កាល​ពី​ថ្ងៃ​ទី ១២ ខែ​មេសា ឆ្នាំ ២០២២ ធនាគារវីង (ខេមបូឌា) ម.ក បាន​ចុះ​អនុស្សរណៈ​នៃ​ការ​យោគយល់​ជាមួយ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ (TYDA) ក្នុង​គោល​បំណង​ផ្តល់​ការ​គាំទ្រ​បន្ថែម​ដល់​បុព្វហេតុ​ដ៏​ថ្លៃថ្លា​របស់​សមាគម ក្នុង​ការ​ផ្តល់​សេវា​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ​ដល់​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​កម្ពុជា។

អនុស្សរណៈ​នេះ​ត្រូវ​បាន​ចុះ​ហត្ថលេខា​ដោយ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ប្រធាន​ក្រុម​ប្រឹក្សាភិបាល សមាគម​គ្រូពេទ្យ​ស្ម័គ្រ​យុវជន​សម្តេច​តេជោ និង​អ្នក​ឧកញ៉ា គិត ម៉េង ប្រធាន​ក្រុម​ប្រឹក្សាភិបាល ធនាគារ វីង ដោយ​មាន​វត្តមាន​ដ៏​ខ្ពង់ខ្ពស់​របស់​លោក​ជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធាន​ក្រុម​ប្រឹក្សាភិបាល​សមាគម​គ្រូ​ពេទ្យ​ស្ម័គ្រ​យុវជន​សម្តេច​តេជោ និង​ភ្ញៀវ​កិត្តិយស​ជាច្រើន​រូប​ទៀត។

ឯកឧត្តម​បណ្ឌិត​ ហ៊ុន ម៉ាណែត បាន​មាន​ប្រសាសន៍​ថា៖ “អ្វីៗ​ដែល​យើង​មាន​បាន​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ គឺ​ដោយសារ​សុខសន្តិភាព​ដែល​ធ្វើ​ឱ្យ​យើង​មាន​ឱកាស​បម្រើ​ប្រជាពលរដ្ឋ។ ជាលទ្ធផល គិត​ដល់​ថ្ងៃ​នេះ​សមាគម​បាន​ពិនិត្យ​និង​ព្យាបាល​ជំងឺ​ជូន​ប្រជាពលរដ្ឋ​ក្រីក្រ​ទូទាំង​ប្រទេស​បាន​ចំនួន ៣៣៦,៣៥៣ នាក់​ អ្នក​ជំងឺ​ធ្ងន់​ចំនួន ៦,១៥៣ នាក់ ត្រូវ​បញ្ជូន​មក​ព្យាបាល​បន្ត​នៅ​រាជធានី​ភ្នំពេញ​ និង ជាមួយ​ដៃគូ​សហការ​នានា​នៅ​ក្នុង​នោះ​ផងដែរ និង មាន​អ្នក​ជំងឺ​បេះដូង​ធ្ងន់ធ្ងរ​ចំនួន ៥៦ នាក់ ត្រូវ​បាន​ព្យាបាល​ដោយ​ឥត​គិត​ថ្លៃ។”

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត បាន​បន្ត​ថា៖ “សូម​ថ្លែង​អរគុណ​ចំពោះ​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និង ធនាគារវីង (ខេមបូឌា) ម.ក ដែល​បាន​ផ្ដល់​ថវិកា​ចំនួន ១០ ម៉ឺន​ដុល្លារ​សហរដ្ឋ​អាមេរិច ដើម្បី​ចូលរួម​ចំណែក​យ៉ាង​សំខាន់​ក្នុង​សកម្មភាព​មនុស្ស​ធម៌ ដើម្បី​បុព្វហេតុ​ប្រជាពលរដ្ឋ​តាម​រយៈការ​ចុះ​ពិនិត្យ និង​ព្យាបាល​ប្រជាពលរដ្ឋ​ដោយ​ឥត​គិត​ថ្លៃ​នៅ​ទូទាំង​ប្រទេស។“

