ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធដារ​បានឱ្យដឹងថា រហូត​មកដល់​ពេលនេះ​មាន​ក្រុមហ៊ុន​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ប្រមាណ​ជាង ២០ ​ក្រុមហ៊ុន​ហើយ​ដែល​បានមក​ចុះបញ្ជី​ជា​បន្តបន្ទាប់ ដើម្បី​អនុវត្ត​អាករ​លើ​តម្លៃបន្ថែម​លើ​ទំនិញ និង​សេវា​ឌីជីថល​ដែល​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា​។

លោក អេង រតនា ប្រធាន​នាយកដ្ឋាន​គ្រប់គ្រង​អ្នក​ជាប់ពន្ធ​ធំ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ចុងសប្តាហ៍​មុន​ថា ចាប់តាំងពី​មាន​ការផ្សព្វផ្សាយ​អំពី​នីតិវិធី​នៃ​ការអនុវត្ត​អាករ​លើ​តម្លៃបន្ថែម​ចំពោះ​ប្រតិបត្តិការ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ (E-commerce) ​និង​បន្ទាប់ពី​ការជូនដំណឹង និង​ធ្វើ​សិក្ខាសាលា​ជាច្រើនលើក​រួចមក អគ្គនាយកដ្ឋាន​ពន្ធដារ​ទទួលបាន​ក្រុមហ៊ុន​ដែល​មក​ចុះបញ្ជី​ប្រមាណ​ជាង ២០ ​ហើយ ប៉ុន្តែ​មិនទាន់​មាន​ក្រុមហ៊ុន​ណាមួយ​មក​បង់ពន្ធ​នៅឡើយ​ទេ​។

លោក​បាន​ប្រាប់ថា ក្រុមហ៊ុន​ទាំង ២០​ នេះ​សុទ្ធតែជា​ក្រុមហ៊ុន​ធំៗ​ដូចជា​ក្រុមហ៊ុន Amazon, Facebook, booking.com, google tiktok ,Microsoft, សូហូ អបផើរេសិន​, Master car, និង Tik Tok ជាដើម​បានមក​ចុះបញ្ជី​ជា​បន្តបន្ទាប់ តែ​មិនទាន់​បាន​បង់ពន្ធ ដោយ​ពន្ធដារ​បាន​ទុកពេល​ឱ្យដល់​ថ្ងៃទី​ ២៥ ខែឧសភា​ខាងមុខ មុននឹង​ឈានដល់​ការផាកពិន័យ​។

លោក​ថ្លែងថា​៖ «​អគ្គនាយកដ្ឋាន​ពន្ធដារ​មិនទាន់​ទទួលបាន​ការបង់ពន្ធ​ពី​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​នៅឡើយ​ទេ ចាប់តាំងពី​ដាក់ឱ្យ​អនុវត្ត​ការបង់ពន្ធ​អាករ​លើ​តម្លៃបន្ថែម​លើ​ទំនិញ និង​សេវា​ឌីជីថល ដែល​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នេះ កាលពី​ថ្ងៃទី​ ១ មេសា​មក​។ យើង​ទុកពេល​ឱ្យ​យ៉ាងយូរ​ត្រឹម​ថ្ងៃទី​ ២៥ ខែឧសភា ក្នុងករណី​ក្រុមហ៊ុន​ទាំងនេះ​មិនទាន់​បានដាក់​ប្រកាស​បង់ពន្ធ​ទៀត យើង​នឹង​អនុវត្ត​ការផាកពិន័យ​តាមច្បាប់ និង​បទប្បញ្ញត្តិ​ស្តីពី​ពន្ធដារ​ជា​ធរមាន​»​។

