហើយ​ហានិភ័យ​នៃ​កង្វះ​អាហារ​អាច​នឹង​កើនឡើង​នៅក្នុង​ឆមាស​ទី​ ២»​។

លោក​បាន​និយាយថា នេះ​ជា​សម្ពាធ​លើ​ការខ្វះខាត​ស្បៀងអាហារ​ពិភពលោក​កាន់តែ​អាក្រក់​ដែល​បង្កឡើង​ដោយ​ជម្លោះ​យោធា​ក្នុង​ប្រទេស​អ៊ុយក្រែន​៕ RR

វីដេអូ៖