ទីក្រុងអៅហ្គាឌូហ្គូ ប្រទេស ប៊ួគីណាហ្វាសូៈ ក្រុមហ៊ុន​ផលិត​មាស​រុស្ស៊ី Nordgold បានប្រកាស​បិទ​អាជីវកម្ម​អណ្តូងរ៉ែ Taparko ដោយ «​ហេតុផល​សុវត្ថិភាព​» នៅ​ភាគ​ខាងជើង​ប្រទេស​ប៊ួគីណាហ្វាសូ​ដែល​ត្រូវបាន​ញាំញី​ដោយ​អំពើហិង្សា​ដែល​បណ្ដាលឱ្យ​មនុស្ស​ស្លាប់​របស់​ក្រុម​ជីហាដ​។

លោក Alexander Hagan Mensa នាយក​គ្រប់គ្រង​ Somita ​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ក្នុងស្រុក​របស់​ក្រុមហ៊ុន Nordgold បាន​ថ្លែងថា​៖ «​តាមរយៈ​នេះ យើង​មក​ទីនេះ​ដើម្បី​ណែនាំ​អ្នក​អំពី​ការបញ្ឈប់​សកម្មភាព​រុករក​រ៉ែ​របស់​យើង​នៅ​ក្រុមហ៊ុន Taparko Mining Company ដោយសារ​តែ​... ហេតុផល​សន្ដិសុខ​»​។

លោក Hagan Mensa បាន​សរសេរ​នៅក្នុង​លិខិត​មួយ​ផ្ញើ​ទៅ​ក្រុមកម្មករ​ចុះ​កាលបរិច្ឆេទ​ថ្ងៃទី ​៩ ​ខែមេសា​ថា ការសម្រេចចិត្ត​នេះ​ត្រូវ​បាន​ធ្វើឡើង​ដោយសារតែ «​តំបន់​ទាំងមូល​នៅ​ជុំវិញ​កន្លែង​ប្រតិបត្តិការ​របស់​យើង រួមទាំង​ផ្លូវ​នៅ​តំបន់​ Ouagadougou-Dori បច្ចុប្បន្នកំពុង​ស្ថិតនៅ​ក្រោម​ការគំរាមកំហែង​ភេរវកម្ម​»​។

លោក​បន្តថា​៖ «​ទោះបីជា ការវិនិយោគ​ដែល​ចំណាយ​ច្រើន​បំផុត​លើ​ផ្នែក​សន្តិសុខ​ក៏ដោយ ក៏​ក្រុមហ៊ុន​នៅតែ​មិនមាន​សុវត្ថិភាព​ដោយសារតែ​ការ​គំរាម​កំហែង​កាន់តែខ្លាំង​ឡើងៗ​ចំពោះ​គ្រឿង​បរិក្ខារ និង​បុគ្គលិក​»​។

មន្ត្រី​ក្រុមហ៊ុន ​Nordgold​ បាន​ឲ្យ​ដឹងថា ក្នុង​រយៈពេល​ជាច្រើន​សប្តាហ៍​ថ្មីៗ​នេះ ពួកគេ​ស្ទើរតែ​មិនអាច​ចូលទៅ​ការដ្ឋាន​នេះ​បាន​នោះទេ ហើយ​ជីវិត​របស់​បុគ្គលិក​កំពុង​ស្ថិតក្នុង​គ្រោះថ្នាក់​។

អណ្តូងរ៉ែ Taparko​ បាន​គ្រប់គ្រង​ដោយ​ក្រុមហ៊ុន​ Nordgold ដែល​ស្ថិតនៅ​តំបន់ Centre-Nord មាន​ចម្ងាយ​ប្រហែល ​២០០ ​គីឡូម៉ែត្រ (១២៥ ម៉ាយល៍​) ភាគ​ខាងជើង​ទីក្រុង​អៅហ្គាឌូហ្គូ​មាន​បុគ្គលិក​ប្រហែល ៦០០ ​នាក់ ហើយ​ជា​អណ្តូងរ៉ែ​ឯកជន​ធំជាងគេ​នៅក្នុង​ប្រទេសមួយ​នេះ​។

លោក Hagan Mensa បានឱ្យដឹងថា ផែនការ​ជម្លៀស​កម្លាំង​ពលកម្ម​ត្រូវ​បាន​បង្កើតឡើង​។

ដោយ​ស្ថិត​ក្នុងចំណោម​ប្រទេស​ក្រីក្រ​បំផុត​ជាច្រើន​ក្នុង​ពិភពលោក ប្រទេស​ប៊ួគីណាហ្វាសូ​ត្រូវបាន​គ្រប់គ្រង​ដោយ​របប​យោធា​តាំងពី​ខែមករា​មក​។

ប៊ូគីណាហ្វាសូ​ខាងជើង គឺជា​ចំណុច​អំពើហិង្សា​មួយ​សម្រាប់​ការវាយប្រហារ​ដោយ​ក្រុម​បះបោរ​អ៊ិស្លាម​និយម ដែល​បានចាប់ផ្តើម​ធ្វើការ​វាយឆ្មក់​ឆ្លង​ព្រំដែន​យ៉ាង​បង្ហូរឈាម​ពី​ប្រទេស​ជិតខាង​ម៉ាលី​នៅ​ឆ្នាំ​ ២០១៥​។

យុទ្ធនាការ​របស់​ពួកគេ​បាន​ឆក់យក​ជីវិត​មនុស្ស​ប្រហែល ២ ​ពាន់​នាក់ និង​បានធ្វើ​ឲ្យ​ប្រជាជន​ប្រហែល​ ១,៨​ លាន​នាក់​ខ្ចាត់ព្រាត់​ពី​លំនៅឋាន​៕ LA