លោក​បាន​បន្តថា ការអនុវត្ត​អាករ​លើ​តម្លៃបន្ថែម​លើ​ទំនិញ​ និង​សេវា​ឌីជីថល​ដែល​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា គឺជា​ការអនុវត្ត​ពន្ធ​ថ្មី និង​ជា​លើកដំបូង ដូចនេះ​ត្រូវ​ការប្រើ​ពេលវេលា​ក្នុង​ការផ្សព្វផ្សាយ​បន្តទៀត​ដល់​ប្រតិបត្តិករ​ឱ្យមាន​ការយល់ដឹង​ពី​កាតព្វកិច្ច​របស់ខ្លួន​។ លោក​បន្តថា ការអនុវត្ត​ពន្ធ​ថ្មី​នេះ​នឹង​ជំរុញ​ដល់​ការប្រមូល​ចំណូល​ពន្ធដារ​ឱ្យ​កើនឡើង​ថែមទៀត ដើម្បី​ជំរុញ​ឱ្យ​សេដ្ឋកិច្ចជាតិ​មានដំណើរការ​ល្អ​។

ទោះជា​យ៉ាងណា អគ្គនាយកដ្ឋាន​ពន្ធដារ​មិនមាន​តួលេខ​នៃ​ចំនួន​អ្នក​ជាប់ពន្ធ​អនិវាសនជន​ (​ក្រុមហ៊ុន​បរទេស​) ​ដែល​ធ្វើការ​ផ្គត់ផ្គង់​ទំនិញ​ឌីជីថល ឬ​សេវា​ឌីជីថល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​ធ្វើ​សកម្មភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ចូលមក​កម្ពុជា​ច្បាស់លាស់​នៅឡើយ​ទេ​។

ជុំវិញ​ការអនុវត្ត​អាករ​លើ​តម្លៃបន្ថែម​លើ​ទំនិញ និង​សេវា​ឌីជីថល ដែល​ធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​កម្ពុជា សម្រាប់​អ្នក​ជាប់ពន្ធ​អនិវាសនជន​នេះ​ដែរ លោក ម៉ាក ចំរើន អនុប្រធាន និង​ក្រុមប្រឹក្សាភិបាល​របស់​ក្រុមហ៊ុន​ស្មាលយ៍​សប ធ្លាប់​និយាយថា ប្រទេស​កម្ពុជា​មាន​ទីផ្សារ​តូច​សម្រាប់​ក្រុមហ៊ុន​បរទេស​ដែល​ធ្វើការ​ផ្គត់ផ្គង់​ទំនិញ​ឌីជីថល ឬ​សេវា​ឌីជីថល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ឬ​រាល់​សកម្មភាព​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ចូលមក​កម្ពុជា​ក៏ពិតមែន ប៉ុន្តែ​បើ​ក្រុមហ៊ុន​ទាំង​នោះមក​បើក​ប្រតិបត្តិការ​អាជីវកម្ម​របស់ខ្លួន​ហើយ មិន​បង់ពន្ធ ឬ​ចុះបញ្ជី​តាមច្បាប់​រដ្ឋ​នោះ គឺ​រឿង​មិន​សមស្រប​ទេ​ក្នុងនាម​ជា​ពាណិជ្ជករ​។

លោក​បាន​ស្នើថា​៖ «​គួរតែមាន​សិក្សា​បន្ថែម ចំពោះ​ប្រតិបត្តិការ​របស់​ក្រុមហ៊ុន​បរទេស​ធំៗ​ដែល​ផ្គត់ផ្គង់​ទំនិញ​ឌីជីថល ឬ​សេវា​ឌីជីថល​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​មក​កម្ពុជា ថា​អាច​នឹងចូលរួម​ជំរុញ​ឱ្យ​វិស័យនេះ​រីកចម្រើន​កម្រិតណា និង​គួរផ្តល់​ការលើកលែង​ពន្ធ​ដល់​ពួកគាត់​យ៉ាងម៉េច ដើម្បី​អាច​ទាក់ទាញ​ពួកគាត់​ឱ្យមក​រកស៊ី​នៅ​ស្រុក​ខ្មែរ​»៕ LA