
ធនាគារ SME និងអាហ្គ្រីប៊ី ចុះកិច្ចសហប្រតិបត្តិការគ្នា កាលពីថ្ងៃទី ១១ មេសា។ រូបថត SME Bank
ភ្នំពេញៈ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) និងក្រុមហ៊ុន អ្រាហ្គីប៊ី (ខេមបូឌា) ម.ក បានបើកកិច្ចសហប្រតិបត្តិការគ្នាដើម្បីលើកកម្ពស់ និងអភិវឌ្ឍវិស័យសហគ្រាសដែលធ្វើសកម្មភាពលើទិន្នផលកសិកម្ម តាមរយៈការផ្តល់ទុនដែលមានអត្រាការប្រាក់ទាប និងពុំតម្រូវឱ្យមានទ្រព្យបញ្ចាំ។
នៅថ្ងៃទី ១១ ខែមេសា ធនាគារ SME និងក្រុមហ៊ុនអាហ្គ្រីប៊ី (ខេមបូឌា) បានចុះអនុស្សរណៈយោគយល់គ្នា ដើម្បីផ្តល់ហិរញ្ញប្បទានជូនបុគ្គល ដែលជាតួអង្គក្នុងចង្វាក់ផលិតកម្មកសិកម្មដែលក្រុមហ៊ុន អាហ្គ្រីប៊ី (ខេមបូឌា) ម.ក ណែនាំ ជាមួយនឹងលក្ខខណ្ឌអនុគ្រោះ និងមានតម្លៃឥណទានទាប, ការផ្តល់ហិរញ្ញប្បទានជូនចំពោះអាជីវកម្ម ឬបុគ្គលជាអ្នកផ្គត់ផ្គង់ធាតុចូលកសិកម្ម, ឈ្មួញទិញកសិផល, អ្នកកែច្នៃកសិផល លើកលែង រោងម៉ាស៊ីនកិនស្រូវ, អ្នកលក់ដុំ និងលក់រាយកសិផល។ ការផ្តល់ហិរញ្ញប្បទាននេះ គឺក្នុងទំហំទឹកប្រាក់អតិបរមារហូតដល់ ៥០ ម៉ឺនដុល្លារ និងការចូលរួមផ្សព្វផ្សាយរួមគ្នា ដើម្បីចែករំលែកព័ត៌មានស្តីពីលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ប្រតិបត្តិករ SME នៅកម្ពុជា។
លោក លឹម អូន អគ្គនាយកនៃធនាគារ SME បាននិយាយថា ធនាគារ SME ពិតជារីករាយក្នុងភាពជាដៃគូនេះដែលជួយលើកកម្ពស់ និងជំរុញដំណើរនៃការអភិវឌ្ឍវិស័យ SME នៅកម្ពុជាស្របតាមគោលដៅក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកបានបន្ថែមថា កិច្ចសហប្រតិបត្តិការភាពជាដៃគូមួយនេះនឹងនាំមកនូវគុណតម្លៃជូនចំពោះសហគ្រាស និងអាជីវកម្មដែលជួយគាំទ្រ ផ្គត់ផ្គង់ និងពឹងផ្អែកទៅលើទិន្នផលនៃវិស័យកសិកម្ម ដោយឱ្យពួកគាត់ទទួលបាននូវហិរញ្ញប្បទានសម្រាប់យកទៅប្រើប្រាស់ជាទុនបង្វិល ឬទុនវិនិយោគក្នុងអាជីវកម្មរបស់ខ្លួនជាមួយនឹងការផ្តល់ជូនលក្ខខណ្ឌដ៏អនុគ្រោះ។
លោកបញ្ជាក់៖ «តាមរយៈការចូលរួមសហការជាដៃគូពីស្ថាប័នហិរញ្ញវត្ថុ និងស្ថាប័នគោលដៅកាន់តែច្រើនសម្បើមកុះករនេះ ធនាគារ SME ពិតជាសង្ឃឹមយ៉ាងមុតមាំថា សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជាទាំងអស់នឹងអាចទទួលបាននូវហិរញ្ញប្បទានផ្លូវការពីធនាគារ ដើម្បីស្តារអាជីវកម្មងើបផុតពីវិបត្តិនៃជំងឺកូវីដ ១៩ និងជាចំណែកក្នុងការជួយបង្កើននូវសកម្មភាពសេដ្ឋកិច្ច និងជំរុញឱ្យមានសម្ទុះនៃការរីកចម្រើននៃសេដ្ឋកិច្ចជាតិទាំងមូល»។