តាម​រយៈ​អនុស្សរណៈ​នេះ អ្នក​ឧកញ៉ា គិត ម៉េង លោក​ជំទាវ ម៉ៅ ចំណាន និង​ក្រុមគ្រួសារ នឹង​បរិច្ចាគ​ថវិកា ចំនួន ១០០.០០០ ដុល្លារ​ក្នុង​រយៈពេល ៥ ឆ្នាំ​ តាម​រយៈធនាគារ វីង ដើម្បី​គាំទ្រ​ដល់​ការងារ​មនុស្សធម៌​របស់​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​យុវជន​សម្តេច​តេជោ។

អ្នក​ឧកញ៉ា គិត ម៉េង បាន​មាន​ប្រសាសន៍​ថា៖ “ខ្ញុំ​សូម​ថ្លែង​អំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ដល់​ក្រុម​ការងារ​នៃ​សមាគម​គ្រូ​ពេទ្យ​ស្ម័គ្រ​ចិត្ត​យុវជន​សម្តេច​តេជោ ចំពោះ​ការ​លះបង់​និង​ការ​ខិតខំ​ប្រឹងប្រែង​របស់​ពួកគាត់​ចំពោះ​សហគមន៍​របស់​យើង។ វេជ្ជបណ្ឌិត​ គិលានុបដ្ឋាយិកា និង អ្នក​ស្ម័គ្រចិត្ត​របស់​សមាគម​គ្រូ​ពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ការពារ​សហគមន៍​ក្នុង​អំឡុង​ពេល​ជំងឺ​រាតត្បាត។​ យើង​សូម​គោរព​យ៉ាង​ខ្ពស់​ចំពោះ​ការ​រួម​ចំណែក​ដោយ​មិន​គិត​ពី​ខ្លួនឯង​របស់​អ្នក​ទាំងអស់​គ្នា។”

អ្នកឧកញ៉ា គិត ម៉េង និងលោកជំទាវ ម៉ៅ ចំណាន គឺជា​អ្នក​គាំទ្រ​ដ៏​សកម្ម​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​យុវជន​សម្តេច​តេជោ សម្រាប់​ការងារ​សប្បុរសធម៌​ដោះស្រាយ​បញ្ហា​ប្រឈម​ដែល​សហគមន៍​កំពុង​ប្រឈម។ កាល​ពី​ខែ​មីនា ឆ្នាំ ២០២១ អ្នកឧកញ៉ា បាន​បរិច្ចាគ​ថវិកា​ចំនួន ៥០,០០០ ដុល្លារ​អាមេរិក ដល់​សមាគម​គ្រូ​ពេទ្យ​ស្ម័គ្រ​យុវជន​សម្តេច​តេជោ សម្រាប់​ការ​ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​របស់​សមាគម​ក្នុង​ការ​ទប់ស្កាត់​ការឆ្លង​នៃ​មេរោគ​កូវីដ-១៩ នៅ​ក្នុង​សហគមន៍។

ដើម្បី​ជា​ការ​ថ្លែង​អំណរគុណ កាល​ពី​ឆ្នាំ​មុន អ្នកឧកញ៉ា គិត ម៉េង ក៏​បាន​រៀបចំ​ឲ្យ​ វីងម៉ល យក​អាហារ​ពី ហាង KFC ចំនួន​ពីរដង​ទៅ​ជូន​ក្រុម​ការងារ​ដ៏​ក្លាហាន​នៃ​សមាគម​គ្រូពេទ្យ​ស្ម័គ្រ​យុវជន​សម្តេច​តេជោ។

អ្នកឧកញ៉ា គិត ម៉េង ព្រម​ទាំង​ក្រុមហ៊ុន​ដទៃ​ទៀត​នៃ​ក្រុមហ៊ុន រ៉ូយ៉ាល់គ្រុប និង​ធនាគារវីង តែងតែ​គាំទ្រ​យ៉ាង​សកម្ម និង​ប្រកប​ដោយ​ទឹក​ចិត្ត​សប្បុរសធម៌​ដើម្បី​ជួយ​ដល់​សហគមន៍​ដែល​ខ្វះខាត​តាម​រយៈសកម្មភាព​សង្គម​ផ្សេងៗ ជាច្រើន​នា​ពេល​កន្លង​មក៕