ទីក្រុងតូក្យូៈ ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន Honda បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ថា ខ្លួន​នឹង​វិនិយោគ​ជិត​ ៤០​ ពាន់​លាន​ដុល្លារ ទៅក្នុង​បច្ចេកវិទ្យា​រថយន្ត​អគ្គិសនី​ក្នុង​រយៈពេល​ ១ ​ទសវត្សរ៍​ខាងមុខ ខណៈដែល​ខ្លួន​ធ្វើការ​ឆ្ពោះទៅរក​ការផ្លាស់ប្តូរ​ការលក់​ទាំងអស់​ពី​រថយន្ត​ប្រេងឥន្ធនៈ​ប្រពៃណី​។

ក្រុមហ៊ុន​រថយន្ត​លំដាប់​ពិភពលោក​កំពុងផ្តល់​អាទិភាព​កាន់តែខ្លាំង​ឡើងលើ​រថយន្ត​អគ្គិសនី និង​រថយន្ត​កូនកាត់​ជាមួយ​នឹង​តម្រូវការ​កើនឡើង​សម្រាប់​ម៉ូដែល​ដែល​មិនសូវ​បំពុលបរិស្ថាន ដោយ​ការព្រួយបារម្ភ​អំពី​ការប្រែប្រួល​អាកាសធាតុ​កើនឡើង​។

ក្រុមហ៊ុន Honda បាន​និយាយ​នៅក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា ខ្លួន​គ្រោង​នឹង​បញ្ចេញ​ម៉ូដែល​រថយន្ត​អគ្គិសនី​ចំនួន ៣០​ ប្រភេទ នៅ​ឆ្នាំ ២០៣០ ​ជាមួយនឹង​បរិមាណ​ផលិតកម្ម​ប្រចាំឆ្នាំ​ច្រើនជាង​ ២ ​លាន​គ្រឿង​។

ក្រុមហ៊ុន​បាន​និយាយថា ខ្លួន​នឹង​បែងចែក​ប្រាក់​ប្រហែល ៥ ​ពាន់​ពាន់​លាន​យ៉េន (៣៩,៩​ ពាន់​លាន​ដុល្លារ​) ក្នុង​រយៈពេល​ ១០ ​ឆ្នាំ​ខាងមុខ​ «​នៅក្នុង​ផ្នែក​នៃ​បច្ចេកវិទ្យា​អគ្គិសនី និង​សូហ្វវែរ ដើម្បី​បង្កើនល្បឿន​នៃ​ការប្រើប្រាស់​អគ្គិសនី​របស់ខ្លួន​»​។

ការវិនិយោគ​នេះ​គឺជា​ជំហាន​ចុងក្រោយបង្អស់​ក្នុង​ការជំរុញ​របស់ខ្លួន​ ដើម្បី​ឱ្យមាន​រថយន្ត​អគ្គិសនី និង​ឥន្ធនៈ​មាន​ចំនួន ១០០ ​ភាគរយ​នៃ​ការលក់​ទាំងអស់​នៅ​ឆ្នាំ ​២០៤០ ដែលជា​គោលដៅ​ដែល​បានប្រកាស​កាលពី​ឆ្នាំមុន​។

ក្រុមហ៊ុន Honda និង​ក្រុមហ៊ុន​បច្ចេកវិទ្យា​ជប៉ុន Sony បានប្រកាស​កាលពី​ខែ​មុន​ថា​ពួកគេ​នឹង​ចាប់ផ្តើម​បង្កើត​ក្រុមហ៊ុន​ថ្មី​មួយ​ដើម្បី​អភិវឌ្ឍ និង​លក់​រថយន្ត​អគ្គិសនី ដោយ​ការលក់​រថយន្ត EV​ ដំបូង​គេ​រំពឹងថា​នឹង​ចាប់ផ្តើម​នៅ​ឆ្នាំ​ ២០២៥​។

នាពេល​បច្ចុប្បន្ននេះ ប្រហែល ១០ ​ភាគរយ​នៃ​ការលក់​រថយន្ត​នៅ​អឺរ៉ុប​គឺជា​រថយន្ត EV ហើយ​តួលេខ​របស់​សហរដ្ឋអាមេរិក​គឺ​ត្រឹមតែ​ ២ ​ភាគរយ​ប៉ុណ្ណោះ​។

ប៉ុន្តែ​តម្រូវការ​កំពុង​កើនឡើង ហើយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ធំៗ​ផ្សេងទៀត រួមទាំង​គូប្រជែង​ជប៉ុន​របស់ Honda កំពុង​វិនិយោគ​ប្រាក់ និង​ធនធាន​ទៅក្នុង​រថយន្ត​អគ្គិសនី​។

កាលពីដើម​ឆ្នាំនេះ​សម្ព័ន្ធ​ក្រុមហ៊ុន​ផលិត​រថយន្ត​ដែលមាន​ក្រុមហ៊ុន Nissan, Renault, និង Mitsubishi Motors បាន​សន្យាថា​នឹង​ផ្តល់ជូន​នូវ​ម៉ូដែល​រថយន្ត​អគ្គិសនី​ថ្មី​ចំនួន​ ៣៥ ​នៅ​ឆ្នាំ​ ២០៣០ ខណៈ​ដែល​ខ្លួន​បានប្រកាស​ការវិនិយោគ​សរុប​ចំនួន​ ២៥ ​ពាន់​លាន​ដុល្លារ​នៅក្នុង​វិស័យនេះ​។

ក្រុមហ៊ុន ​Toyota ដែលជា​ក្រុមហ៊ុន​ផលិត​រថយន្ត​លក់ដាច់​បំផុត​របស់​ពិភពលោក​ថ្មីៗ​នេះ​ក៏បាន​បង្កើន​គោលដៅ​លក់​រថយន្ត​អគ្គិសនី​នៅ​ឆ្នាំ ​២០៣០​របស់ខ្លួន​ចំនួន​ ៧៥ ​ភាគរយ ដោយមាន​បំណង​លក់​រថយន្ត​ EV ចំនួន​ ៣,៥ ​លាន​គ្រឿងក្នុង​ ១ ​ឆ្នាំ​ចាប់ពី​ពេលនោះ​៕ RR