The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ការនាំ​ចូល​ដែក និង​ដែកថែប​កើនឡើង​ជាង ៣ ​ភាគរយ

ការនាំ​ចូល​ដែក និង​ដែកថែប​កើនឡើង​ជាង ៣ ​ភាគរយ

Content image - Phnom Penh Post
កម្ពុជា​បាន​នាំចូល​ដែក និង​ដែកថែប​ (Iron & Steel) ក្នុង​ទឹកប្រាក់​ជាង ៨៤​ លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ កើនឡើង​ជាង ៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ ហេង ជីវ័ន

ការនាំ​ចូល​ដែក និង​ដែកថែប​កើនឡើង​ជាង ៣ ​ភាគរយ

ភ្នំពេញៈ កម្ពុជា​បាន​នាំចូល​ដែក និង​ដែកថែប​ (Iron & Steel) ក្នុង​ទឹកប្រាក់​ជាង ៨៤​ លាន​ដុល្លារ​ក្នុង​ត្រីមាស​ទី​ ១ ឆ្នាំ​ ២០២២ កើនឡើង​ជាង ៣ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។ នេះ​បើ​យោងតាម​តារាង​ស្ថិតិ​ទំនិញ​ពាណិជ្ជកម្ម​នាំចូល​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

យោងតាម​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ការនាំ​ចូល​ដែក និង​ដែកថែប ក្នុង​ត្រីមាស​ទី ​១ ឆ្នាំ​ ២០២២ បាន​តម្លៃ​សរុប ៨៤,០៨ ​លាន​ដុល្លារ​កើនឡើង ៣,៥​ ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១ ដែលមាន​ទឹកប្រាក់​ចំនួន ៨១,២៣ ​លាន​ដុល្លារ​។ ដោយឡែក​សម្រាប់​ខែមីនា ឆ្នាំ ​២០២២ ទឹកប្រាក់​នៃ​ការនាំ​ចូល​ដែក និង​ដែកថែប មាន​ចំនួន ២៦,២៩ ​លាន​ដុល្លារ ធ្លាក់ចុះ ១២,១ ​ភាគរយ​ពី​ចំនួន ២៩,៩ ​លាន​ដុល្លារ​នា​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២១​។

លោក ជីវ ស៊ីផេង អ្នកគ្រប់គ្រង​ទូទៅ​សមាគម​អ្នក​សាងសង់​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ទោះបី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ​១៩ បាន​ធ្វើឱ្យ​ដំណើរការ​សាងសង់​គម្រោង​ធំៗ​មួយចំនួន​ត្រូវ​ជាប់គាំង ពិសេស​គម្រោង​ដែលមាន​ម្ចាស់​ជា​ជនបរទេស ប៉ុន្តែ​សម្រាប់​គម្រោង​ដែលមាន​ម្ចាស់​ជា​វិនិយោគិន​ក្នុងស្រុក គឺ​ការសាងសង់​មានដំណើរ​ការ​ទៅមុខ​ជាធម្មតា​។ លោក​បន្តថា ជាក់ស្តែង​គម្រោង​សាងសង់​លំនៅឋាន​មាន​លក្ខណៈ​ជា​បុរី គឺ​ដំណើរ​ការសាងសង់ និង​ការទិញ​លក់ មានដំណើរ​ការ​ទៅមុខ​យ៉ាង​រលូន​។

លោក​ថ្លែងថា​៖ «​កំណើន​នៃ​ការសាងសង់​លំនៅឋាន​ឯកជន និង​លក្ខណៈ​បុរី បាន​ធ្វើឱ្យ​តម្រូវការ​នាំចូល​ដែក​ក្នុង​វិស័យ​សំណង់​កើនឡើង​។ កំណើន​នេះ​នឹង​បន្ត​សម្ទុះ​កាន់តែ​ខ្ពស់​បន្ថែមទៀត​ចាប់ពី​ពេលនេះ​តទៅ ខណៈ​ការបើក​ប្រទេស​ឡើងវិញ​នឹង​ធ្វើ​ឱ្យមាន​វិនិយោគិន​អន្តរជាតិ​ថ្មីៗ​បន្ថែមទៀត​ចូលមក​កម្ពុជា​»​។

យោងតាម​លោក ស៊ីវផេង ដែក​ដែល​នាំ​ចូលមក​កម្ពុជា​មាន​មកពី​ប្រទេស​វៀតណាម ថៃ ចិន និង​កូរ៉េ ជាដើម​។

កាលពី​ខែ​ដើមខែ​ធ្នូ ២០២០ មាន​រោងចក្រ​ផលិត​ដែកថែប​មួយ​របស់​ក្រុមហ៊ុន ហុងឌីសេង (​ខេមបូឌា​) ស្ទីល ឯ.ក ដែល​វិនិយោគ​ដោយ​វិនិយោគិន​ចិន​ក្នុង​ទឹកប្រាក់ ១៦,៧ លាន​ដុល្លារ​បើក​ដំណើរការ​ក្នុង​ខេត្តកំពង់ស្ពឺ ដែល​អាចមាន​សមត្ថភាព​ផលិត​បាន ៥០០ ០០០ តោន​ក្នុង​ដំណាក់កាល​ដំបូង​។

ទិន្នន័យ​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បង្ហាញថា ក្នុង​ឆ្នាំ ២០២១ គម្រោង​សាងសង់​នៅ​ទូទាំង​ប្រទេស​ចំនួន ៤ ៣០៣ គម្រោង ដែលមាន​ផ្ទៃក្រឡា​កម្រាល​សំណង់ ១២ ៩៩៨ ០៧២ ម៉ែត្រការ៉េ និង​មាន​ទុនវិនិយោគ​ប្រមាណ ៥ ៣៣៣ ៧៩៨ ៥២៥ ដុល្លារ ត្រូវបាន​អនុម័ត​។ ចំនួន​ទុនវិនិយោគ​នេះ​បើ​ធៀប​នឹង​ឆ្នាំ ២០២០ គឺ​ថយចុះ ៣១,២១ ភាគរយ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