ភ្នំពេញៈ គម្រោង​វិនិយោគ​មិនមែន​វិស័យ​កាត់ដេរ​ចំនួន ៤ ដែលមាន​ទុនវិនិយោគ​សរុប ៣១,៨ ​លាន​ដុល្លារ និង​បង្កើត​ការងារ​បាន ២ ៤៧០​ កន្លែង​ត្រូវបាន​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) ​អនុម័ត​ឱ្យ​វិនិយោគ​។ នេះ​បើ​យោងតាម​ប្រព័ន្ធ​បណ្តាញ​សង្គម​ផ្លូវការ​របស់ CDC​។

CDC បានឱ្យដឹង​កាលពី​ថ្ងៃទី​ ១១ ខែមេសា ថា​តាម​សំណើសុំ​វិនិយោគ​របស់​ក្រុមហ៊ុន គណៈកម្មាធិការ​តំបន់​សេដ្ឋកិច្ច​ពិសេស​កម្ពុជា​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានសម្រេច​ចេញ​នូវ​វិញ្ញាបនបត្រ​ចុះបញ្ជី​គម្រោង​វិនិយោគ​ឱ្យ​ក្រុមហ៊ុន​ចំនួន​ ៤ រួមមាន គម្រោង​បង្កើត​រោងចក្រ​ផលិត​គ្រឿងសង្ហារិម​គ្រប់​ប្រភេទ​របស់ Covered Bridge Cabinetry Manufacturing Co., Ltd ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្ត​ព្រះសីហនុមាន​ទុនវិនិយោគ​ចំនួន ៨,៨ ​លាន​ដុល្លារ​, គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារ​បរិក្ខារ​អគ្គិសនី និង​ផលិតផល​ប្លាស្ទិក​របស់​ក្រុមហ៊ុន SDJC Steel and Wire(Cambodia)Products Co.,Ltd នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស តាយសេង​បាវិត ខេត្តស្វាយរៀង មាន​ទុនវិនិយោគ ១ ​លាន​ដុល្លារ​, គម្រោង​បង្កើត​រោងចក្រ​ផលិត និង​ផ្គុំ​ដំឡើង​ផលិតផល​អគ្គិសនី និង​បរិក្ខារ​អេឡិចត្រូនិក​របស់​ក្រុមហ៊ុន SOLTEAM (Cambodia) Co., Ltd នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស រ៉ូយ៉ាល់​គ្រុប​ភ្នំពេញ មាន​ទុនវិនិយោគ ១៤,៧ ​លាន​ដុល្លារ និង​គម្រោង​បង្កើត​រោងចក្រ​ផលិត​សម្ភារ​វេចខ្ចប់ កេសកាតុង ស្លាក​សញ្ញា ប្រអប់​ឈើ ឈើ​ទម្រ​សម្រាប់​តម្កល់​សម្ភារ​បរិក្ខារ ថង់​ប្លាស្ទិក និង​បោះពុម្ព​លើ​សម្ភារ​បរិក្ខារ​គ្រប់​ប្រភេទ​របស់​ក្រុមហ៊ុន Wendua Packaging (Cambodia) Co, Ltd ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​សាន​ដុង សាន់សែល ស្វាយរៀង ខេត្តស្វាយរៀង មាន​ទុនវិនិយោគ ៧,៣​ លាន​ដុល្លារ​។

អ្នកស្រាវជ្រាវ​សេដ្ឋកិច្ច​នៃ​រាជបណ្ឌិត្យ​សភា​កម្ពុជា លោក ហុង វណ្ណៈ បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១២ ខែមេសា​ថា ទោះបី​វិបត្តិ​នៃ​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ នៅលើ​ពិភពលោក​មិនទាន់​បិទ​បញ្ចប់ ប៉ុន្តែ​ចំនួន​ក្រុមហ៊ុន​ដែល​ចូលមក​បណ្តាក់ទុន​នៅ​កម្ពុជា​បាន​កើនឡើង​ជា​បន្តបន្ទាប់ ហើយ​អ្វីដែល​ពិសេស​នោះ​គឺ​គម្រោង​ថ្មីៗ​ទាំងនោះ​មាន​ចម្រុះ​លើ​គ្រប់​វិស័យ ដោយ​មិនមែន​ស្ថិត​តែ​ក្នុង​វិស័យ​វាយ​ន​ភណ្ឌ​នោះទេ​។ លោក​បាន​បន្តថា ការអនុម័ត​របស់ CDC លើ​គម្រោង​វិនិយោគ​ដែលមាន​ច្រើន​វិស័យ​បែបនេះ​មិន​ត្រឹមតែ​បង្កើត​នូវ​កាលានុវត្តភាព​ការងារ​ថ្មីៗ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ជួយ​ធ្វើឱ្យ​កម្លាំង​ពលកម្ម​នៅ​កម្ពុជា​កាន់​តែមាន​ជំនាញ​ល្អប្រសើរ ព្រមទាំង​អាច​ទទួល​បាន​តម្លៃ​ខ្ពស់ជាង​មុន​ផងដែរ​។

លោក​និយាយថា​៖ «​ការទទួលបាន​គម្រោង​វិនិយោគ​ដែលមាន​លក្ខណៈ​ចម្រុះ​វិស័យ នឹងមិន​ត្រឹមតែ​ជួយ​ធ្វើឱ្យ​សេដ្ឋកិច្ចកម្ពុជា​កាន់តែ​រឹងមាំ​ជាង​មុន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ថែមទាំង​ជួយ​ធ្វើឱ្យ​ផលិតផល និង​ទីផ្សារ​នាំចេញ​របស់​កម្ពុជា​មាន​ភាពធំ​ទូលាយ​ជាង​មុន និង​ចម្រុះ​ផលិតផល​ផងដែរ​»៕ LA