ភ្នំពេញៈ ខេត្ត​កែប​នឹងមាន​ផែនការមេ​សម្រាប់​ចង្អុលបង្ហាញ និង​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ក្នុងពេល​ឆាប់ៗ​នេះ ដើម្បី​ស្រូប​ទាញ​អ្នកវិនិយោគ និង​ភ្ញៀវទេសចរ​ជាតិ-​អន្តរជាតិ ព្រមទាំង​ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​សម្បូរបែប​។

នៅក្នុង​ពិធី​ផ្សព្វផ្សាយ និង​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នូវ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី (២០២១-២០៣៥)​ កាលពី​ថ្ងៃទី ​១១ មេសា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​អភិវឌ្ឍន៍​ទេសចរណ៍​បាន​ឱ្យដឹងថា រដ្ឋាភិបាល​បានអនុម័ត​ដាក់ឱ្យអនុវត្ត​នូវ​ឯកសារ​យុទ្ធសាស្ត្រ​សម្រាប់​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នៅក្នុង​ក្របខ័ណ្ឌ​ទូទាំង​ប្រទេស ដែល​រួមមាន​ជាអាទិ៍ ផែនទី​ចង្អុល​បង្ហាញផ្លូវ​ស្តីពី​ផែនការ​ស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា​ក្នុង និង​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ និង​គោលនយោបាយ​ជំរុញ​ចលនា​ទេសចរណ៍​ផ្ទៃក្នុង​ឆ្នាំ ​២០២១-២០២៣​។

លោក​ថ្លែងថា​៖ «​ក្នុង​ក្របខ័ណ្ឌ​ថ្នាក់​ខេត្ត រាជរដ្ឋាភិបាល​បានអនុម័ត និង​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នូវ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​សៀមរាប​(២០២១-២០៣៥) និង​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត-​មណ្ឌលគិរី​(២០២១-២០៣៥)​។ ជាមួយ​គ្នា​នេះ​រាជរដ្ឋាភិបាល​ក៏​គ្រោង​នឹង​អនុម័ត និង​ដាក់ឱ្យអនុវត្ត​ជា​ផ្លូវការ​នូវ​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​កែប​(២០២២-២០៣៥) នាពេល​ឆាប់ៗ​ខាងមុខនេះ​ផងដែរ​»​។

លោក សោម ពិសិដ្ឋ អភិបាលខេត្ត​កែប​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នា​ថ្ងៃទី​ ១១ ខែមេសា​ថា គោលបំណង​សំខាន់​នៃ​ការបង្កើត​ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​កែប ​(២០២២-២០៣៥)​ រួមមាន ទី ​១ ការ​ស្រូប​ទាញ​អ្នក​វិនិយោគ​ជា​ដៃគូ​អភិវឌ្ឍន៍​ខេត្ត ទី​ ២ ទាក់ទាញ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បន្ថែម​ដើម្បី​ជំរុញ​កំណើន​ទេសចរ​ពី​គ្រប់ទិសទី និង​ទី​ ៣ ការអភិវឌ្ឍ​ហេដ្ឋារចនាសម្ព័ន្ធ​កាន់តែ​ត្រូវបាន​ជំរុញ តាមរយៈ​ការដាក់ចេញ​នូវ​ផែនការ​សកម្មភាព​របស់​ក្រសួង​ស្ថាប័ន​ថ្នាក់ជាតិ ដែល​ពាក់ព័ន្ធ​។

លោក​បាន​បន្ថែមថា ផែនការ​នេះ​មាន​សារៈសំខាន់​ខ្លាំងណាស់​ក្នុង​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ក្នុង​ខេត្ត​កែប​ទាំងមូល ដោយ​បច្ចុប្បន្ន ផែនការ​មេនេះ​នៅសល់​ ២ ​ដំណាក់កាល​ទៀត​នឹង​រួចរាល់ ដែល​នឹង​អាចដាក់​ឱ្យ​អនុវត្ត​នៅក្នុងពេល​ឆាប់ៗ​នេះ​។

លោក​បញ្ជាក់ថា​៖ «​ផែនការ​មេនេះ បានកំណត់​តំបន់​ដែល​ត្រូវ​អភិវឌ្ឍ ដែល​រួមមាន ទេសចរណ៍​តំបន់ឆ្នេរ​, ទេសចរណ៍​តំបន់​កោះ​, ទេសចរណ៍​តំបន់ភ្នំ (​ភ្នំ​វល្លិ ជា​តំបន់​កសិឧស្សាហកម្ម អេកូទេសចរណ៍ និង​ជា​អតីត​តំបន់​សង្គ្រាម​រវាង​ខ្មែរ​និង​ខ្មែរ​) និង​ទេសចរណ៍​នៅ​តំបន់​ទី​ប្រជុំជន​មួយចំនួនទៀត​»​។