លោក ម៉ាក ចំរើន ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន អាហ្គ្រីប៊ី (ខេមបូឌា) ម.ក បានលើកឡើងថាប្រជាជនកម្ពុជាប្រមាណជាង ២ លានគ្រួសារ ដែលកំពុងចូលរួមយ៉ាងសកម្មក្នុងផលិតកម្មក្នុងវិស័យកសិកម្មនៅទីជនបទក្នុងប្រទេសកម្ពុជា។
លោកបន្ថែមថា បច្ចុប្បន្នវិស័យកសិកម្ម គឺជាវិស័យអាទិភាព និងប្រកបដោយសក្តានុពលខ្លាំងក្នុងការចូលរួមចំណែក ដើម្បីកសាង និងជំរុញសេដ្ឋកិច្ចជាតិ ជាពិសេសសេដ្ឋកិច្ចមូលដ្ឋាន ជាក់ស្តែងគ្រាន់តែលើវិស័យស្រូវអង្ករមួយ គឺត្រូវការដើមទុនប្រមាណជាង ៩០០ លានដុល្លារសម្រាប់ធ្វើការដាំដុះ និងត្រូវការដើមទុនប្រមាណ ២ ពាន់លានដុល្លារសម្រាប់ការប្រមូលផល និងការកែច្នៃ។
លោក ម៉ាក ចំរើន បានបន្ថែមថា កិច្ចសហប្រតិបត្តិការក្នុងការផ្តល់ហិរញ្ញប្បទានដល់តួអង្គចង្វាក់ផលិតកម្មកសិកម្ម (ជាពិសេសចង្កោមសហគ្រាសខ្នាតតូច និងមធ្យមដែលស្ថិតក្នុងចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន អាហ្គ្រីប៊ី) ក្នុងពេលនេះនឹងជួយឱ្យវិស័យកសិកម្មកាន់តែមានភាពរឹងមាំ និងរីកចម្រើនថែមមួយកម្រិតទៀត។
លោកបានបន្តថា ចង្កោម SME ដែល ស្ថិតក្នុងចង្វាក់ផលិតកម្មរបស់ក្រុមហ៊ុន អាហ្គ្រីប៊ី នឹងទទួលបានកម្ចីដែលមានអត្រាការប្រាក់ទាប ៦ ភាគរយក្នុង ១ ឆ្នាំ និងការផ្តល់កម្ចីរហូតដល់ ៥ ម៉ឺនដុល្លារ ដោយមិនចាំបាច់មានទ្រព្យបញ្ចាំ។
បើតាមប្រធានក្រុមប្រឹក្សាភិបាលរូបនេះ ក្រុមហ៊ុននេះមានសមាជិក ១១ សហគមន៍កសិកម្ម។
នៅក្នុងនោះដែរ សហគមន៍កសិកម្មមានសមាជិកជាកសិករសរុបប្រមាណ ៣០ ម៉ឺននាក់/គ្រួសារ។ នេះបើតាមតួលេខ ក្រសួងកសិកម្មដែលបានផ្សព្វផ្សាយកាលពីឆ្នាំ ២០២០។
កម្ពុជាក៏មានក្រុមហ៊ុននាំចូលជី និងថ្នាំកសិកម្មចូលជាង ៣០០។ នេះផ្អែកតាមតួលេខរបស់ក្រសួងកសិកម្ម នៅឆ្នាំ ២០១៩ ដោយនាំជីចូល ភាគច្រើន គឺពីថៃ វៀតណាម និងចិន។ ដោយឡែក ដេប៉ូលក់ជីថ្នាំកសិកម្ម គឺអាហ្គ្រីប៊ី មានសមាជិក ៣៥០ ខណៈដែលដេប៉ូលក់ជីថ្នាំកសិកម្មសរុបមានប្រមាណ ២,៥ ពាន់៕ LA