ភ្នំពេញៈ ការ ប្រមូល ចំណូល របស់ អគ្គ នាយក ដ្ឋា​ន គយ និង រដ្ឋាករ កម្ពុជា (​អគរ​) សម្រាប់ ត្រីមាស ទី ១ ឆ្នាំ ២០២២ នេះ សម្រេច បាន ក្នុង ទឹក ប្រាក់ ប្រមាណ ជាង ៥៩៧ លាន ដុល្លារ ថយ ចុះ ២,៥ ភាគ រយ បើ ធៀប នឹង រយៈ ពេល ដូច គ្នា ឆ្នាំ ២០២១​។ នេះ បើ យោង តាម អគ្គ នាយក ដ្ឋា​ន គយ និង រដ្ឋាករ កម្ពុជា (​អគរ​)​។​

ទិន្នន័យ ពី អគរ បង្ហាញ ថា ចាប់ ពី ខែ មករា ដល់ ខែ មីនា ឆ្នាំ ២០២២ ទឹក ប្រាក់ ដែល អគរ ប្រមូល បាន មាន ចំនួន សរុប ២ ៤២៨,៦ ពាន់ លាន រៀល ស្មើ នឹង ប្រមាណ ៥៩៧,៦ លាន ដុល្លារ ដែល តួលេខ នេះ ត្រូវ ជា ប្រមាណ ២៣,២ ភាគ រយ នៃ ផែនការ កំណត់ ដោយ ច្បាប់ ស្ដីពី ហិរញ្ញ វត្ថុ សម្រាប់ ការ គ្រប់ គ្រង ឆ្នាំ ២០២២​។ បើ ប្រៀប ធៀប នឹង រយៈ ពេល ដូច គ្នា ឆ្នាំ ២០២១ លទ្ធផល ចំណូល នេះ ថយ ចុះ ប្រមាណ ជាង ១៥ លាន ដុល្លារ ដែល ត្រូវ ជា ប្រមាណ ២,៥ ភាគ រយ ។​

យោង តាម អគរ ចំណូល ទាំង នោះ រួម មាន អាករ លើ តម្លៃ បន្ថែម មាន ប្រមាណ ២៣៣ លាន ដុល្លារ ( ៣៨,៩ ភាគ រយ នៃ ចំណូល សរុប​), អាករ ពិសេស ប្រមាណ ២២០ លាន ដុល្លារ (៣៦,៨ ភាគ រយ​), ពន្ធ គយ ចំនួន ១០៧ លាន ដុល្លារ (១៨ ភាគរយ​), អាករ បន្ថែម លើ ផលិតផល ប្រេង ចំនួន ជាង ២៤ លាន ដុល្លារ (៤.២ ភាគ រយ ), និង អាករ នាំចេញ និង កម្រៃ ផ្សេងៗ មាន ចំនួន ១៣ លាន ដុល្លារ ( ២.២ ភាគ រយ )​។​

នៅ ក្នុង កិច្ច ប្រជុំ បូក សរុប លទ្ធផល ការងារ គយ និង រដ្ឋាករ ប្រចាំ ត្រីមាស ទី​១ ឆ្នាំ ២០២២ កាល ពី ថ្ងៃ ទី ១២ ខែ មេសា លោក គុណ ញឹម អគ្គ នាយក នៃ អគ្គ នាយក ដ្ឋា​ន គយ និង រដ្ឋាករ កម្ពុជា បាន លើក ឡើង ថា ការងារ ប្រមូល ចំណូល អគរ ដែល សម្រេច បាន នា ពេល នេះ គឺ បាន មក ពី ភាព ល្អប្រសើរ លើ ការងារ សំខាន់ៗ មួយ ចំនួន ដូច ជា ការ បង្ការ និង បង្ក្រាប អំពើ រត់ គេច ពន្ធ និង ការលើក កម្ពស់ អនុលោម ភាព​, ការ លើក កម្ពស់ កិច្ច សម្រួល ពាណិជ្ជ កម្ម តាម រយៈ ការ ធ្វើ សាមញ្ញ កម្ម នីតិវិធី គយ និង ការ ប្រើ ប្រាស់ ប្រព័ន្ធ បច្ចេក វិទ្យា បន្ថែម ទៀត ក្នុង ការងារ គយ​, ព្រម ទាំង ការចូល រួម សកម្ម ភាព សង្គម នានា និង ការ អនុវត្ត វិធាន ការ សុខាភិបាល ដើម្បី ទប់ ស្កាត់ ការ រីក​រាល ដាល នៃ ជំងឺ កូ​វីដ ១៩ ជា ដើម​។​

លោក បន្ថែម ទៀត ថា ជា ទិសដៅ បន្ត ដើម្បី ធានា បាន នូវ លទ្ធ ផល ល្អ ប្រសើរ ក្នុង ការ បំពេញ តួនាទី និង ភារកិច្ច របស់ អង្គភាព សូម គ្រប់ អង្គភាព ក្រោម ចំណុះ ទាំង អស់ ត្រូវ ខិត ខំ ធ្វើ ការ ប្រមូល ពន្ធ បន្ថែម ទៀត ដោយ ផ្តោត លើ ការងារ សំខាន់ ៗ ដូច ជា ការ បន្ត ធ្វើ សាមញ្ញ កម្ម នីតិវិធី គយ និង​ពង្រីក បន្ថែម ទៀត នូវ ការ ប្រើ ប្រាស់ ប្រព័ន្ធ ព័ត៌មាន វិទ្យា​, ការ ពង្រឹង ប្រសិទ្ធ ភាព ការងារ បង្ការ និង​បង្ក្រាប អំពើ រត់ គេច ពន្ធ​, ការ ពិនិត្យ ឡើង វិញ នូវ ច្បាប់ និង បទ ប្បញ្ញត្តិ ពាក់ ព័ន្ធ នឹង គយ កិច្ច សហការ ជាមួយ ក្រសួង ស្ថាប័ន និង វិស័យ ឯកជន ពាក់ព័ន្ធ ក្នុង ប្រតិបត្តិ ការ ការងារ គយ ជា ដើម​។​

ក្នុង ឆ្នាំ ២០២១ អគ្គ នាយក ដ្ឋា​ន គយ និង រដ្ឋាករ កម្ពុជា ប្រមូល ចំណូល បាន ៩ ២៩៥,៧ ពាន់ លាន​រៀល (​ប្រមាណ ២ ២៩៥,២ លាន ដុល្លារ​) ថយ ចុះ ៥,១ ភាគ រយ បើ ធៀប នឹង ចំណូល ប្រមូល បាន ក្នុង​ឆ្នាំ ២០២០​។ លទ្ធផល នេះ គឺ សម្រេច បាន ៩៧,១ ភាគ រយ នៃ ផែនការ ដែល កំណត់ ដោយ ច្បាប់ ស្ដីពី ហិរញ្ញ វត្ថុ សម្រាប់ ការ គ្រប់ គ្រង ឆ្នាំ ២០២១៕