លោក ធួន ស៊ីណាន ប្រធាន ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន IMCT Co.ltd និង​ជា​ប្រធាន​សមាគម​ទេសចរណ៍​អាស៊ី​ប៉ាស៊ីហ្វិក​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​-​ប៉ុស្តិ៍​ថា ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ពិតជា​មាន​សារៈសំខាន់​ខ្លាំងណាស់​សម្រាប់​ខេត្ត​នីមួយៗ ជាពិសេស​គោលដៅ​ទេសចរណ៍​។ ផែនការ​នេះ​នឹង​ជួយ​ជំរុញ​កំណើនសេដ្ឋកិច្ច​ និង​បង្កើត​ការងារ​ជាច្រើន​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​សម្រាប់​ខ្ញុំ​ផែនការ​មេនេះ គឺ​ដើរតួនាទី​សំខាន់​ខ្លាំងណាស់​។ កែប គឺជា​ខេត្ត​ដែលមាន​សក្តានុពល​ខ្ពស់​នៅក្នុង​វិស័យ​ទេសចរណ៍ ដោយ​រាជរដ្ឋាភិបាល​បានកំណត់​យក​ខេត្ត​កែប ជា​ខេត្ត​សម្រាប់​ទេសចរ​កម្រិត​ខ្ពស់ ឬ​ទេសចរ​កម្រិត​អភិជន​។ ផែនការមេ​សម្រាប់​អភិវឌ្ឍ​វិស័យ​ទេសចរណ៍​នេះ គឺ​នឹង​ចូលរួមចំណែក​យ៉ាងច្រើន នៅក្នុង​ការតម្រង់ទិស ការទាក់ទាញ​អ្នកវិនិយោគ វិស័យ​ទេសចរណ៍ និង​វិស័យ​ដទៃទៀត ចូល​មកក្នុង​ខេត្ត​នេះ​»​។

បើតាម​លោក​អភិបាលខេត្ត​កែប ផែនការមេ​អភិវឌ្ឍន៍​វិស័យ​ទេសចរណ៍​ខេត្ត​កែប​ (២០២២-២០៣៥) ​មាន​យុទ្ធសាស្ត្រ​សំខាន់ៗ​សរុប​ចំនួន ​៧ ដែល​នឹងត្រូវ​ដាក់ឱ្យអនុវត្ត​ដោយ​រួមមាន ទី​ ១ យុទ្ធសាស្ត្រ​បង្កើត និង​អភិវឌ្ឍន៍​ប៉ូល​ទេសចរណ៍​ខេត្ត​កែប​, ទី​ ២ យុទ្ធសាស្ត្រ​ជំរុញ​ការវិនិយោគ ពង្រឹងគុណភាព និង​សុវត្ថិភាព​ទេសចរណ៍​, ទី​ ៣ យុទ្ធសាស្ត្រ​ទីផ្សារ និង​ការ​ផ្សព្វផ្សាយ​ទេសចរណ៍​ខេត្ត​កែប​, ទី​ ៤ យុទ្ធសាស្ត្រ​គ្រប់គ្រង និង​អភិវឌ្ឍន៍​អន្តរ​វិស័យ​ពាក់ព័ន្ធ​គាំទ្រ​ដល់​ការអភិវឌ្ឍ​នៃ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​,​ទី ៥ យុទ្ធសាស្ត្រ​បង្កើត និង​ពង្រឹង​ចង្វាក់​ផលិតកម្ម​ក្នុង​វិស័យ​ទេសចរណ៍​ខេត្ត​កែប​, ទី​ ៦ យុទ្ធសាស្ត្រ​គ្រប់គ្រង អភិវឌ្ឍន៍​នវានុវត្ត​នៅក្នុង​វិស័យ​ទេសចរណ៍​ខេត្ត​កែប និង​ទី​ ៧ យុទ្ធសាស្ត្រ​ពង្រឹង​អភិបាល​កិច្ច​ត្រួតពិនិត្យ និង​វាយតម្លៃ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប​៕ LA

វីដេអូ៖